តោះមកដឹងពី ១៦ ចំនុចនៃភ្នាក់ងារ​សម្ងាត់​ចាំ​ការពារ​ប្រធានាធិបតី​អាមេរិក

នៅ​ក្នុង​ភាពយន្ត អ្នក​ប្រាកដ​ជា​កត់​សម្គាល់​ឃើញ​ថា ភ្នាក់ងារ​សម្ងាត់​អាមេរិក​តែង​ពាក់​វ៉ែនតា​ខ្មៅ និង​មាន​កាស​ពាក់​នៅ​នឹង​ត្រចៀក។ យ៉ាង​ណា​មិញ នេះ​មិន​មែន​ជា​ការ​ពិត​ឡើយ ព្រោះ​ថា​នៅ​ក្នុង​ជីវិត​ពិត​អ្នក​មិន​ងាយ​ដឹង​ថា នរណា​​ម្នាក់​ជា​ភ្នាក់ងារ​សម្ងាត់​នោះ​ទេ។

រឿងរ៉ាវ​មួយ​ចំនួន​របស់​ភ្នាក់ងារ​សម្ងាត់​នៅ​តែ​ជា​មន្ទិលសង្ស័យ​សម្រាប់​មនុស្ស​ទូទៅ។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ Bright Side បាន​ទម្លាយ​រឿង​ពិត​ខ្លះៗ​អំពី​ភ្នាក់ងារ​សម្ងាត់​សហរដ្ឋ​អាមេរិក ដែល​មាន​ដូច​ខាង​ក្រោម៖

១) ពួក​គេ​មាន​គ្នា​ច្រើន​ជាង​អ្វី​ដែល​រំពឹង​ទុក​ទៅ​ទៀត

ប្រសិន​បើ​អ្នក​និយាយ​ពី​ភ្នាក់ងារ​សម្ងាត់ អ្នក​ប្រហែល​ជា​គិត​ថា ពួកគេ​មាន​ចំនួន​ប្រមាណ ១០០​នាក់ ឬ​តិច​ជាង​នេះ។ ប៉ុន្តែ​បើ​តាម​ការ​ពិត ពូក​គេ​មាន​គ្នា​ដល់​ទៅ ៦៥០០​នាក់​ឯណោះ។

២) ភ្នាក់ងារ​សម្ងាត់​មិន​ត្រឹម​តែ​ការពារ​ប្រធានាធិបតី​ម្នាក់​ប៉ុណ្ណោះ​ទេ

មិន​ត្រឹម​តែ​ប្រធានាធិបតី​នោះ​ទេ​ដែល​ទទួល​បាន​ការ​ការពារ​ពី​ក្រុម​ភ្នាក់ងារ​សម្ងាត់ ក្រុម​គ្រួសារ​របស់​ពួក​គេ​​ក៏​អ៊ីចឹង​ដែរ។ មិន​ថា ប្រធានាធិបតី​មុនៗ ឬ​ក្រុម​គ្រួសារ នៅ​តែ​ទទួល​បាន​ការ​ការពារ។ ភ្នាក់ងារ​សម្ងាត់​អាមេរិក ក៏​មាន​តួ​នាទី​ចាំ​ការពារ​ភ្ញៀវ​របស់​ប្រធានាធិបតី​ផង​ដែរ។

៣) សេវា​ការពារ​សម្ងាត់​ចែក​ចេញ​ជា ៣​ដំណាក់កាល

ភ្នាក់ងារ​សម្ងាត់​ទាំង​អស់ មិន​សុទ្ធ​តែ​អាច​ដើរ​ចេញ​ក្រៅ​ចាំ​ការពារ​ប្រធានាធិបតី​ទេ។ ពួក​គេ​ត្រូវ​ធ្វើ​ការ​នៅ​ការិយាល័យ​រយៈពេល​៣​ឆ្នាំ​មុន​សិន ទើប​អាច​ចេញ​បម្រើ​ភារកិច្ច​នៅ​ខាង​ក្រៅ​ដែល​មាន​រយៈពេល ៤-៧​ឆ្នាំ។ ពេល​ឡើង​ឋានៈ​បន្ត​ទៀត ពួក​គេ​ត្រូវ​ចូល​ធ្វើការ​នៅ​ការិយាល័យ​វិញ។

