សប្បាយកប់! សង្ក្រានសៀមរាបឆ្នាំនេះ នឹងប្រារព្ធឡើងនៅបរិវេណខាងមុខប្រាសាទអង្គរវត្តតែម្តង

ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ ​តែអ្វីដែលពិសេសនោះ ​ខេត្តសៀមរាបអង្គរ ​នឹងប្រារព្ធកម្មវិធីសង្ក្រានសៀមរាប ​ដែលជាពិធីបុណ្យដ៏ធំ ​គគ្រឹកគគ្រង ​ពោរពេញដោយភាពសប្បាយរីករាយ ​បូករួមនឹងការតាំងបង្ហាញពីសិល្បៈ​ និងវប្បធម៌បុរាណខ្មែរ។

ដោយសៀមរាបសង្ក្រាន្តឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងនៅបរិវេណ ខាងមុខប្រាសាទអង្គរវត្តតែម្តង ក្រោមប្រធានបទ « អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត » ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។

ក្នុងកម្មវិធីនោះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ រៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ៦រោចដល់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

សម្រាប់កម្មវិធីឆ្នាំនេះ នឹងមានការធ្វើការតាំងពីព័ណ៌ ដាក់បង្ហាញអំពីវប្បធម៌ប្រពៃណីរបស់អ្នកស្រុកអង្គរ ការលេងល្បែងប្រជាប្រិយខ្មែរ និងការសម្ដែងសិល្បៈនានា ដើម្បីកម្សាន្តសប្បាយនៅក្នុងពិធីថែមទៀតផង។

កុំភ្លេចណាត្រៀមខ្លួនសប្បាយទាំងអស់គ្នា ​ជាមួយនឹងសង្ក្រានសៀមរាបនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះទាំងអស់គ្នា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង