កូនខ្មែរគួរដឹង! ប្រវត្តិរូបសង្ខេបបុគ្គល៨រូប ដែលជាវីរបុរសខ្មែរដ៏ល្បីល្បាញបំផុតនៅកម្ពុជា

កំពូលប្រវត្តិបុគ្គលដែលល្បីល្បាញចំនួន ៨ រូប ដែលមានប្រវត្តិជូរចត់ និងមានស្នាដៃជាច្រើនសម្រាប់កូនខ្មែរជំនាន់ក្រោយ តោះអានទាំងអស់គ្នាដូចខាងក្រោមនេះ៖

១) ប្រវត្តិលោក គង្គ ប៊ុនឈឿន ជាកវីម្ចាស់ស្ទឹងសង្កែ

  • កំណើត៖ លោក គង្គ ប៊ុនឈឿន កើតនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ១៩៣៩ ដែលមានស្រុកកំណើតនៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ហើយបាត់បង់ជីវិតនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៦ ប្រទេសន័រវេស។ លោកមានឪពុកឈ្មោះ គង្គ ឈិន (ស្រុកកំណើតនៅខេត្តតាកែវ) និងម្តាយឈ្មោះ ម៉រ ភឹង (ស្រុកកំណើត ខេត្តបាត់ដំបង)។

  • ប្រវត្តិការងារ៖ លោកតា គង្គ ប៊ុនឈឿន ធ្លាប់ធ្វើជាអ្នកកាសែត, អ្នកដឹកនាំសម្តែង, អ្នកនិពន្ធពាក្យរាយកាព្យ ចម្រៀង កំណាព្យ, អ្នកនិពន្ធបទភ្លេង, អ្នកគូរគំនូរ, កម្មករសំណង់ និងជាអ្នកលក់សាច់។

លោកតា​ គង្គ ប៊ុនឈឿន និងភរិយា

  • ប្រវត្តិសិល្បះ៖ លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។ លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គំនូរអប់រំផងដែរ។ នៅឆ្នាំ ២០០០ លោកជាអ្នកនិពន្ឋជនជាតិខ្មែរ ទី ២ បន្ទាប់ពី ឯកឧត្តម ពេជ្រ ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ឋក្របខ័ណ្ឌអាស៊ាន ។ លោកត្រូវបាន អ្នកនិពន្ឋខ្មែរទាំងឡាយ ចាត់ទុកជា អ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុក នូវស្នាដៃផ្នែកតែងនិពន្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និង ចម្រៀងសម័យដើម ដែលមាន អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត អ៊ឹង ណារី រស់ សេរីសុទ្ឋា ប៉ែន រ៉ន និង អ្នកចម្រៀងល្បីៗ ជាច្រើនរូបទៀត បានបកស្រាយ ហើយស្នាដៃទាំងអស់នោះ នៅតែស្ថិតក្នងមនោសញ្ចេតនា អ្នកអាន និងអ្នកស្តាប់រហូតមកដល់សព្ឋថ្ងៃនេះ។

២) ប្រវត្តិសង្ខេបសម្តេចព្រះ​មហាសុមេធាធិបតី​ ជួន ណាត

  • កំណើត៖ សម្តេចព្រះ​មហាសុមេធាធិបតី​ជួន ណាត ប្រសូត​នៅ​ថ្ងៃ​អង្គារ ​ទី​ ១១ ខែមីនា ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំ​រៀង សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ព្រះ​បិតា​នាម​ជួន ព្រះ​មាតា​នាម  យក់ ។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​គត់​គឺ​សម្តេច និង​ឧក​ញ៉ាសោ​ភ​ណ​មន្ត្រី​ ជួន នុ​ត ។ សម្តេច ជួត ណាត បានសុគត នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ដោយជរាពាធ។

  • ប្រវត្តិការសិក្សា៖ សម្តេច ជួន ណាត កាល​នៅ​​កុមារ​បាន​សិក្សា​អក្សរ និង​លេខ​ដរាប​ដល់​ជន្មាយុ​ ១៤​ ឆ្នាំ បាន​បួស​ជា​សាមណេរ នៅខែ ឧសភា ឆ្នាំ ១៨៩៧ បួសជាសាមណេរនៅវត្តពោធិព្រឹក្ស (​ហៅ​វត្ត​ពោល្យំ​) សង្កាត់​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ សម្តេច ជួន ណាត បានបួស​ជា​សាមណេរ​បាន​ពីរ​ឆ្នាំ ហើយបាន​ចូល​សិក្សា​ព្រះ​បរិយត្តិ​ធម៌​នៅ​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ​ជន្មាយុ​គ្រប់​ ២១​ ឆ្នាំ បាន​ទៅ​សូម​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ខែមិថុនា ឆ្នាំ១៩០៤។

  • ប្រវត្តិការងារ៖ សម្តេច ជួន ណាត ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ​កាន់​កិច្ចការ​ផ្ទាល់ នៅឆ្នាំ ១៩១៩, ឆ្នាំ ១៩២៥ សម្តេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សេចក្តី​ខុស​ត្រូវ​នៃ​សៀវភៅ​នានា​ដែល​សាលា​បាលី​ជាន់ខ្ពស់​បោះពុម្ពផ្សាយ, ឆ្នាំ១៩២៦ ជា​មេ​ប្រយោគ​ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនបត្រ​បឋម​សិក្សា​ខ្មែរ និង​សញ្ញាបត្រ​បឋម​សិក្សា​ជាន់ខ្ពស់​បារាំង​-​ខ្មែរ នៅ​ក្រុងភ្នំពេញ, ឆ្នាំ១៩២៧ ​ជា​សមាជិក​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​វចនានុក្រម​ខ្មែរ ហើយបាន​ទទួល​ធ្វើ​វចនា​នុ​ក្រុម​តែ​មួយ​ព្រះ​អង្គ​ឯង​ដរាប​ដល់​បាន​ចប់​សព្វគ្រប់ បាន​បោះពុម្ពផ្សាយ​ទាំង​ភាគ​ ១ និង​ភាគ ​២, ឆ្នាំ១៩២៧ ជា​សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្តាច់​ឆ្នាំ​សម្រាប់​ព្រះរាជ​បណ្ណាល័យ​កម្ពុជា, ឆ្នាំ១៩៣០ ជា​ចាងហ្វាង​រង​នៃ​សាលា​បាលី​ជាន់ខ្ពស់​ក្រុងភ្នំពេញ, ឆ្នាំ១៩៣០ ​ជា​សមាជិក​ជំនួយ​នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​, ឆ្នាំ១៩៣២ ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យពេចន៍​ក្នុង​ផ្ទៃ​នៃ​កវីនិពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំងនេះ​ទៅ​ក្នុង​វចនានុក្រម​ខ្មែរ, ឆ្នាំ១៩៣៣ ​​ជា​សមាជិ​ក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សាធិការ​ជាតិ​បោះពុម្ពផ្សាយ, ឆ្នាំ១៩៣៤ ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ, ឆ្នាំ១៩៣៥ ​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសាបាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទីបំផុត​នៃ​មធ្យមសិក្សា​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្រុងភ្នំពេញ, ឆ្នាំ១៩៤២ ជា​ចាងហ្វាង​នៃ​សាលា​បាលី​ជាន់ខ្ពស់ ក្រុងភ្នំពេញ (​ពុទ្ធិកវិទ្យាល័យ ព្រះ​សុរា​ម្រឹត​), ឆ្នាំ១៩៤៤ ​ជា​ចៅអធិការ​វត្ត​ឧណ្ណាលោម, ឆ្នាំ១៩៤៥ ​ជា​អធិបតី​នៃ​ថេរ​សភា​គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​ព្រះសង្ឃ, ឆ្នាំ១៩៤៧ ​ជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌ ផ្នែក​អក្សរ (​ក​) នៃ​គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា, ឆ្នាំ១៩៤៨ ​ជា​ប្រធាន​នៃ​គណៈកម្មការ​ធម្ម​វិន័យ ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្ម​វិន័យ ក្នុង​ព្រះរាជាណាចក្រ, ឆ្នាំ១៩៦១ រហូត​មក សម្តេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ ធ្វើ​ជា​ប្រធាន​នៃ​ការ​សម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​សំឡេង​វិទ្យុជាតិ​រាល់ថ្ងៃ​សុក្រ, ឆ្នាំ១៩៦៨ ទ្រង់​ទទួល​ព្រះ​ឋានៈ​ជា​ព្រះប្រធាន​នៃ​គណៈកម្មការ​ពិនិត្យ​ស្នាដៃ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ, ឆ្នាំ១៩៦៩ ជា​ព្រះប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ និង១៩៦៩ ​ជា​ព្រះប្រធានគណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ។

