កើនទៀតហើយ! ពេលនេះប្រទេសថៃ​បានរកឃើញអ្នកឆ្លង​វីរុស កូវីត-១៩ ចំនួន ​៦០ នាក់​​បន្ថែមទៀត

បាងកក៖ មន្ត្រីសុខាភិបាលថៃ​បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃបានរកឃើញករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន​៦០ នាក់​បន្ថែមទៀត ដែល​ធ្វើឲ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងដល់ ២៧២ នាក់។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិនា ឆ្នាំ២០២០។

លោក Suwannachai Wattanayingcharoenchai ដែលជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺបានប្រាប់​ក្រុមអ្នកយកព័ត៌មានថា៖

ករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ គឺចែកចេញជា២ក្រុម​​ដោយក្រុមទី១មាន​៤៣ករណី ​ដែលជាប់ទាក់ទងនឹងករណីមុនៗដូចជា ករណីនៅកន្លែង​ប្រកួតប្រដាល់ ​កន្លែងកម្សាន្ត និងករណីអ្នកដែលបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺ។ ចំណែក​ក្រុមទី២មាន១៧ករណី ដែល​ជាករណីអ្នក​ដំណើរមកពីប្រទេស​មួយចំនួនរួមមាន ​​អ៊ីតាលី ម៉ាឡេស៊ី ជប៉ុន អ៊ីរ៉ង់ និងកោះតៃវ៉ាន់។