ត្រៀមៗ! ក្រសួងប្រកាសថា ស្អែកនេះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹង…

នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖

“លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ សម្រាប់​មណ្ឌល​រាជធានីភ្នំពេញ និង​មណ្ឌលខេត្តកណ្ដាល នឹងប្រកាសនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩

ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់ ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។

គណៈកម្មការស្រង់បូកពិន្ទុទាំងអស់ គោរពតាមបទបញ្ញត្តិបានល្អ និងអនុវត្តតាមកម្រងភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដំណើរការស្រង់បូកពិន្ទុបានប្រព្រឹត្តិទៅ ដោយមានកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច។

លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩៕”៕

ដកស្រង់ដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖  ក្រសួងអប់រំ យុវជន និងកីឡា