គួរឱ្យស្តាយ! សារមន្ទីរ 3D អង្គរ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ តម្លៃ ២៤​លាន​ដុល្លារ ប្រកាស​បិទ​ទ្វារ​ហើយ​

​តាំងពី​ចុងឆ្នាំ​២០១៥ សារមន្ទីរ​សព្វទស្សន៍​អង្គរ (Angkor Panorama Museum) បាន​បើកទ្វារ​ទទួល អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។ អគារ​សារមន្ទីរ​តម្លៃ​២៤​លាន​ដុល្លារ ត្រូវបាន​កសាងឡើង​ក្រោម​កិច្ច សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​។​

បើតាមការចេញផ្សាយក្នុងទូរទស្សន៍ហង្សមាស ២៤ម៉ោង បានបកស្រាយថា សារមន្ទីរ 3D អង្គរ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ដែលមាន​តម្លៃ ២៤ លាន​ដុល្លារ ប្រកាស​បិទ​ទ្វារ​ហើយ ក្រោមទុន​វិនិយោគ​ដោយ​ក្រុមហ៊ុន​របស់​កូរ៉េ​ខាង​ជើង ដែលមានទីតាំងនៅខេត្តសៀមរាប។

តាម​សេចក្តី​ប្រកាស​របស់​សារមន្ទីរ​ខាង​លើ​សង្កត់​ធ្ងន់​ថាថ្នាក់គ្រប់គ្រងបានសម្រេច​ផ្អាក​អាជីវកម្ម​ជា​បន្ទាន់​និង​បណ្តោះ​អាសន្ន ដោយ​សារ​ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ។ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ ៦ កន្លែង​ផ្សេង​ទៀត​ត្រូវ​បាន​បិទ​ទ្វារ​ព្រម​គ្នា ក្រោយ​បាន​លេច​រូបរាង​កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ។

លោក សុខ សុ​រុន ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​សារមន្ទីរ​សព្វទស្សន៍​អង្គរ​បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា ចំនួន​អ្នក​ចូល​ទស្សនា​សារមន្ទីរ​បា​ន​កើន​ពី​៦​ម៉ឺន​នាក់​នៅក្នុង​ឆ្នាំ​២០១៦ មក​ជាង​១៧​ម៉ឺន​នាក់​នៅក្នុង​ឆ្នាំ​២០១៧ ហើយ​បាន​បន្ត​កើនឡើង​ដល់​២៤​ម៉ឺន​នាក់​ហើយ​ក្នុង​រយៈពេល​តែ​៩​ខែ​នៃ​ឆ្នាំ​២០១៨​នេះ​៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង