មេ Facebook និងមេ Microsoft ផ្តល់បច្ចេកវិទ្យាពិសេសដល់កម្ពុជា សំរាប់ពិនិត្យរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា

ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ដែលមានជំនួយពីក្រុមហ៊ុន Microsoft របស់កំពូលមហាសេដ្ឋីអាមេរិកលោក បៀល ហ្គេតស៍ (Bill Gates) និង ស្ថាបនិកក្រុមហ៊ុន Facebook លោក ម៉ាក់ ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បាននាំយកបច្ចេកវិទ្យាចុងក្រោយ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនទាំងពីរនេះ មកជួយដល់សកម្មភាពត្រួតពិនិត្យ រកអ្នកសង្ស័យមានផ្ទុកវីរុសកូរ៉ូណាថ្មី ដែលមេរោគបង្កទៅជំងឺ COVID-19។

ក្រុមការងារខាងលើនេះមានដូចជា អ្នកនាង ចេស៊ីកា មែននីង (Jessica Manning) ជាដើមបាននិងកំពុងធ្វើការងារយ៉ាងសកម្មជាមួយ មន្ទីរពិសោធន៍នៃការស្រាវជ្រាវជំងឺគ្រុនចាញ់ និងវ៉ិចទ័រ របស់វិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងក្នុងរាជធានីភ្នំពេញ។ នៅក្នុងបេសកកម្មនេះ អ្នកនាង និងក្រុមការងារ បាននាំយកនូវម៉ាស៊ីនតូចពណ៌ស ដែលមានសមត្ថភាពអាចធ្វើតេស្តដល់អ្នកដំណើរនានា ដើម្បីរកមើលថាតើពួកគេមានផ្ទុកជំងឺដែរឬទេ។

គួរបញ្ជាក់ថា ម៉ាស៊ីនដែលមានបំពាក់នូវបច្ចេកវិទ្យាមួយហៅកាត់ថា អាយឌីសែគ (IDSeq) គឺត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Microsoft និង Facebook របស់សហរដ្ឋអាមេរិក ដើម្បីពិនិត្យរកមើលអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ប្រកបដោយប្រសិទ្ធភាព តាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយ និងត្រូវបានប្រើប្រាស់ជាសកល។ ការនាំយកបច្ចេកវិទ្យានេះមកកម្ពុជា គឺជាការជួយដល់សកម្មភាពបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគដ៏កាចសាហាវនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ខណៈអង្គការសុខភាពពិភពលោក WHO ទើបតែបានប្រកាសចាត់ទុក «COVID-19 ជាជំងឺរាតត្បាតសកល»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង