នៅពេលកណ្ដាស់​ម្ដងៗ តើអ្នក​បញ្ចេញ​មេរោគប៉ុន្មានម៉ឺនក្បាល? ឆ្លងប៉ុន្មានម៉ែត្រ?

នៅ​ពេល​រដូវ​រងា​ចូល​មក​ដល់ មនុស្ស​ភាគ​ច្រើន​អាច​នឹង​ងាយ​ឆ្លង​ជំងឺ​ផ្ដាសាយ ព្រោះ​ការ​កណ្ដាស់​ម្ដង​អាច​ផ្ទុក​មេរោគ​រហូត​ទៅ​ដល់​ជាង ១០ម៊ឺន​ក្បាល ​និង​អាច​ចម្លង​មេរោគ​ទៅ​កាន់​អ្នក​ជុំវិញ​ខ្លួន​រហូត​ទៅដល់​ជាង​ ៧​ម៉ែត្រ។

លោក​វេជ្ជបណ្ឌិត Roger Henderson បាន​ពន្យល់​ថា​មេរោគ​ជាង​២០០​ប្រភេទ​ផ្សេងៗ​គ្នា អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​បាន​យ៉ាង​ងាយ​តាម​រយៈ​ការ​កណ្ដាស់​ ឬ​ការ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដូច​ជា​ការ​ចាប់​ដៃ​ជាដើម។ ការ​កណ្ដាស់​ម្ដង អាច​បញ្ចេញ​មេរោគ​រហូត​ដល់ ១០​ម៉ឺន​ក្បាល ហើយ​អាច​ឆ្លង​ដល់​ចម្ងាយ ២៥​ហ្វីត ឬ​ជាង ៧មែត្រ។

លោក Roger បាន​បន្ថែម​ទៀត​ថា៖ “អ្នក​គួរ​តែ​ជៀស​វាង​ការ​ប៉ះ​ភ្នែក ​ឬ​ច្រមុះ​នៅ​ពេល​ដែល​ដៃ​របស់​អ្នក​បាន​ប៉ះ​ពាល់​ជាមួយ​នឹង​មេរោគ ដោយ​សារ​តែ​ពួក​វា​អាច​ឆ្លង​មក​កាន់​រាង​កាយ​របស់​អ្នក​តាម​មធ្យោបាយ​នេះ។ ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ការ​ញាំ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់​ក៏​អាច​ជួយ​អ្នក​បាន​ផង​ដែរ។”

ជា​ចុង​ក្រោយ ប្រសិន​បើ​អ្នក​មិន​ចង់​កើត​ជំងឺ​ផ្ដាសាយ​ទេ​អ្នក​អាច​អនុវត្ត​តាម​វិធី​មួយ​ចំនួន​ដូចជា ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ដោយ​ប្រើ​ទឹក​ក្ដៅ​អ៊ុនៗ ឬ​ក៏​ការ​មិន​ប្រើប្រាស់​របស់​រួម​ដូចជា​កន្សែង​ឬ​របស់​របរ​ក្នុង​ផ្ទះ​ជាមួយ​នឹង​អ្នក​ជំងឺ​ផ្ដាសាយ​ជា​ដើម។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​រួច​ហើយ​នោះ មធ្យោបាយ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​គឺ​ការ​ញាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ការ​សម្រាក​អោយ​បាន​គ្រប់​គ្រាន់។

សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ផ្ដាសាយ ហើយ​ចង់​ទប់​មិន​ឲ្យ​កណ្ដាស់​នៅ​មុខ​គេ អាច​ប្រើ​វិធី​មួយ​ចំនួន​ដូច​ជា ការ​ដក​ដង្ហើម​ឲ្យ​វែង ការ​ទប់​ដង្ហើម ការ​រាប់​ពី​មួយ​ដល់​ដប់ ឬ​ក៏​ការ​ច្របាច់​ច្រមុះ​របស់​អ្នក​២​ទៅ​៣​វិនាទី​ជាដើម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay