មិនធម្មតា! មុខរបរត្បាញកន្ទេល អាចរកប្រាក់ចំណូលបានរហូតដល់ ៣លាន ទៅ….

ប្រជាពលរដ្ឋភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ភាគច្រើនបានប្រកបមុខរបរត្បាញកន្ទេលក្រហមលក់ ដែលនៅក្នុងមួយរដូវពី៣ ទៅ ៤ខែ អាចត្បាញកន្ទេលបានពី ៨០ ទៅ១០០ កន្ទេល ដែលកម្លាំងពលកម្ម និងលទ្ធភាពនេះ អាចរកប្រាក់ចំណូលបានពី ៣លានទៅ ៤លានរៀល ក្នុងមួយគ្រួសារ។ជួបជាមួយអ្នកយកព័ត៌មានអង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ស្រ្តីវ័យជាង៧០ឆ្នាំម្នាក់ ខណៈកំពុងរៀបចំទុកដាក់កក់ដែលជ្រលក់ថ្នាំនៅក្រោមផ្ទះ បាននិយាយថា

អ្នកស្រី បានប្រកបមុខរបរតម្បាញកន្ទេលក្រហមនេះតាំងពីអាយុ ១២ឆ្នាំមកម្ល៉េះ គឺរៀនចេះតៗគ្នាពីម៉ែឪ និងដូនតាមក ហើយបច្ចុប្បន្នកូនចៅគាត់ក៏បានរៀនចេះត្បាញកន្ទេលតៗគ្នាពីគាត់ ដូចជាអ្នកក្នុងភូមិនេះដែលមានជាច្រើនគ្រួសារផងដែរ។អ៊ុំស្រីបានបន្តថា មុខរបរត្បាញកន្ទេលមានរយៈពេលពី ៣ខែទៅ ៤ខែ នៅក្នុងរដូវប្រាំង ក្រោយពេលបង្កបង្កើនផល ធ្វើស្រែចំការរួច មានរយៈពេលពី ៣ ទៅ ៤ខែនៅពេលដែលចុះប្រមូលផលវិញ ទើបផ្អាកការត្បាញកន្ទេលនេះ ហើយនាំគ្នាចុះប្រមូលផលស្រូវវិញ។

ចំពោះកក់ និងក្រចៅដែលជាវត្ថុធាតុដើមសំរាប់ត្បាញកន្ទេល ត្រូវដាំដោយខ្លួនឯងទៅតាមសមត្ថភាព នៃក្រុមគ្រួសារ ដែលអាចត្បាញកន្ទេលបាន មានរយៈពេលពី ១ខែ ទៅ ១ខែកន្លះទើបទទួលផល ចំណែកទឹកថ្នាំសំរាប់ជ្រលក់ពណ៌កន្ទេល ត្រូវទិញយកមកពីទីផ្សារ។ឯការត្បាញកន្ទេលនីមួយៗ ត្រូវប្រើកម្លាំង ២នាក់ ដែលក្នុង១ថ្ងៃ បើប្រឹងអាចត្បាញបានកន្ទេលតែ១ប៉ុណ្ណោះ ដែលអាចលក់ចេញបោះឲ្យម៉ូយ ដែលមកទទួលទិញដល់ផ្ទះ មិនដែលនៅសល់ឡើយ កន្ទេលល្អមាន តម្លៃពី ១០ម៉ឺន ទៅ ១២ម៉ឺនរៀល ទៅតាមទំហ៊ំកន្ទេល តូច ឬធំ ដោយក្នុង១រដូវៗ អាចរកប្រាក់ចំណូលបានពី ៣លាន ទៅ ៤លានរៀល ទៅតាមកម្លាំងពលកម្មនៅក្នុងក្រុមគ្រួសារនីមួយៗ។

ដោយឡែក នៅក្រោមផ្ទះអ្នកមីងម្នាក់ទៀត កុមារីជំទង់ ២នាក់បងប្អូន មានអាយុ ១០ឆ្នាំ និង១២ឆ្នាំ កំពុងត្បាញកន្ទេលបាននិយាយថា ពួកនាងបានរៀនត្បាញកន្ទេលពីម្តាយតាំងពីអាយុ ៨ឆ្នាំ ដែលពេលនេះឆ្លៀតពីការរៀនសូត្រ ពួកនាងតែងជួយត្បាញកន្ទេល ដើម្បីជួយរកប្រាក់ឲ្យម្តាយសម្រាប់ផ្គង់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ ដែលក្នុង១ថ្ងៃ ពួកនាងអាចត្បាញកន្ទេលតូចៗ ជួយរកចំណូលជូនក្រុមគ្រួសារបានខ្លះៗផងដែរ។ចំណែកបងស្រី និងប្អូនស្រី ២នាក់ម្តាយ និងកូន កំពុងត្បាញកន្ទេលនៅមុខផ្ទះ ក៏បាននិយាយមិនខុសគ្នាដែរថា នៅក្នុង១រដូវ ពួកគាត់ ២នាក់ម៉ែកូននៅផ្ទះ អាចត្បាញកន្ទេលបានពី ៦០ ទៅ៨០ កន្ទេល និងអាចលក់បាន ១ថ្លៃពី ៥ម៉ឺនរៀលឡើងទៅ ដែលរកអាចប្រាក់ ចំណូលបានក្នុង១រដូវ ដោយដកថ្លៃទិញថ្នាំជ្រលក់ចេញ គឺអាចសល់បានជាង ២លានរៀលដែរ។

អ្នកភូមិព្រែករាំង ជាអ្នកត្បាញកន្ទេលក្រហម សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋខ្មែរ សូមជួយគាំទ្រទិញផលិតផលកន្ទេល ក្រហមរបស់អ្នកភូមិព្រែករាំងពួកគាត់ផង ដើម្បីជួយរក្សាស្នាដៃ និងមរតក ដែលបន្សល់តាំងពីដូនតាមក និងម៉្យាងទៀត ក៏ដើម្បីជួយលើកស្ទួយជីវភាពប្រជាពល រដ្ឋនៅតាមជនបទឲ្យមានការងារធ្វើនិងមានជីវភាពធូរធាផង៕ប្រភព៖ Fresh News