ប្រឈមទៀតហើយ អូស្ត្រាលីធ អើយ! អូស្ត្រាលី បង្គាប់ឱ្យប្រជាជន ២៤០,០០០នាក់ ជម្លៀសខ្លួនទៅកាន់កន្លែង…

អាជ្ញាធរអូស្រ្តាលី បានជំរុញ និងបង្គាប់ឱ្យប្រជាជន ២៤០,០០០នាក់ ជនជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ នៅថ្ងៃសុក្រនេះ ខណៈសីតុណ្ហភាពឡើងកម្ដៅ កាន់តែខ្លាំង ហើយការគំរាមកំហែងបង្កឡើងដោយភ្លើងឆេះព្រៃ រីករាលដាលកាន់ធំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។គិតមកទល់នឹងពេលនេះ មនុស្ស២៧​នាក់ហើយបានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតបាត់បង់ផ្ទះសម្បែង ស្របពេលភ្លើងឆេះព្រៃបានឆាបឆេះលើផ្ទៃដី ច្រើនជាង ១០.៣លានហិកតា ដែលជាទំហំមួយប៉ុនប្រទេសកូរ៉េខាងត្បូង។ ប្រឈមមុខនឹងសីតុណ្ហភាពឡើងក្ដៅកាន់តែខ្លាំង អាជ្ញាធរនៅក្នុងរដ្ឋ Victoria សន្យាថានឹងនាំប្រជាជន ទៅកាន់កន្លែងមានសុវត្ថិភាព។

លោក Andrew Crisp ស្នងការគ្រប់គ្រងគ្រោះអាសន្ននៃរដ្ឋ Victoria បានគូសបញ្ជាក់ដូច្នេះថា៖‍«យើងបានបញ្ជូនសារព្រមាន និងប្រកាស អាសន្នតាមរយៈសារទូរស័ព្ទ ឱ្យប្រជាជន២៤០,០០០នាក់ នៅទូទាំងតំបន់ឆ្នេរភាគខាងកើតនៃរដ្ឋ Victoria ជម្លៀសខ្លូនចេញពីផ្ទះសម្បែងជាបន្ទាន់ ដោយមិនត្រូវស្ថិតនៅ តំបន់ដាច់ស្រយាល ឬព្រៃនៃរដ្ឋរបស់យើងនោះទេ»។គួរបញ្ជាក់ថា បើតាមអាជ្ញាធរ ស៊ីតុណ្ហភាពអាចនឹងកើនឡើងដល់លើស ៤០អង្សាសេ នៅតាមតំបន់ជាច្រើននៃប្រទេសអូស្រ្តាលី នៅថ្ងៃសុក្រនេះ ដែលនឹងបង្កជាអណ្ដាត ភ្លើងឆេះព្រៃដ៏ធំសម្បើមជាថ្មី នៅក្នុងរដូវកាលភ្លើងឆេះព្រៃនេះដែលបានបំផ្លាញផ្ទះប្រជាជនជិត ២,០០០ខ្នងរួចមកហើយ។ ភ្លើងព្រៃច្រើនជាង១៥០កន្លែង នៅតែបន្ត ឆាបឆេះនៅឡើយនៅទូទាំងប្រទេស រីឯក្រុមអាជ្ញាធរមានការព្រួយបារម្ភយ៉ាងខ្លាំង ខ្យល់បក់ខ្លាំងនឹងបង្កការលំបាកដល់ប្រតិបត្តិការពន្លត់អាណ្ដាតភ្លើងឆេះព្រៃ៕