គុណប្រយោជន៍ និងគុណវិបត្តិនៃការប្រើប្រាស់កាហ្វេ

កាហ្វេ​អាច និយាយ​បាន​ថា​ ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​មួយ​ចំនួន។ ដោយ​​​ហេតុ​នេះ​ ​អ្នក​​ទាំង​នោះ​ហាក់​​មាន​ការ​បារម្ភ​ថា ​តើ​ការ​ញ៉ាំ​បែប​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ​ ឬ​យ៉ាងណា? ​មុន​នឹង​ឈាន​ដល់​ការ​សន្និដ្ឋាន​ថា ​កាហ្វេ​ល្អ​ ឬ​មិនល្អ​ចំពោះ​សុខភាព​នោះ ​សូម​ក្រឡេក​មើល​​ចំណុច​វិជ្ជមាន​ និង អវិជ្ជមាន ជា​មុន​សិន។

ចំណុចវិជ្ជមាន

១. ​ជួយ​ជំរុញ​ខួរក្បាល៖ កា​ហ្វេ​​ដែល​អ្នក​ញ៉ាំ​រាល់​ថ្ងៃ​មាន​ជាតិ​កាហ្វេអ៊ីន។ ​ក្នុង​ជាតិ​កាហ្វេអ៊ីន​ មាន​សារធាតុ​ Alkaloid ​ដែល​គេ​ស្គាល់​ថា​ជា Trimetilsantin។​ កាហ្វេ​ជួយ​ជំរុញ​ដល់​សរសៃ​ប្រសាទ​ខួរក្បាល។ ​បន្ទាប់​ពី​ញ៉ាំ​កាហ្វេ​ ១៥ ​ឬ​ ២០ នាទី​ ប្រព័ន្ធ​ប្រសាទ​ខួរក្បាល​នឹង​​ត្រឡប់​មក​ប្រសើរ​ជាង​មុន ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ចងចាំ​រយៈពេល​ខ្លី​បាន​យ៉ាង​លឿន។

២. ជួយ​ការពារ​ធ្មេញ​ពុក៖ ជាតិ​កាហ្វេអ៊ីន​ជួយ​ដល់​ធ្មេញ​របស់​អ្នក​ពី​ការ​ពុក​ផុយ​ បន្ទាប់​ពី​ញ៉ាំ​នំ​កូគី ​សូកូឡា ​ស្ករគ្រាប់ និង​នំប៉័ង​ផ្អែម​ជា​ដើម។​ បើ​អាច​ អ្នក​គួរ​ញ៉ាំ​កាហ្វេ​មុន​ញ៉ាំ​អាហារ​ទាំង​នេះ។

៣. ជួយ​បន្ថយ​ការ​ឈឺក្បាល៖ ការ​ញ៉ាំ​កាហ្វេ​ជួយ​កាត់បន្ថយ​អាការៈ​ឈឺក្បាល ​វិលមុខ ​ចង់​ក្អួតចង្អោរ និង​ស្រវាំង​ភ្នែក។ ​​បើ​អាច​ សូម​ណែនាំ​ឲ្យ​អ្នក​ញ៉ាំ​កាហ្វេ​ខ្មៅ​មុន​លេប​ថ្នាំ។

៤.​ បង្កើន​ថាមពល និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ៖ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​បន្ទាប់​ពី​ញ៉ាំ​កាហ្វេ​ជា​រៀងរាល់​ព្រឹក? ​បន្ទាប់​ពី​ញ៉ាំ​កាហ្វេ​អ្នក​នឹង​មាន​អារម្មណ៍​ថា​​ មាន​កម្លាំង​ និង​ស្រស់ស្រាយ​ជាង​មុន។

៥. ការពារ​ជំងឺ​ពុក​ឆ្អឹង គាំង​បេះដូង ​ទឹកនោមផ្អែម និង​មហារីក៖ មនុស្ស​ធម្មតា​អាច​ការពារ​ជំងឺ​ខាង​លើ​បាន ដោយ​គ្រាន់​តែ​ញ៉ាំ​កាហ្វេ​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​អ្នក​ដែល​មាន​ជំងឺ​ខ្សោយ​បេះដូងហើយ​​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​​ពី​វិធី​ញ៉ាំ​កាហ្វេ​​​ប្រកប​ដោយ​ប្រសិទ្ធភាព។

ទន្ទឹម​នឹង​ ចំណុចវិជ្ជមាន​ កាហ្វេ​ក៏​មាន​ចំណុច​អវិជ្ជមាន​ផង​ដែរ។ ​

ចំណុច​អវិជ្ជមានទាំង​នោះ​រួម​មាន៖

១. ធ្វើ​ឲ្យ​ញៀន៖ ការ​ញ៉ាំ​កាហ្វេ​រាល់ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​អ្នក​ញៀន។ ​នៅ​ពេល​ដែល​អ្នក​ញៀន​កាហ្វេ​ហើយ​ អ្នក​នឹង​មាន​អារម្មណ៍​​ថា​ នឿយហត់​ អស់​កម្លាំង​ ប្រសិន​មិន​បាន​ញ៉ាំ​នោះ​ទេ។

២. បង្កើន​សម្ពាធ​ឈាម៖ អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​ មិន​គួរ​ញ៉ាំ​កាហ្វេ​​ឡើយ ​ព្រោះ​ជាតិ​កាហ្វេអ៊ីន​ ជំរុញ​សម្ពាធ​ឈាម​ឲ្យ​កើន​ឡើង​​កាន់​តែ​ខ្ពស់​ជាង​មុន។

៣. ​កាហ្វេ​ធ្វើ​ឲ្យ​អ្នក​នោម​ញឹកញាប់​ជាង​ធម្មតា៖ ​ការ​ញ៉ាំ​កាហ្វេ​ ធ្វើ​ឲ្យ​ប្លោកនោម​ផលិត​ទឹកនោម​ច្រើន​ជាង​ធម្មតា។ ក្រៅ​ពី​នេះ​ ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​របស់​ស្ត្រី​ផង​ដែរ​ ពិសេស​ស្រ្តីដែល​​សេព​គ្រឿង​ស្រវឹង។

ដូច្នេះ ​អ្នក​​ដែល​ញ៉ាំ​កាហ្វេ​ជា​ទម្លាប់​​មិន​ចាំបាច់​បារម្ភ​​ច្រើន​ទៀត​ឡើយ ​តែ​​ត្រូវ​ចាំ​ថា ការ​ញ៉ាំ​គួរ​​​ធ្វើ​ក្នុង​កម្រិត​មួយ​ដ៏​ត្រឹមត្រូវ​ ​ត្រឹម​មួយ ឬ​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerlife

Leave a Reply

Your email address will not be published. Required fields are marked *