  • គ្រឿង​ឥស្សរិយយស សម្តេច ជួន ណាត ទទួលបានមេដាយ​អស្សរឹទ្ធិ​មុនី​សារា​ភរ​ណ៍នៅឆ្នាំ ១៩១៧, ឆ្នាំ ១៩៣២ មេដាយ​អស្សរឹទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា, ឆ្នាំ១៩៣២ មេដាយ​អស្សរឹទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ​, ឆ្នាំ១៩៣៧ មេដាយ​សេនា​នៃ​បណ្ឌិត្យសភា សាធារណរដ្ឋ​បារាំង, ឆ្នាំ១៩៤២ មេដាយ​អស្សរឹទ្ធិ ដឺ​ឡា​ឡេ​ស្យុ​ង ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង, ឆ្នាំ១៩៤៤ មេដាយ​សេនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា, ឆ្នាំ១៩៤៨ មេដាយ​សេនា​ដឺ​ឡា​ឡេ​ស្យុ​ង​ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង​, ឆ្នាំ១៩៤៨ មេដាយ​សេនា​ដឺ​ឡា​ឡេ​ស្យុ​ង​ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង, ឆ្នាំ១៩៦២ មេដាយ​មហា​សិរី​វឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា, ឆ្នាំ១៩៦៣ មេដាយ​មហា​សិរី​វឌ្ឍន៍​សុ​វត្ថា​រា និងឆ្នាំ១៩៦៩ មេដាយ​ជា​តូប​ការ​ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

៣) ប្រវត្តិសង្ខេបលោក​ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ

  • កំណើត៖ លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែ​វិច្ឆិកា ឆ្នាំ​១៩២៦ ទីកន្លែងកំនើតនៅ​ស្រុក​រាម​ (​ជំនាន់​នោះ​) ក្នុង​ខេត្ត​កំពត​ លោកតាមានកូនប្រុស​ ៣​ នាក់ និង​កូនស្រី ​៣ ​នាក់​ តែកូនប្រុស​ស្រី​ចំនួន​ ៥​ នាក់ កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​បារាំង ខណៈ​កូនស្រីពៅ កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។

  • ប្រវត្តិការសិក្សា៖ លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បាន​ទទួល​សញ្ញាបត្រ​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញឆ្នាំ១៩៤៤។ឆ្នាំ១៩៤៦​ បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​ផ្នែក​ច្បាប់​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បន្ទាប់ពី​សិក្សា​នៅ​ទីនោះ​ រយៈពេល​មួយ​ឆ្នាំ លោក​បាន​ប្ដូរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស​។ បន្ទាប់មកលោកតាបានបន្ត​សិក្សា​នៅ Arretche studio ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ជាមួយ​នឹង​ចំណេះដឹង និង​ទេពកោសល្យ​ដែល​មាន​ការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។

  • ប្រវត្តិការងារ៖ លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ ជា​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា​ឆ្នាំ១៩៥៦, ឆ្នាំ១៩៦៥-១៩៦៧ ជា​ព្រឹទ្ធបុរស​ទី​ ១​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​, ឆ្នាំ១៩៩៣ ជាទីប្រឹក្សា​របស់​រាជរដ្ឋាភិបាល​។​ លោកធ្វើការអោយ UN Human Settlements Program រយៈពេល ១០ឆ្នាំ ហើយលោកតាបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និង សំនង់។ នៅឆ្នាំ ២០០២ ធ្វើជាប្រធាន​អាជ្ញាធរ​អប្សរា និងធ្វើជា​ឧត្តមទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សីហនុ។

៤) ប្រវត្តិសង្ខេបលោក ញ៉ុក ថែម

  • កំណើត៖ លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង តាមប្រភពមិនច្បាស់លាស់ លោក ញ៉ុក ថែម បានស្លាប់នៅឆ្នាំ ១៩៧៤។
  • ប្រវត្តិការសិក្សា៖ លោក ញ៉ុក ថែម មានអាយុប្រមាណ​ ១០​ ឆ្នាំ បានសិក្សា​អក្សរសាស្ត្រ​ភាសាជាតិ និង ពុទ្ធសាសនា​ក្នុង​សំណាក់​ព្រះគ្រូ​អាចារ្យ សន ដែល​ត្រូវជា​ជីតា នៅ​នាវ​ត្ត​ពោធិ​វាល សង្កាត់​សង្កែ ស្រុក​សង្កែ ខេត្តបាត់ដំបង។ អាយុ ១៥ ឆ្នាំ បួសជាសាមណេរវត្ត​ពោធិ​វាល ហើយវ័យ ​១៦ ​វស្សា បន្ត​មុខវិជ្ជា​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​បាងកក ប្រទេស​សៀម ដោយ​ធ្វើដំណើរ​តាម​រទេះគោ​ជាមួយ​ពួក​ឈ្មួញ។ ប្រមាណ​ជា​ ១០​ ថ្ងៃ​បាន​ទៅដល់​ខេត្តប​ស្ចឹ​ម​បូរី ប្រទេស​សៀម បន្ទាប់មក​សាមណេរ​យើង​បាន​ចុះ​កប៉ាល់​បន្តដំណើរ រួច​ឡើង​រទេះភ្លើង​នៅ​ខែត្រ ប៉ែត​រិ​វ លុះ​ជិត​ព្រលប់​ទើប​ទៅដល់​ទីក្រុង​បាងកក ។ ពួក​ឈ្មួញ បាន​នាំ​សាមណេរ ញ៉ុ​ក ថែម ទៅ​ស្នាក់​សិក្សា​នៅក្នុង​វត្ត​ព្រះ​កេតុ នា​កុដិ​លោកគ្រូ មហា​យ៉ៅ​រ៍ ជា​ព្រះសង្ឃ​ខ្មែរ​១​អង្គ​ដែល​បាន​គង់នៅ​ស្រុក​សៀម​យូរ​ឆ្នាំ​មកហើយ ។ ឆ្នាំ១៩២១ ​ប្រឡង​ជាប់​ធម្ម​វិន័យ​ថ្នាក់​ត្រី, ឆ្នាំ១៩២៣ ប្រឡង​ជាប់​ធម្ម​វិន័យ​ថ្នាក់​ទោ, ហើយវ័យ ២១ វស្សា ​ជា​ភិក្ខុភាវៈ​ក្នុង​វត្ត​ព្រះ​កេតុ, ឆ្នាំ១៩២៩ ​ប្រឡង​ជាប់​ជា​ផ្លូវការ​នូវ​សញ្ញាបត្រ​មហា​ប្រាំ​ប្រយោគ ដែលជា​ថ្នាក់​ខ្ពស់បំផុត​ផ្នែក​ភាសាបាលី​, ឆ្នាំ១៩៣០ ត្រឡប់មក​មាតុប្រទេស​វិញ​ហើយ​បាន​ធ្វើជា​សមាជិក​ក្រុម​ជំនុំ​បកប្រែ​ព្រះ​ត្រៃបិដក និងឆ្នាំ១៩៣៦ បាន​លាចាក​សិក្ខាបទ។

