អរគុណ! រដ្ឋាភិបាលអាមេរិក បានផ្ដល់ថវិកាចំនួន ២លានដុលារអាមេរិក ដល់កម្ពុជាសម្រាប់ទប់ស្កាត់ Covid-19

លោកដូណាល់ ត្រាំ បានផ្ដល់ថវិកាជំនួយដល់កម្ពុជា នូវទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ទប់ស្កាត់ការរីករាលដាល នៃវីរុសរាតត្បាតកូវីដ១៩ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ។

ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសរាតត្បាត​ កូវីដ-១៩ និងក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធកម្ពុជា​ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក​ USAID​ នឹងផ្តល់ជំនួយចំនួន ២ លានដុល្លារ បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្នែកទំនាក់ទំនងគ្រប់គ្រងហានិភ័យ ការចូលរួមសហគមន៍ និងការគាំទ្រដល់មន្ទីរពិសោធន៍។

ចាប់តាំងពីប្រទេសកម្ពុជាបានរាយការណ៍ពីករណីទី ១ នៃកូវីត១៩ កាលពីខែមករា ក្រុមគ្រូពេទ្យជំនាញនៃស្ថានទូតអាមេរិកនៅភ្នំពេញ និងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីអង្គការសុខភាពពិភពលោក និងស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីគាំទ្រ ការខិតខំការពារ ការរកឃើញ និងការឆ្លើយតបចំពោះមេរោគឆ្លងកូវីត១៩។

អ្នកជំនាញស្ថានទូតអាមេរិករួមមានអ្នកតំណាងមកពីទីភ្នាក់ងារប្រយុទ្ធប្រឆាំង និងការពារជំងឺឆ្លង CDC វិទ្យាស្ថានជាតិសុខភាពជាតិ ទីភ្នាក់ងារជំនួយអាមេរិក USAID អង្គភាពស្រាវជ្រាវវេជ្ជសាស្ត្រកងទ័ពជើងទឹកសហរដ្ឋអាមេរិក (NAMRU-2) និងក្រសួងការបរទេសសហរដ្ឋអាមេរិក។

ទីភ្នាក់ងារប្រយុទ្ធប្រឆាំង និងការពារជំងឺឆ្លង CDC នៃសហរដ្ឋអាមេរិក និងអ្នកជំនាញដទៃទៀតផ្នែកសុខាភិបាលកំពុងតែធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីឆ្លើយតបភ្លាមៗទៅនឹងករណីមេរោគកូវីត១៩ ដែលត្រូវបានរកឃើញនៅ កំពង់សោម សៀមរាម កំពង់ចាម និងទីក្រុងភ្នំពេញ។ ពួកគេបានជួយផងដែរដល់វិទ្យាស្ថានប៉ាស្ទ័រ មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងការធ្វើតេស្តរកមើលមេរោគ។ លើសពីនេះទៅទៀត តំណាងនៃវិទ្យាស្ថានសុខភាពសាធារណៈដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជារួមចំណែកដល់ការស្រាវជ្រាវជាសាកលលើមេរោគកូវីត១៩នេះ។

សហរដ្ឋអាមេរិកមានភាពជាដៃគូយូរអង្វែងជាមួយប្រជាជនកម្ពុជាក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងការប្រយុទ្ធនឹងជំងឺឆ្លង។ កិច្ចសហការដ៏ជិតស្និទ្ធនេះនឹងមានជាយូរអង្វែងទៅមុខទៀត ក្នុងពេលយើងបន្តដោះស្រាយបញ្ហាប្រឈមទាំងនេះ៕

អត្ថបទដោយ៖ លោក ប៊ុត ហេង