បើប្តីប្រពន្ធ មានផែនការទាំង៥នេះ មិនខ្វះឡានទំនើបជិះ និងផ្ទះវីឡារស់នៅនោះទេ

រៀបការ​ហើយ​មិនមែន​ឱ្យ​តែ​ចេះ​ស្រឡាញ់​គ្នា​ ​ចេះមើលថែ​គ្នា​ ​ចប់​រឿង​នោះ​ទេ​។​ ​អ្នក​ទាំងពីរ​ត្រូវ​មាន​បន្ទុក​ជាច្រើន​ ​ត្រូវ​ឆ្លងកាត់​ជីវិត​រួមគ្នា​ដ៏​យូរអង្វែង​មិនមែន​ត្រឹម​មួយថ្ងៃ​ពីរ​ថ្ងៃ​​។​ ​រៀបការ​ហើយ​រស់​បាន​សុខ​ស្រួល​ ​ឬ​ ​លំបាកលំបិន​ ​គឺ​អាស្រ័យ​លើ​ប្ដី​ប្រពន្ធ​ចេះ​រៀបចំផែនការ​បាន​ល្អ​។​ ​តទៅ​នេះ​ ​សូម​មក​ស្ដាប់​ពី​បទ​ពិសោធ​របស់​ជីវិត​ប្ដី​ប្រពន្ធ​មួយចំនួន​ ​ដែល​ទទួល​បាន​ជោគជ័យ​ ​ដូច​ខាងក្រោម​នេះ​ ​៖​ ​

១​)​ ​កំណត់​ផែនការ​ម្ដង​មួយ​ដំណាក់កាល​ ​

​ក្រោយ​រៀបការ​រួច​ប្ដី​ប្រពន្ធ​ត្រូវ​ពិភាក្សា​ទល់មុខគ្នា​អំពី​ផែនការ​គ្រួសារ​ទៅ​ថ្ងៃមុខ​ ​។​ ​ថា​តើ​រៀបការ​ហើយ​ ​ចង់​ធ្វើអ្វី​បន្ទាប់​ ​?​ ​ចង់​សង់ផ្ទះ​?​ ​ចង់​ទិញ​រថយន្ត​ ​?​ ​ចង់​មាន​របររកស៊ី​ផ្ទាល់ខ្លួន​ ​?​ ​ការកំណត់​ផែនការ​ ​គឺ​អាស្រ័យ​លើ​ស្ថានភាព​ដែល​អ្នក​ទាំងពីរ​កំពុង​ប្រឈម​ ​ថា​គួរ​ផ្ដល់​អាទិភាព​ដល់​ជម្រើស​ណាមួយ​មុនគេ​។​ ​បន្ទាប់មក​ត្រូវ​រៀបចំផែនការ​ហិរញ្ញវត្ថុ​ទៅតាម​លំដាប់លំដោយ​​។

​ ​២​)​ ​រៀបចំផែនការ​ដាក់​ប្រាក់​ក្នុង​កុង​ធនាគារ​រួមគ្នា

​ ​ចំណុច​នេះ​និយាយទៅ​កាន់​ប្ដី​ប្រពន្ធ​ធ្វើការ​ទាំងពីរ​នាក់​ ​ឬ​ ​ម្នាក់​ធ្វើការ​ ​ម្នាក់ទៀត​រកស៊ី​ ​ទាំងពីរ​យ៉ាងនេះ​ ​ទោះ​អ្នក​ស្ថិត​ក្នុង​ចំណុច​ណាមួយ​ក៏ដោយ​ ​សូមកុំ​បែងចែក​ប្រាក់​ចំ​ណូល​រៀង​ៗ​ខ្លួន​​។​ ​ដើម្បី​ឆាប់​សម្រេច​នូវ​ផែនការ​ដែល​អ្នក​ទាំងពីរ​បាន​កំណត់​ ​គួរតែ​រួមគ្នា​សន្សំ​លុយ​ ​កាន់តែ​ច្រើន​ ​កាន់តែ​ល្អ​។​ ​បើ​អ្នក​ទាំងពីរ​កាន់​លុយ​រៀង​ៗ​ខ្លួន​ ​នោះ​ប្រាកដជា​រកមុខ​ចំណាយ​មិនឃើញ​ទេ​ ​មិនដឹង​ចាយ​លើ​អ្វីខ្លះ​ឡើយ​​។​ ​ដូច្នេះ​គួរ​ដាក់លុយ​រួមគ្នា​ ​និង​ ​លុយ​សម្រាប់​ចំណាយ​រួមគ្នា​ដែរ​។​ 