  • ប្រវត្តិការងារ៖ លោក ញ៉ុក ថែម ជា​អ្នកប្រាជ្ញ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង ផ្នែក​ពុទ្ធសាសនា, ជា​សាស្ត្រាចារ្យ​ភាសាបាលី, អ្នកនិពន្ធ​ជា​ភាសា​ខ្មែរ បាលី ថៃ, ជា​និពន្ធ​នាយក​ទស្សនាវដ្ដី  កម្ពុជសុរិយា, តំណាង​របស់​នាយិកា​ពុទ្ធសាសនបណ្ឌិត្យ, ធ្វើការ​ដើម្បី​ទាមទារ​យក​ទឹកដី​ពី​សៀម, ជាសមាជិក​ក្រុម​ការទូត​ឥណ្ឌូចិន, សមា​ជិ​ក្រុម​បកប្រែ​ព្រះ​ត្រៃបិដក​, ស្ថាបនិក​សមាគម​អ្នកនិពន្ធ​ខ្មែរ, ឆ្នាំ១៩៣៩ ​ធ្វើជា​និពន្ធ​នាយក​ទស្សនាវដ្ដី កម្ពុជសុរិយា, ដើមខែកុម្ភៈ ១៩៣៩ ធ្វើជា​ព្រះរាជតំណាង​សម្តេច​ព្រះរាជ​អយ្យកោ នរោត្តម សុធារស ព្រះអធិបតី នៃ ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា, ឆ្នាំ១៩៤៣ ជា​តំណាង​របស់​អគ្គលេខាធិកា​រ​ពុទ្ធសាសនបណ្ឌិត, ឆ្នាំ១៩៤៥ ជា​អ្នកការទូត​សហភាព​ឥណ្ឌូចិន បារាំង​សេស​នៅ​ព្រៃនគរ និងជា​អ្នកបកប្រែ​ភាសា​ថៃ​-​បារាំង​-​ខ្មែរ ក្នុង​វិទ្យុ​នៃ​ក្រុង​នោះ​ ដើម្បី​ទាមទា​ដែនដី​បាត់ដំបង និង សៀមរាប ពី​សៀម​មកឱ្យ​ខ្មែរ​វិញ, ឆ្នាំ១៩៤៦ ធ្វើការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ និង បង្រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ, ខែមករា ​១៩៤៧ ជាស​មា​ជិ​ក្រុម​ជំនុំ​ក្រុម​វប្បធម៌, ឆ្នាំ១៩៥០ ក្រសួងអប់រំជាតិ តែងតាំង ជា​សាស្ត្រាចារ្យ, ឆ្នាំ១៩៥៧​ ជា​សាស្ត្រាចារ្យ​ឧ​ត្ត​ម​កិត្តិយសនៃវិទ្យាស្ថាន​គរុកោសល្យ ក្នុងមហាវិទ្យាល័យ​អក្សរសាស្ត្រ និង មនុស្សសាស្ត្រ ព្រមទាំង​ពុទ្ធិកមហាវិទ្យាល័យ, ឆ្នាំ១៩៥៦ ​ជា​ស្ថាបនិក​មួយរូប នៃសមាគម​អ្នកនិពន្ធ​ខ្មែរ (ឯកសារខ្លះថា នៅឆ្នាំ១៩៥៥)។