៤) ត្រូវ​ហ្វឹកហាត់​ឲ្យ​ចេះ​រង​គ្រាប់​កាំភ្លើង និង​ជំនាញ​នៅ​លើ​ទឹក

មុន​ពេល​ព្រឹត្តិការណ៍​សំខាន់ៗ ក្រុម​ភ្នាក់ងារ​សម្ងាត់​ត្រូវ​ហ្វឹកហាត់​ជា​និច្ច ដើម្បី​បង្ការ​រឿង​អាក្រក់​​ដែល​អាច​កើត​ឡើង ដូចជា​ការ​រង​គ្រាប់​កាំភ្លើង​ជា​ដើម។ គ្រប់​ភ្នាក់ងារ​សម្ងាត់ ត្រូវ​តែ​ហ្វឹកហាត់​ជំនាញ​អភិវឌ្ឍ​ខ្លួន​ម្ដង ក្នុង​រយៈពេល​៨​សប្ដាហ៍។

៥) ចេះ​ជំនាញ​សង្គ្រោះ​បន្ទាន់

ជំនាញ​សង្គ្រោះ​បឋម ពិត​ជា​ចាំបាច់​បំផុត​សម្រាប់​ពួក​គេ។ គ្រប់​ពេល​ប្រធានាធិបតី​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ពួក​គេ​តែង​ឆែក​មើល​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​បំផុត ដើម្បី​ការពារ​ទុក​នូវ​ហេតុការណ៍​អាក្រក់​ណា​មួយ​កើត​ឡើង។

៦) តែង​​យួរ​ប្លោក​ឈាម​ប្រធានាធិបតី​តាម​ខ្លួន

ប្លោក​ឈាម​ប្រធានាធិបតី​អាមេរិក ត្រូវ​ក្រុម​ភ្នាក់ងារ​សម្ងាត់​ដាក់​តាម​ខ្លួន រាល់​ពេល​ចេញ​ដំណើរ​ម្ដងៗ ជៀសវាង​ពេល​កើត​ហេតុការណ៍​អ្វី ត្រូវ​បញ្ចូល​ឈាម​ពី​អ្នក​ដទៃ។

៧) មាន​ឈ្មោះ​សម្ងាត់​សម្រាប់​ប្រធានាធិបតី​នីមួយៗ

ភ្នាក់ងារ​សម្ងាត់​​មិន​ហៅ​ឈ្មោះ​ពិត​របស់​ប្រធានាធិបតី​ឡើយ ជំនួស​មក​វិញ​ពួក​គេ​បាន​ប្រើ​ឈ្មោះ​សម្ងាត់​ផ្សេង​ពី​ឈ្មោះ​ពិត។

៨) ដាក់ Sensor បង្កប់​នៅ​ក្នុង​កម្រាល​ព្រំ​ការិយាល័យ​ប្រធានាធិបតី

ពេល​ប្រធានាធិបតី​ចង់​នៅ​ម្នាក់​ឯង​​ក្នុង​ការិយាល័យ ក្រុម​ភ្នាក់ងារ​សម្ងាត់​នៅ​តែ​អាច​ការពារ​បាន​ដដែល ព្រោះ​ថា នៅ​ក្រោម​កម្រាល​ព្រំ ឬ​ឥដ្ឋ ក្នុង​ការិយាល័យ​មាន​បង្កប់​នូវ Sensor អាច​ដឹង​ពី​ចលនា​ជន​សង្ស័យ ដែល​លួច​​ចូល​ទៅ​ក្នុង។

៩) ឧស្សាហ៍​បង្ហាញ​មុខ​ក្នុង​សកម្មភាព​កម្សាន្ត​របស់​ប្រធានាធិបតី

ក្នុង​នាម​ជា​ប្រធានាធិបតី គឺ​មិន​អាច​នៅ​តែ​ម្នាក់​ឯង​បាន​នោះ​ទេ។ គ្រប់​ពេល​ត្រូវ​មាន​អ្នក​ចាំ​ការពារ បើ​ទោះ​ជា​ទៅ​ហាត់​ប្រាណ ឡើង​ភ្នំ​លេង ឬ​ជិះ​ស្គី ជា​ដើម។

