កាលពីថ្ងៃអាទិត្យ! មានការរញ្ជួយ​ដី​ដ៏​ខ្លាំង បានវាយ​ប្រហារ​​ប្រទេសអ៊ីរ៉ាក់ និង​អ៊ីរ៉ង់

រញ្ជួយដី​កម្រិត ៧,៣រ៉ិចទ័រ បាន​កើត​ឡើង​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ និង​នៅ​ទីក្រុង​បាដាដ កាលពី​ថ្ងៃ​អាទិត្យ។ រញ្ជួយដី​នេះ ក៏​បាន​បំផ្លាញ​ភូមិ​ជា​ច្រើន​របស់​​អ៊ីរ៉ង់ ដែល​នៅ​ជាប់​ព្រំ​ប្រទល់​អ៊ីរ៉ាក់​ផង​​ដែរ។

ភ្លាមៗ​ក្រោយ​ការ​រញ្ជួយដី​នេះ មិន​មាន​របាយការណ៍​បញ្ជាក់​ពី​ទំហំ​នៃ​ការ​ខូច​ខាត​នោះទេ។ ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា ភូមិ​ចំនួន ៨ ក្នុង​ទឹក​ដី​អ៊ីរ៉ង់ ត្រូវ​បាន​បំផ្លាញ ខណៈ​មនុស្ស​យ៉ាង​ហោច​ណាស់ ៦នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេង​ទៀត​បាន​រង​របួស។

ខេត្ត​នៅ​ភាគ​ខាង​ត្បូង​របស់​តួកគី ក៏​រង​ការ​រំញ័រ​ពី​រញ្ជួយដី​នេះ​ដែរ ប៉ុន្តែ​មិន​បង្ក​ការ​ខូចខាត​អ្វី​នោះ​ទេ ចំណែក​ឯ​សារព័ត៌មាន​នៅ​អ៊ីស្រាអែល ក៏​បាន​ចុះផ្សាយ​ពី​រំញ័រ​នៅ​ផ្នែក​ខ្លះ​នៃ​អ៊ីស្រាអែល ដែល​កើត​ឡើង​ពី​ឥទ្ធិពល​នៃ​រញ្ជួយដី​នេះ​ដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay