អបអរសាទរ! ខេត្តពោធិ៍សាត់ នឹងមានស្ពានខ្ពស់ជាងគេបំផុតនៅកម្ពុជារហូតដល់ ៧៥ម៉ែត្រ ឆាប់ៗនេះហើយ

ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ ជាតិ និងអន្តរជាតិ អាជ្ញាធរដែនដី មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាង ច្រើនកុះករផងដែរ។

ថ្លែងសន្ទរកថាទៅកាន់អង្គពិធីទាំងមូលនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ គម្រោង សាងសង់ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប ១៨២,១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ)ត្រូវបានសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមា និតចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង៨ម៉ែត្រ ព្រមទាំងមាន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

 

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា គម្រោងនេះចំណាយថវិកាសរុបប្រមាណ ១៣២,៨០លានដុល្លារសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងបានប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៨ខែ គិតចាប់ពីខែមីនា ឆ្នាំ២០១៥ ដល់ខែឧសភា ឆ្នាំ២០១៨។

ដោយឡែក គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលកំពុងសម្ពោធបើកការដ្ឋានសាងសង់ក្នុងពេលនេះ ផងដែរ មានប្រវែងសរុបចំនួន១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង នឹងត្រូវសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួ ផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា ផ្លូវជាតិលេខ១០ថ្មីនេះ គឺជាផ្លូវមួយដែលមានការ​ពិបាក​ក្នុងការ​សាងសង់ ហើយក្នុងនោះគឺមានការសាងសង់ស្ពានអាតៃប្រវែង ៥១២ម៉ែត្រ និងកម្ពស់ដល់ ៧៥ម៉ែត្រ ដែលជាស្ពានខ្ពស់​ជាងគេបំផុត​នៅកម្ពុជា។  ដោយផ្លូវនេះគ្រោងចំណាយប្រមាណ​ជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ គ្រោងចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ សហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសសាង សង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគម្រោងចំណាយពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន