កូនខ្មែរត្រូវដឹង! ​វិមានព្រះនរោត្តម (ទីក្រុងហូជីមិញ ឬព្រៃនគរកម្ពុជាក្រោម) កាលពី…

វិមាននេះមានប្រវែងបណ្តោយ៨០ម៉ែត្រ លើផ្ទៃដី ១២ ហិកតា បាន​ចុះ​បឋមសីលាសាងសង់ថ្ងៃទី២៣ កុម្ភៈ ១៨៦៩ ដោយទេសាភិបាល​បារាំងទទួលបន្ទុកឥណ្ឌូចិន (ក្នុងរាជ្យព្រះចៅអធិរាជ ណាប៉ូឡេអុងទី ៣)។នេះជាឈ្មោះអាគារ ហើយមិនមែនជាព្រះរាជ​តំណាក់​របស់​សម្តេច​​ព្រះនរោត្តមឡើយ ការដាក់ឈ្មោះនេះគឺដើម្បីជាសក្ខីភាព នៃ​ការ​ដាក់ក្រុងកម្ពុជាធិបតីជាដែនចំណុះសហភាពឥណ្ឌូចិន ហើយ​ក្លាយ​ជាសមន្តរដ្ឋរបស់ចក្រពត្តិនិយម បារាំង និងមាន​មហាវិថី​ខាង​មុខ​វិមាននេះក៏ដាក់ឈ្មោះថា មហាវិថីព្រះនរោត្តនដែរ។

អាគារនេះ​ត្រូវ​បានប្រើប្រាស់ជា អាគាររដ្ឋាភិបាលស្ទើរគ្រប់ជំនាន់។វិមាននេះ សាងសង់រួចរាល់នៅ៥ឆ្នាំក្រោយ (ប្រើពេលយូរ ដោយសារ​មាន​សង្គ្រាមរវាងបារាំង និងអល្លឺម៉ង់)។ ឈ្មោះ វិមានព្រះនរោត្តម ត្រូវ​បានប្រើរហូតចាប់ពីឆ្នាំ១៨៨៧ ដល់ឆ្នាំ ១៩៤៥។

ក្រោយមក​បាន​ប្តូរឈ្មោះជា វិមានឯករាជ្យ ក្នុងសម័យរដ្ឋាភិបាល សាធារណៈ​រដ្ឋ​វៀតណាមខាងត្បូង (ខាងជើងហៅថា៖ សាធារណៈ​រដ្ឋប្រជា​ធិប​តេយ្យ វៀតណាម ខាងជើង)។ក្រោយរំដោះបានដោយ​កងទ័ព​​រណៈសិរ្យ រំដោះប្រជាជន នៅថ្ងៃទី៣០ មេសា ១៩៧៥ បាន​ប្តូរ​ឈ្មោះ​ជា សាលឯកភាព និងជាទីស្តីការក្រសួងវប្បធម៌ កីឡា និងទេសចរ នៅថ្ងៃទី២៥ មិថុនា ១៩៧៦៕