ភ្ញាក់ផ្អើល! មនុស្ស​ខ្មែរ​សម័យ​បុរាណ​បានបន្សល់បណ្ដាសា​រដល់​អ្នក​បំផ្លាញប្រាសាទ នៅលើសិលាចារឹក

កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៩ ​នៅ​ប្រាសាទ​ត្រពាំង​ព្រៃ​ ចម្ងាយ​១២គីឡូម៉ែត្រ​ខាង​កើតភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី នៃខេត្តក្រចេះ លោក​បណ្ឌិត​ ធុយ ចាន់ធួន បាន​ដឹកនាំក្រុម​អ្នក​ស្រាវ​ជ្រាវសម្ភុបុរៈ​ធ្វើការរកឃើញសិលា​ចារឹក​ថ្មី​មួយ​​។ ​ដោយក្នុង​សិលាចារឹក​បាន​និយាយពី​ដង្វាយ និង​ការ​ដាក់បណ្ដាសា​ដល់​ជន​ទាំងឡាយ​ណាដែល​ហាន​មក​បំផ្លាញ​​ផង​ដែរ។​

សិលាចារឹក​នេះ​​បាន​ប្រ​គល់​ជូន​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ក្រចេះកាលពី​ថ្ងៃទី​១២​ ខែមេសា ឆ្នាំ២០១៩។ ហើយ​សិលាចារឹកនេះមាន​បណ្ដោយ​១,៧៦ម៉ែត្រ ទទឹង​០,៤៦​ម៉ែត្រ និង​កម្រាស់មួយ​តឹក មាន​អក្សរ​ចំនួន​២២ជួរ។

លោក​ធុយចាន់ ធួន បាន​ដក​ស្រង់សម្ដី​របស់​លោក​​វង់​ សុធារ៉ា សាស្រ្តាចារ្យ​ផ្នែកសិលាចារឹក​ និងលោក​សាស្រ្តាចារ្យ ហ៊ុន ឈុនតេង អ្នកបក​ប្រែ សិលាចារឹកនេះ​ថា​ សិ​លាចារឹក​មួយ​ផ្ទាំងនេះ​ទំនងចារនៅអំឡុង​សត​វត្សទី៧នៃគ.ស. ដោយ​ផ្អែក​តាម​តួរអក្សរ​បុរាណ។

បណ្ឌិតធុយ ចាន់ធួន ​អ្នក​ជំនាញ​បាន​បកប្រែ​ថា​សិលាចារឹកនេះ​ចារឡើង​ក្នុង​គោល​ដៅ​ថ្វាយនូវ​ដង្វាយ​ដល់អាទិទេព​ព្រហ្មញ្ញសាសាន ​ស្រី​ព្រឹទ្ធេស្វរៈ និកាយព្រះឥសូរ។ ហើយ​ដង្វាយ​ទាំងនោះមាន​ដូច​ជា​​ប្រេងចន្ទ បន្លែ ស្លា ខ្ញុំ​បម្រើ ច្បារដំណាំ គោ និង​ស្រែជាដើម។

ពាក្យបណ្ដាសាដល់​អ្នកណា​ដែល​មក​បំផ្លាញ​ឲ្យ​ធ្លាក់​នរក​២៧​ជាន់ ដរាបណា​នៅ​តែមាន​ព្រះអាទិត្យ និង​ព្រះ​ចន្ទ ដែលបានបញ្ជាក់ក្រៅពីបញ្ជាក់ពី​ដង្វាយ​របស់សិលាចារឹក​នេះ​ ក៏បាន​និយាយពី​បាប​ដល់​អ្នក​ដែល​មាន​ចេតនា​រារាំង ឬបំផ្លាញ​ប្រាសាទ​នេះ ដោយ​បាន​ដាក់​បណ្តាសាដូចខាងលើ៕

 

ដកស្រង់ដោយ៖​លោក ប៊ុត ហេង

ប្រភព៖ pressnews