១០) ចាំ​តាម​ដាន​រាល់​សារ ឬ​សំបុត្រ​ផ្ញើ​មក​កាន់​ប្រធានាធិបតី

ភ្នាក់ងារ​សម្ងាត់​ត្រូវ​ចាំ​ឆែក​មើល​គ្រប់​សំបុត្រ ឬ​សារ​អេឡិចត្រូនិច ដែល​មាន​ការ​គំរាម​កំហែង​ដល់​ប្រធានាធិបតី។

១១) ថត​ទុក​រាល់​សកម្មភាព​ប្រធានាធិបតី

កាមេរ៉ា​ជា​ច្រើន ត្រូវ​បាន​ប្រើ​សម្រាប់​កត់​ទុក​នូវ​រាល់​សកម្មភាព​របស់​ប្រធានាធិបតី។

១២) ភ្នាក់ងារ​សម្ងាត់​មិន​បាន​ស្បថស្បែ​បូជា​ជីវិត​ដើម្បី​ប្រធានាធិបតី​នោះ​ឡើយ

ការ​ស្បថ​ស៊ូ​ស្លាប់​ដោយសារ​ម្ចាស់ មាន​តែ​នៅ​ក្នុង​ភាពយន្ត​ប៉ុណ្ណោះ។ បើ​តាម​ការ​ពិត​វិញ ក្រុម​ភ្នាក់ងារ​សម្ងាត់​មិន​ត្រូវ​គេ​តម្រូវ​ឲ្យ​ស្បថ​ស្មោះស្ម័គ្រ​ដល់​ជីវិត​ក្ស័យ​ទេ។

១៣) មាន​ភ្នាក់ងារ​សម្ងាត់​ម្នាក់​គត់ ដែល​បាន​ស្លាប់​ពេល​បំពេញ​បេសកកម្ម

ភ្នាក់ងារ​សម្ងាត់​ម្នាក់​ឈ្មោះ Leslie Coffelt ត្រូវ​បាន​គេ​សម្លាប់ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​១៩៥០ ខណៈ​ដែល​ព្យាយាម​ការពារ​ជីវិត​លោក​ប្រធានាធិបតី​អាមេរិក Harry Truman។

១៤) ក្រុម​ភ្នាក់ងារ​សម្ងាត់ ត្រូវ​បាន​បង្កើត​ឡើង ចំ​ថ្ងៃ​ស្លាប់​របស់​ប្រធានាធិបតី​អាមេរិក Lincoln

ការ​បង្កើត​ឲ្យ​មាន​ភ្នាក់ងារ​សម្ងាត់ ជា​គំនិត​របស់​លោក Hugh McCulloch ដែល​ជា​លេខាធិការ​រតនាគារ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​១៨៦៥។ នៅ​យប់​ថ្ងៃ​ខែ​ឆ្នាំ​ដដែល លោក​ប្រធានាធិបតី Abraham Lincoln ត្រូវ​គេ​បាញ់​ស្លាប់ នៅ​ក្នុង​រោង​ល្ខោន។

១៥) ភ្នាក់ងារ​សម្ងាត់ មិន​ដែល​ពាក់​វ៉ែនតា​ខ្មៅ​នៅ​ខាង​ក្រៅ

ធាតុ​ពិត​នៃ​ភ្នាក់ងារ​សម្ងាត់​គឺ​ខុស​ពី​រឿង​កុន​ដែល​ចាក់​បញ្ចាំង។ ពួក​គេ​មិន​ពាក់​វ៉ែនតា​ពណ៌​ខ្មៅ​ឡើយ ព្រោះ​អាច​មើល​អ្វី​មិន​សូវ​ឃើញ​ច្បាស់។

១៦) ដៃ​តែង​ត្រៀម​ទុក​ជា​និច្ច

ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​ឲ្យ​ច្បាស់ នោះ​អ្នក​នឹង​ឃើញ​ថា ដៃ​របស់​ភ្នាក់ងារ​សម្ងាត់​តែង​ដាក់​នៅ​ជិត​ចង្កេះ។ ការ​ធ្វើ​ដូច្នេះ​អាច​ធ្វើ​ឲ្យ​ពួកគេ​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ដក​អាវុធ​ចេញ​ទាន់​ពេល​វេលា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!