អបអរសាទរ! កម្ពុជា​នាំចេញអង្ករទៅចិនលេខ ១ ខណះបារាំងលេខ ២ និង ៦០ប្រទេស

ខណៈការ​ប្រមូលផលស្រូវ​ក្នុង​រយៈពេល​៩ខែ​ក្នុង​ឆ្នាំ​២០១៧នេះ​មាន​ការកើន​ឡើងលើស​ឆ្នាំចាស់ជាង៥សែនតោន ការ​នាំចេញ​អង្ករមាន​កំណើន​ជាង​២០% ​ក្នុង​ចំណោម​ប្រទេស​ទាំង​៦០ ប្រទេស​ចិន​ និង​បារាំង​បាន​ឈរ​នៅ​លំដាប់​ខ្ពស់ជាង​គេ​។

យោង​តាម​របាយការណ៍ចុងក្រោយ​ដែល​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ ទើប​បាន​ចេញ​ផ្សាយក្នុង​រយៈពេល៩ខែ​នា​ឆ្នាំ​២០១៧នេះ បាន​បង្ហាញថា ការនាំចេញអង្ករ​ តាម​រយៈច្រកចេញចូលតែមួយ មាន​បរិមាណសរុបចំនួម ៤៩៧៧៤ តោន ដែល​កើន​ឡើង​ចំនួន ៨៣៤៧ តោន (+២០,១០%) បើធៀបនឹងការនាំចេញក្នុង​ខែដូចគ្នានេះ​កាលពីឆ្នាំ២០១៦។

របាយការណ៍​បាន​បង្ហាញ​ថា ក្នុង​៩ខែ​ឆ្នាំ​នេះចំពោះ​ការ​នាំ​ចេញ​ទៅកាន់​ទិសដៅ​ប្រទេសទាំង​៦០ ក្នុង​ចំណោមនោះ ប្រទេសចិនឈរលំដាប់ទី១ដែល​កម្ពុជា​បាន​នាំចេញ​អង្ករសរុបចំនួន (១២៤​ ៧៦០ តោន​) ប្រទេសបារាំង​បានឈរលំដាប់ទី២ គឺ (៥៣ ៩១០ តោន) និង​ប្រទេស​ប៉ូឡូញបាន​ឈរ​នៅ​លំដាប់ទី៣ ដែល​កម្ពុជា​បាននាំចេញ​អង្ករចំនួន​ រហូត​ដល់ (៣៥ ៤៧២ តោន)ផងដែរ​។

ក្រសួង​បាន​ឲ្យដឹង​ទៀត​ថា បច្ចុប្បន្ន​នៅ​កម្ពុជា មានក្រុមហ៊ុនចំនួន ៧៦ ដែល​កំពុង​ធ្វើ​ប្រតិបត្ដិការ​នាំ​ចេញអង្ករពីកម្ពុជាទៅ​កាន់​ប្រទេសនានា​។

ទាក់ទិនចំ​ការ​ផលិត​ដំណាំ​ស្រូវ​ដើម្បី​ធ្វើ​ការ​នាំចេញទៅកាន់​ប្រទេស​នានា​នេះ​ តាម​រយៈរបាយការណ៍ដដែល​ បាន​បង្ហាញថា ការ​ងារ​ប្រមូល​ផល​ស្រូវស្រាល​ដើម​រដូវ​រហូត​មក​ដល់​ពេលនេះ សម្រេច​បាន​ចំនួន ៣៤៨ ៩១៦ ហ.ត លើ​ផ្ទៃដីអនុវត្ដសរុប ៦៨៦ ២៧០ ហ.ត ដែល​ទទួលបាន​បរិមាណសរុបចំនួន ១ ៣៩១ ៥៤៥ តោន លើសឆ្នាំមុនចំនួន ៥៥២ ៨១៩ តោន​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia