បច្ចេកវិទ្យាថ្មី ដែលអាចជួលមនុស្សឲ្យធ្វើសកម្មភាពជំនួសបែបនេះបាន

ថ្វីត្បិតតែលុយមិនអាចទិញអ្វីៗបានទាំងអស់មែន ប៉ុន្តែលុយអាចប្រើដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់មនុស្សបានយ៉ាងច្រើន។ ពេលមានលុយអ្នកអាចប្រើវាដើម្បីធ្វើអ្វីមួយជំនួសអ្នកបាន អ្នកអាចជួលអ្នកដទៃឲ្យបើកបរជូនអ្នកពេលអ្នកមិនចង់បើកបរខ្លួនឯង អ្នកអាចកម្ម៉ង់អាហារមកដល់ផ្ទះដោយមិនចាំបាច់ចេញទៅខាងក្រៅ អ្នកអាចប្រើវាទិញសម្ភារៈមួយចំនួនមកជំនួសកិច្ចការងាររបស់អ្នក ហើយក៏មានបច្ចេកវិទ្យាចុងក្រោយមួយដែលអ្នកអាចប្រើលុយដើម្បីជួលមនុស្សមករស់នៅជំនួសអ្នកបានផងដែរ។

នោះគឺ Human Uber ដែលជាបច្ចេកវិទ្យាមួយដែលអាចអនុញ្ញាតឲ្យអ្នកជួលមនុស្សម្នាក់ផ្សេងទៀតមកធ្វើសកម្មភាពអ្វីមួយជំនួសអ្នកបាន។ នៅពេលដែលអ្នករវល់មិនបានទៅចូលរួមការប្រជុំ ពិធីជប់លៀង និងការណាត់ជួបផ្សេងៗនោះអ្នកនឹងអាចជួលមនុស្សម្នាក់ទៅជំនួសអ្នកបាន។ ដោយមនុស្សម្នាក់នោះនឹងពាក់ស្រោមមុខម្យ៉ាងដែលគេបានស្កែនយកទម្រង់មុខរបស់អ្នកដើម្បីផ្ដិតជាប់នៅលើស្រោមមុខនោះ ដោយមានទាំងសម្លេង និងចលនាមុខមាត់របស់អ្នកទាំងអស់ដូច្នេះទោះបីជាអ្នកមិនបានទៅផ្ទាល់ក៏វាហាក់ដូចជាមានវត្តមានរបស់អ្នកផងដែរ។

Human Uber ត្រូវបានបង្កើតើងដោយអ្នកស្រាវជ្រាវជប៉ុនម្នាក់ឈ្មោះ Jun Rekimoto។ បច្ចេកវិទ្យានេះមានគោលបំណងអនុញ្ញាតឱ្យនរណាម្នាក់មកធ្វើសកម្មភាពជំនួសអ្នកបានដោយស្លៀកសម្លៀកបំពាក់និងធ្វើអាកប្បកិរិយាតាមការណែនាំរបស់អ្នក។ ម៉្យាងទៀតអ្នកនឹងអាចអង្គុយនៅផ្ទះមើលព្រឹត្តិការណ៍តាមរយៈកុំព្យូទ័រយួរដៃរបស់អ្នកនិងប្រើកាមេរ៉ាដើម្បីទំនាក់ទំនងជាមួយមនុស្សដែលធ្វើសកម្មភាពជំនួសអ្នកបានទៀតផង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ screenpost