អស្ចារ្យណាស់! នាង ម៉ារីម៉ា បាន​ជួប​សម្តេច ហ៊ុន សែន ក្នុង​ពិធី​លៀង​សាយភោជន៍​កាលពី​យប់មិញ

តារា​សម្តែង​ដ៏ល្បី​ប្រចាំ​ហ្វីលីពីន Marian Rivera (ម៉ារីម៉ា) និង​ស្វាមី បាន​ជួប​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ហើយ ក្នុង​ពិធី​លៀង​សាយភោជន៍​កាលពី​យប់ថ្ងៃ​ទី១១វិច្ឆិកា​ម្សិលមិញ​នេះ​។ ពិធី​នេះ​រៀបចំ​ដោយ​លោកស្រី​អតីត​ប្រធានា​ធិបតី​ហ្វីលីពីន Gloria Macapagal Arroyo។ ជំនួប​នេះ ធ្វើឡើង​ក្រោយពេល​ដែល​នាង​ម៉ារីម៉ា ទទួលបាន​ការ​អញ្ជើញ​ពី​សម្តេច ហ៊ុន សែន។ ទោះ​ជា​យ៉ាងណា មិន​​ទាន់​មាន​ការ​​បញ្ជាក់​​ថា តើ​សម្តេច ហ៊ុន សែន និង​នាង​ម៉ារីម៉ា បាន​ពិភាក្សា​​គ្នា​អំពី​អ្វី​ឡើយ។

នៅក្នុង​ពិធី​លៀង​សាយភោជន៍​នេះ ក៏មាន​មន្រ្តី​សំខាន់ៗ​របស់​ប្រទេស​ហ្វីលីពីន​ជាច្រើន​រូប និង​លោក​ស្រី អ៊ុង សាន ស៊ូជី ក្រុម​ប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា ក៏បាន​អញ្ជើញ​ចូលរួម​ផងដែរ។ លោកស្រី Arroyo បាន​ចាត់ទុក សម្តេច ហ៊ុន សែន ជា​មិត្តល្អ​របស់​ហ្វីលីពីន ហើយ​លោកស្រី​នឹង​ខិតខំ​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ ជា​ពិសសេស ជួយ​ជំរុញ​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២។

គួរ​បញ្ជាក់​ថា សម្តេច ហ៊ុន សែន កាលពី​​ម្សិលមិញ បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay