មិនធម្មតា! អ្នកបង្កើតភេសជ្ជ ខារ៉ាបាវ កើនទ្រព្យរហូតដល់ ១.១ពាន់លានដុល្លារហើយ

កំពូលមហាសេដ្ឋី Sathien Sethhasit ជាសេដ្ឋីថៃខ្ទង់ពាន់លានដុល្លារ ដោយសព្វថ្ងៃនេះ លោកកំពុងរស់នៅទីក្រុងបាងកក ប្រទេសថៃ ហើយលោកបានរៀបការ និងមានកូនចំនួន៣នាក់ផងដែរ។ មហាសេដ្ឋី Sathien Sethhasit បានបង្កើតក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ នៅកំឡុងឆ្នាំ២០០២ ហើយលោកបានសហការរកស៊ីជាមួយតារាចម្រៀង Aed Carabao ហើយលោកបានបញ្ចេញការលក់ខារ៉ាបាវនៅលើទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ២០១៤។

កំពូលមហាសេដ្ឋី Sathien Sethhasit

នៅខែមិថុនា ឆ្នាំ២០១៥ ក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ ក៍ជាម្ចាស់ឧបត្ថម្ភដ៏ធំឱ្យក្លឹបអង់គ្លេសឈ្មោះ Reading F.C. រហូតដល់រដូវក្តៅ នៅឆ្នាំ២០១៩នេះ ហើយក៏ក្លាយជាម្ចាស់ឧបត្ថម្ភដ៏ធំឱ្យក្លឹបយក្ស Chelsea F.C. នៅឆ្នាំ២០១៦ផងដែរ។ នៅក្នុងខែ ធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុនភេសជ្ជ ខារ៉ាបាវ ក៏ជាម្ចាស់ឧបត្ថម្ភដ៏ធំបំផុតរបស់ក្លឹបប្រេស៊ីល Flamengo ដែលមានកុងត្រារយៈពេលវែងរហូតដល់ ៦ឆ្នាំឯណោះ។

កំពូលមហាសេដ្ឋី Sathien Sethhasit និងតារាចម្រៀង Aed Carabao

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ អាចរកចំណូលបានជិត ៥០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ ខណៈនៅឆ្នាំ២០១៧ បានត្រឹមតែជាង ៤០០លានដុល្លារប៉ុណ្ណោះ។ ភាពល្បីល្បាញរបស់ក្រុមហ៊ុន ខារ៉ាបាវ ធ្វើឱ្យសេដ្ឋីរូបនេះ មានទ្រព្យកើនឡើងខ្លាំង ហើយសព្វថ្ងៃនេះ លោក Sathien Sethhasit ដែលជាអ្នកបង្កើតភេសជ្ជៈ ខារ៉ាបាវ មានទ្រព្យរហូតដល់ ១.១ពាន់លានដុល្លារឯណោះ (ជាប់លេខទី ៣៦នៅប្រទេសថៃ)៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ forbes, wikipedia