ល្អខ្លាំងណាស់​ ផ្លូវជាតិលេខ ៥ នឹងត្រូវស្ថាបនាផ្លូវវាងក្រុងសំខាន់ៗចំនួន៤

​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បានឱ្យ​ដឹង​ថា​ ​ផ្លូវជាតិ​លេខ៥ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ ​មាន​ចម្ងាយ​ប្រមាណ​ជិត​ ​៤០០គីឡូម៉ែត្រ​ ​ត្រូវ​បាន​ស្ថាបនា​វាង​ក្រុង​ចំនួន​ ​៤​ ​ដែល​មាន​ចំងាយ​ក​ ​៦០​ ​គីឡូ​ដែល​ជា​ផ្លូវ​ថ្មី​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ ​និង​បង្វៀង​ចរាចរណ៍​នៅក្នុង​ក្រុង​ដែល​មាន​ស្ថានភាព​មមាញឹក​។​លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​ប្រាប់​គេហ​ទំ​ព័ត៌​ ​propertyarea.asia​ ​នៅ​ថ្ងៃទី១៥​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​នេះ​ ​ឱ្យ​ដឹង​ថា​ ​តាម​ផែនការ​គឺ​ ​ត្រូវ​សាងសង់​ផ្លូវ​ ​វាង​ក្រុង​ចំនួន​ ​៤​ ​រួមមាន​ក្រុង​កំពង់ឆ្នាំង​ ​ក្រុង​ពោធិ៍សាត់ ​ក្រុង​បាត់ដំបង​ ​និង​ ​ក្រុង​សិរីសោភ័ណ​ដែល​មាន​ចំងាយ​ប្រមាណ​សរុប​ចំនួន​ ​៦០​ ​គីឡូម៉ែត្រ​។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​គូសបញ្ជាក់​ទៀត​ថា​ ​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ជា​សំណង​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការស្ថាបនា​ផ្លូវ​ថ្មី​វាង​ក្រុង​នេះ​ ​គណៈកម្មការ​អន្តរក្រសួង​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ​ទៅតាម​សមស្រប​ ​។​ ​ ​លោក​បណ្ឌិត​ ​គី​ ​សេរី​វឌ្ឍន៍​ ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ធ្លាប់​បានឱ្យ​ដឹង​ថា​ ​ការពង្រីក​ផ្លូវជាតិ​លេខ៥​ ​ឱ្យ​មាន៤គន្លង​ ​ពី​ក្រុងភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​នេះ​ ​គឺជា​ការ​បើក​ច្រក​សេដ្ឋកិច្ច​ធំ​មួយ​សម្រាប់​កម្ពុជា​ ​ហើយ​បើសិនជា​អាច​ ​គួរ​ធ្វើជា​ផ្លូវ​ល្បឿន​លឿន​ដើម្បី​ចំណេញពេលវេលា​ក្នុង​ការ​ដឹកជញ្ជូន​ ​និង​កាត់បន្ថយ​ថ្លៃដើម​ ​។​ ​ ​លោក​បណ្ឌិត​បន្ត​ថា​ ​ការ​ភ្ជាប់​ផ្លូវជាតិ​លេខ៥​ ​ពី​ក្រុង​ប៉ោយប៉ែត​ ​មកកាន់​រាជធានី​ភ្នំពេញ​នេះ​ ​ក៏​ជា​ច្រក​មួយ​សម្រាប់​ទេសចរណ៍​ផង​ដែរ​ ​ព្រោះ​ប៉ោយប៉ែត​ជា​ច្រក​លំហូរ​ភ្ញៀវ​ទេសចរ​ពី​ថៃ​ ​មក​កម្ពុជា​ ​ដោយសារ​ផ្លូវ​នេះ​មាន​ទំហំ​ធំ​ ​និង​មាន​សុវត្ថិភាព​ល្អ​ ​។​ ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ធ្លាប់​បានឱ្យ​ដឹង​កាលពី​កន្លងមក​នេះ​ដែរ​ថា​ ​ផ្លូវជាតិ​លេខ៥នេះ​ ​គឺ​សំខាន់ណាស់​ ​វា​ជា​ចំណែក​ផ្លូវ​របស់​អាស៊ាន​ហាយ​វ៉េ​លេខ១​ ​ដែល​បាន​តភ្ជាប់​តាំងពី​ភូមា​ ​មក​ថៃ​ ​កម្ពុជា​ ​និង​វៀតណាម​ ​សម្រាប់​ដឹកទំនិញ​ ​។​យើង​មាន​កសិផល​ក៏​ច្រើន​នៅ​ប៉ៃលិន​

​បាត់ដំបង​ ​រួម​នឹង​ខេត្ត​ផ្សេងទៀត​អាច​ដឹក​មក​តាមផ្លូវ​នេះ​ចុះទៅ​កំពង់ផែ​ ​ហើយ​បន្តិចទៀត​ ​អាច​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​។​ ​ផ្លូវជាតិ​លេខ៥​ ​ជា​ផ្លូវ​សំខាន់​ ​និង​ជា​សរសៃឈាម​ដ៏​ធំ​មួយ​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​យើង​រីកចម្រើន​ថែមទៀត​”​។​ ​ ​យោង​តាម​សេចក្តី​ប្រកាស​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​បានឱ្យ​ដឹង​ថា​ ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​កំណាត់ផ្លូវ​ជាតិ​លេខ៥​ ​គឺជា​គម្រោង​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​ ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា​ ​(​JICA​)​។​ ​គម្រោង​នេះ​នឹង​ពង្រីក​ពី២គន្លង​ ​ទៅ៤គន្លង​ ​គឺ​ផ្តើម​សាងសង់​ចេញពី​ព្រែក​ក្តាម​ ​រហូតដល់​ក្រុង​ប៉ោយប៉ែត​ ​មាន​ប្រវែង​សរុប៣៦៦គីឡូម៉ែត្រ​ ​ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ៥០០លាន​ដុល្លារ​ ​៕​ ប្រភព៖ propertyarea