​៣​) ​គួរ​ជៀង​វាង​ការ​ជំពាក់បំណុល​ ​

​បំណុល​ម្នា​ក់ៗ​ជៀស​មិន​ផុត​នោះ​ទេ​ ​តែបើ​អ្នក​ទាំងពីរ​ចេះ​រៀបចំផែនការ​ ​ដោយ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​នោះ​ហានិភ័យ​ជំពាក់​ធនាគារ​កាន់តែ​ទាប​ ​។​ ​បំណុល​ប្រៀប​ដូចជា​អ្នក​ដែល​លេប​លុយ​អ្នក​ទាំងពីរ​ជា​រៀងរាល់​ខែ​ ​ហើយ​បំណុល​ខ្លះទៀត​ធ្វើ​ឱ្យ​អ្នក​កាន់តែ​ក្រ​លើស​ដើម​ ​ដូចជា​ខ្ចី​លុយ​ទិញ​រថយន្ត​ ​ឬ​ ​សម្ភារៈ​និ​យម​ផ្សេង​ៗ​​។​ ​បើ​អ្នក​មិនមែន​ជា​អ្នករក​ស៊ី​ដែល​ត្រូវការ​ដើមទុន​ច្រើន​ ​គួរ​ជៀសវាង​បំណុល​ ​ទើប​ផែនការ​ដែល​បាន​កំណត់​ឆាប់​ទៅដល់​គោលដៅ​​។​ ​

៤​) ​ការប្រើ​ប្រាស់​លុយ​ដើម្បី​បង្កើត​លុយ​ ​

ចំណុច​នេះ​មានន័យថា​ ​បើ​ប្ដី​ប្រពន្ធ​ធ្វើការ​ទាំងពីរ​នាក់ ឬ ម្នាក់រកស៊ីក៏ដោយ ​គួរ​ចេះ​យក​ប្រាក់​ដែល​សល់​មួយចំនួន​ ​ទៅ​វិនិយោគ​ដូចជា​ការ​ចូល​ភាគហ៊ុន​ដែល​អាច​ទុកចិត្បានត​ ​ឬ​ ​ទៅ​ទិញ​ដី​ដែល​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​​។​ ​ការប្រើ​លុយ​ធ្វើ​រឿង​ទាំងនេះ​ ​វា​នឹង​ហុច​ផល​ឱ្យ​ជាបន្តបន្ទាប់​ ​និង​ ​ធ្វើ​ឱ្យ​ប្ដី​ប្រពន្ធ​អាច​រក​ប្រាក់ចំណូល​​កាន់តែ​ច្រើន​ ​អាច​សម្រេច​ផែនការ​បាន​លឿន​​។​ 

​៥​) ​ការកំណត់​ផែនការ​យកកូន​ ​

មិនមែន​ការ​ភ្លាម​យកកូន​ភ្លាម​ទាំង​មិនទាន់​សល់​អ្វី​នោះ​ទេ​​។​ ​នៅពេល​អ្នកមាន​កូន​ ​អ្នក​ត្រូវ​រៀបចំ​ថវិកា​មួយ​កញ្ចប់​សម្រាប់​គេ​ ​ទាំង​ថ្លៃទឹកដោះ​គោ​ ​ថ្លៃ​សំលៀកបំពាក់​ ​និង​ ​ការ​ចំណាយ​ជាច្រើន​ទៀត​​។​ ​ត្រូវ​កំណត់​ផែនការ​យកកូន​ ​នៅពេល​ដែល​ប្ដី​ប្រពន្ធ​រៀបចំផែនការ​បាន​ស្រួលបួល​ ​និង​ ​ធូរស្បើយ​ពី​ភារកិច្ច​ ​ល្អជា​ជាង​យកកូន​តែ​គ្មាន​ពេលវេលា​មើលថែ​គេ​៕​ 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ niyum