៥) ប្រវត្តិសង្ខេបលោកបណ្ឌិត កេង​ វ៉ាន់សាក់

  • កំណើត៖ លោកបណ្ឌិត កេង វ៉ាន់សាក់ បានកើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ និងស្លាប់នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៨ ​ដោយ​សារ​ជំងឺ​ទឹក​ចូល​សួត។ លោកបណ្ឌិត កើតនៅស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង ដែលមានឪពុកឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មាន​វ័យ​ចម្រើន​ធំធាត់​នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមា្តយឈ្មោះ ហម អ្នក ជាអ្នកខេត្តពោធិ៍សាត់ ជាប់​សែ​ស្រឡាយ​ជា​ញាតិ​វង្ស​ទៅ​នឹង​ម្ចាស់​ក្សត្រី​មល្លីកា ព្រះមហេសី​នៃ​ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ។

  • ប្រវត្តិនយោបាយ៖ លោកបណ្ឌិត កេង វ៉ាន់សាក់ បានធ្វើសកម្មភាពផ្សេងៗក្នុងឆាកនយោបាយ និងអក្សរសាស្រ្ដបានបណ្ដាលទុក្ខកង្វល់​ដល់​ក្រុម​គ្រួសារ​ និង​ខ្លួន​លោក​ផ្ទាល់​ជាច្រើនលើក។ នៅពេលអាយុ ៣០ ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើម​ឡើង​នៅ​ព្រលប់​មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ឆ្នោត​គណបក្ស​សង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ដាក់​ផែន​ការ​បាញ់សម្លាប់មេដឹកនាំ និងបេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុង​ក្រសួង​ចារកម្ម​ម្នាក់ ឈ្មោះ ជ័យ សុផល។ នៅអាយុ ៣៧ ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុង​បទ​សង្ស័យ​ថា​បាន​ធ្វើ​ឲ្យ​មានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិ ពេល​លោក​ធ្វើ​ជា​សាស្រ្ដា​ចារ្យ​អក្សរ​សាស្រ្ដ​ខ្មែរនៅពុទ្ធិកៈមហា​វិទ្យាល័យ​ព្រះសីហនុរាជ។ លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជា គឺជា បុគ្គលិក​សិក្សា​លេខ​រៀង​ទី ១​ ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោក​មើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាក​ផុត​ពី​ការ​ត្របាក់​យក​នៃពួកបរទេសឡើយ។ ទោះ​បី​យ៉ាង​ណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែង​បាន​ចូល​ប្រឡូក​នឹង​ការ​ប្រែ​ប្រួល​របស់​ប្រទេស​ជាតិ​សឹង​តែ​គ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និង​ចលនា​នយោបាយ​ចម្រើន​ជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាត សម្លាប់​មនុស្ស​រាប់​លាន​នាក់​នា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង។ ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពី រឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំង ប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។ វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះ ទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យ និងភាពដែលអាចធ្វើទៅបានតាមការគួរ។ ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីត​ប្រធាន​រដ្ឋសភា​នៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។

៦) ប្រវត្តិសង្ខេបលោកតា ក្រម ង៉ុយ

  • កំណើត៖ លោកតា ក្រម ង៉ុយ កើតនៅឆ្នាំ ១៨៦៥ ភូមិអណ្តូងស្វាយ ឃុំកំបូល ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយបង់បាត់ជីវិតនៅឆ្នាំ ១៩៣៦ ដោយសារជំងឺទាល់លាមក។ លោកតា ក្រម ង៉ុយ បានរៀនការជាមួយលោកស្រី អ៊ិន ដោយទទួលបានកូនប្រុសចំនួន ៦ នាក់ ដែលមានឈ្មោះ ដូង, ចិន, ចា, ចេង, ចុង និង ចេវ។ លោកតា ក្រម ង៉ុយ មានឪពុកឈ្មោះ អ៊ុក ជាមេឃុំកំបូលដែលមានគោរម្យងារជាចៅពញា ធម្មធារា និងម្តាយឈ្មោះ អៀង។

  • ប្រវត្តិការសិក្សា៖ វ័យកុមារ បានរៀនលេខនព្វន្តអក្សរសាស្រ្តនៅវត្តបឹងចក ភូមិបែកស្គរ ​​​ ឃុំបែកចាន ហើយនៅអាយុ  ២១ ឆ្នាំ លោកតាបានបំពេញឧបសម្បទាជាភិក្ខុ ដោយបានរៀនធម៌អាថ៌  និងរៀនប្រែ ព្រះត្រៃបីដកនៅវត្តបឹងចករយៈពេល ០៥ ឆ្នាំ។ 

  • ប្រវត្តិការងារ៖ បួសជាភិក្ខុបាន ៥ ឆ្នាំ បានលាចាកសិក្ខាបទ មកជួយធ្វើការឪពុក ងារជាក្រុមផង និងជាស្មៀនផង បន្ទាប់មកលោកតាបានលាឈប់ពីរាជការ ហើយរស់នៅជាកសិករធម្មតា។ លោកតា ជាអ្នកច្រៀងខ្សែដៀវ និងអ្នកទេសនាដ៏ល្បីល្បាញ ព្រមទាំងបានចូលបម្រើក្រុមភ្លេងព្រះបរមរាជវំាង ងារជា “ង៉ុយ ឬក្រមង៉ុយ”។

៧) ប្រវត្តិសង្ខេបព្រះអាចារ្យ​ហែម ចៀវ ជាវីរបុរសជាតិខ្មែរ

  • កំណើត៖  ព្រះអាចារ្យ​ហែម ចៀវ ប្រសូត្រនៅថ្ងៃឆ្នាំ ១៨៩៨-១៩៤៣​ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) ឃុំដំបូកមានលក្សណ៍ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ ព្រះអាចារ្យ ហែម ចៀវ ឪពុកឈ្មោះ ហែម ជាមេស្រុកដំបូកមានលក្ខណ៍ និងម្តាយឈ្មោះ ទីវ។
  • ប្រវត្តិការសិក្សា៖ ព្រះអាចារ្យ​ហែម ចៀវ កាលពីអាយុ ១២ ឆ្នាំ បានរៀនសូត្រអក្សរសាស្ត្រខ្មែរជាមួយព្រះសង្ឃសត្ថា ជួន ណាត វត្តឧណ្ណាលោម, បានបួសជាសាមណេរ ក្នុងអាយុ ១៦ ឆ្នាំ, បានបំពេញជាឧបសម្បទាជា ភិក្ខុភាវៈ ក្នុងវត្តលង្កា នៅពេលអាយុ ២០ ឆ្នាំ, បានចូលរៀន សាលាបាលីជាន់ខ្ពស់ រយៈពេល ៧ ឆ្នាំ, បានប្រលងជាប់យកសញ្ញាបត្រឌីប្លូម សាលាបាលីជាន់ខ្ពស់ ជាប់លេខ ៦ ខាងភាសាបាលី។

  • ប្រវត្តិការសិក្សា និងនយោបាយ៖ ព្រះអាចារ្យ​ហែម ចៀវ បានបង្រៀនអក្សរសាស្រ្តខ្មែរ នៅខេត្តកំពត នៅឆ្នាំ ១៩២៧ ដោយបង្រៀនរយៈពេល ៦ ឆ្នាំ, ជាសាស្រ្តាចារ្យ នៅសាលាបាលីជាន់ខ្ពស់, តែងតែទេសនាបញ្ចេញគំនិតបដិវត្តន៍ មានទាំងទេសនានៅបន្ទាយទាហានខ្មែរ ឲ្យភ្ញា់ក់រលឹក​, និមន្តទៅអប់រំខ្មែរស្រុកស្រែចំការជាញឹកញយ ដើម្បីសុំធ្វើការឧបត្ថម្ភពីប្រជារាស្រ្តគ្រប់មធ្យោបាយ ទាំងផ្លូវចិត្ត និងផ្លូវសម្ភារៈ, លោក ទា សាន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និធម្មការ បានឲ្យ លោក ជុំ មួង (លេខារបស់លោក ទា សាន)  ទៅនិមន្ត ភិក្ខុ ហែម ចៀវ។ តែពេលនិមន្តមកដល់ លោក ទា សាន បានបញ្ជាឲ្យផ្លាស់ស្បង់ចីពរពីខ្លួន រួចស្លៀកខោអាវធម្មតា បន្ទាប់មកបារាំងនាំខ្លួនបាត់ទៅ។

