កុំភ្លេចណា! យប់នេះ ព្រះច័ន្ទ នឹងកាន់តែធំ ហើយមានពន្លឺខ្លាំងខុសពីធម្មតា ព្រោះតែ ……….

ក្នុងឆ្នាំ២០២០នេះ ពួកយើងអាចមើលឃើញព្រះចន្ទពេញវង់ ធំជាងពេលធម្មតា ចំនួន២លើក ដោយលើកទី១នឹងចាប់ផ្ដើមចន្លោះថ្ងៃទី៩និង១០ ខែមីនា និងលើកទី២ នៅថ្ងៃទី៨ ខែមេសា។ ខុសប្លែកពីព្រះចន្ទពេញវង់ធម្មតា ព្រះចន្ទធំពេញវង់កើតឡើងនៅពេល វាធ្វើដំណើរគោចរមកជិតផែនដី ជាងពេលធម្មតា។ ដំណើរគោចរនៅជិតផែនដីដូច្នេះត្រូវបានគេហៅថា សមីសង្គត។

សម្រាប់ប្រទេសកម្ពុជារបស់យើង ព្រះចន្ទធំនឹងកើតឡើងនៅថ្ងៃទី១០ ខែមីនា វេលាម៉ោង១២:៤៧យប់ មានន័យថាព្រះចន្ទនឹងខិតជិតផែនដី នៅចន្លោះថ្ងៃចន្ទឈាងចូលថ្ងៃអង្គារ។ គន្លងគោចរព្រះចន្ទជុំវិញផែនដីមិនមានរាងជារង្វង់នោះទេ ប៉ុន្ដែវាមានរាងជាពងក្រពើ ដែលមានផ្នែកមួយនៅជិតផែនដី និងមួយទៀតនៅឆ្ងាយពីផែនដី។ នៅពេលគន្លងព្រះចន្ទឃ្លាតឆ្ងាយពីផែនដី ត្រូវបានគេហៅថា ឧទ្ធង្គត។

ជាធម្មតា ព្រះចន្ទមានចម្ងាយពីផែនដី ៣៨២,៩០០គីឡូម៉ែត្រ ហើយចម្ងាយនៅជិតបំផុតមានប្រវែង ៣៦០,០០០គីឡូម៉ែត្រ និងនៅឆ្ងាយបំផុតមានប្រវែង ៤០៥,០០០ គីឡូម៉ែត្រ។ ព្រះចន្ទធំពេញវង់នឹងមានទំហំធំជាងព្រះចន្ទពេលធម្មតា ៥.៩ភាគរយ ទៅ ៦.៩ភាគរយ ហើយវាធំជាងព្រះចន្ទនៅឆ្ងាយពីផែនដី ១២.៥ភាគរយ ទៅ ១៤.១ភាគរយ។ ចំពោះពន្លឺវិញ ព្រះចន្ទធំពេញវង់ភ្លឺជាងព្រះចន្ទធម្មតា ១៦ភាគរយ ហើយភ្លឺជាងព្រះចន្ទនៅឆ្ងាយពីផែនដី ៣០ភាគរយ។

គន្លងគោចររបស់ព្រះចន្ទ ដែលមានផ្នែកមួយនៅជិតផែនដី និងមួយទៀតនៅឆ្ងាយពីផែនដី

គួរបញ្ជាក់ផងដែរថា យើងមិនអាចពិនិត្យឃើញ ភាពខុសប្លែកគ្នាខ្លាំង រវាងព្រះចន្ទធម្មតានិងព្រះចន្ទធំពេញវង់នោះទេ។ ហេតុនេះ សូមកុំរំពឹងទុកថា យើងអាចនឹងឃើញព្រះចន្ទធំខ្លាំងជាងមុន ឬវាភ្លឺខ្លាំងពេកនោះទេ ព្រោះបើតាមភាគរយ ដែលបានរៀបរាប់ខាងលើ អាចឲ្យយើងដឹងថា វាពិតជាខុសប្លែកជាងពេលធម្មតា ប៉ុន្ដែមិនច្រើនពេកទេ៕

 

 ដកស្រង់ដោយ៖ លោក ប៊ុត ហេង