៨) ប្រវត្តិសង្ខេបលោក នូ​ ហាច

  • កំណើត៖ លោក នូ ហាច កើតនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​១៩១៦ ដែលមានស្រុកកំណើតនៅឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ហើយប្រហែលបាត់បងជីវិតក្នុងរបបខ្មែរក្រហម​បាន​សម្លាប់​ក្នុងឆ្នាំ១៩៧៥។ លោក នូ ហាច ជា​កូនច្បង និង​មាន ប្អូន​ៗ​ច្រើន​នាក់​ទៀត (​ប្អូនស្រី​ ៣​ នាក់) និងមានឪពុក​ឈ្មោះ ​ឃួ​ន នៅ និង​ម្តាយ​ឈ្មោះ ឱរ មួ​ច ដែលពួក​គាត់​ជា​កសិករ។ លោក នូ ហាច បានរៀបការជាមួយ​អ្នកស្រី​ តាន់ រ៉េ​ម ដោយមានកូន​ចំនួន​ ៨​ នាក់ ហើយបច្ចុប្បន្ន កូន​ៗ​របស់​លោក​មួយ​ចំនួន​កំពុងរស់នៅ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី។
  • ប្រវត្តិការសិក្សា៖ លោក នូ ហាច បានចូលរៀននៅសាលា​បឋម​សិក្សា​វត្ត​កំពង់ព្រះ ដែល​មាន​គ្រូ​ជា​ព្រះសង្ឃ ហើយនៅឆ្នាំ ១៩៣២ ប្រឡង​ជាប់​ចូល​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ រាជធានី​ភ្នំពេញ ​ និងតស៊ូ​រៀនសូត្រ​រហូត​បាន​ទទួល​សញ្ញាបត្រ​កម្រិត​មធ្យមសិក្សា។

  • ប្រវត្តិការងារ៖ លោក នូ ហាច ទទួល​បាន​សញ្ញាបត្រ​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​មក បាន​ចេញ​ទៅ បំពេញការងារ​នៅ​ខេត្តសៀមរាប​ជា​ចៅក្រម។ នៅឆ្នាំ១៩៤៧ បាន​បាន​ធ្វើការ​ជា​អ្នក​បោះពុម្ពផ្សាយ​ឱ្យ​កាសែត ​កម្ពុជា ក្នុង​ក្រសួង​ព័ត៌មាន ហើយបន្ទាប់មកនៅឆ្នាំ១៩៤៨ ជា​លេខា​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី (​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ យុ​ត្តិ​វង្ស​) បន្ទាប់​វិល​មក​ធ្វើការ​ឱ្យ​ក្រសួងពត៌មាន​វិញ មាន​ឋានៈ​ជា ប្រធាន​នាយកដ្ឋាន។ នៅឆ្នាំ១៩៥២ ​ធ្វើការ​នៅ​ក្រសួងការបរទេស ជា​ប្រធាន​ផ្នែក​កិច្ចការ នយោបាយ​ការ​បរទេស ក្រោយមកជា​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំនៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប្រទេស​វៀតណាម និង​ជា​អ្នកតំណាង​ពិសេស​ប្រចាំអង្គការសហប្រជាជាតិ។ នៅឆ្នាំ១៩៥២ ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​គមនាគមន៍។ នៅថ្ងៃទី១៧ ខែមក​រា ឆ្នាំ​១៩៥៨ ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ (សមាគម​អ្នកនិពន្ធ​ខ្មែរ​កើតឡើង​នៅ​ឆ្នាំ ១៩៥៤ ដោយ​លោក​ រី​ម គី​ន)៕

 

ប្រមូលឯកសារដោយ៖ លោក ប៊ុត ហេង