គ្រោះថ្នាក់ហើយ! យាន្ត​អវកាស​ចិនមួយ នឹង​ធ្លាក់​មកបុក​ផែនដី​ចន្លោះ​ខែ​មករា-មីនា​ ឆ្នាំ២០១៨នេះ

ស្ថានីយ​អវកាស​ដំបូង​របស់​ចិន​ Tinagong-1 ​នឹង​ធ្លាក់​ប៉ះ​ផែនដី​នៅ​ឆ្នាំ​ក្រោយ​នេះ​ក្រោយ​ពី​បញ្ចប់​បេសកកម្ម​ក្នុង​លំហ​អាកាស​របស់​វា​ក្នុង​លក្ខខ័ណ្ឌ​មិន​អាច​គ្រប់គ្រង​បាន។

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ហៅ​កាត់​ថា​ ESA ​ឱ្យ​ដឹង​ថា​ ស្ថានីយ​អវកាស​ទម្ងន់​ ៨,៥ ​តោន​​នេះ​គ្មាន​មនុស្ស​បើក​នោះ​ទេ ​ដែល​នឹង​ធ្លាក់​ចូល​បរិយាកាស​ផែនដី​ក្នុង​ចន្លោះ​ខែ​មករា ​និង​ខែ​មិនា​ឆ្នាំ​ ២០១៨។ ​អ្នក​ជំនាញ​និយាយ​ថា​ កម្ទេចកំទី​ភាគច្រើន​របស់​យាន​ស្ថានីយ​អាច​នឹង​ត្រូវ​ដុត​កម្ទេច​ក្នុង​បរិយាកាស​តែ​បំណែក​ដែល​សេសសល់​ផ្សេងទៀត​អាច​ធ្លាក់​មក​ផែនដី​។

ESA ​ព្យាករណ៍​ថា​ បំណែក​របស់​ Tiangong-1 ​អាច​ធ្លាក់​មក​ក្នុង​ចំណុច​ណាមួយ​នៅ​រយៈទទឹង​ 43ºN ​និង​ 43ºS ដែល​ហ៊ុំ​ព័ទ្ធ​​ទីក្រុង​ធំ​ៗ​ក្នុង​ទ្វីប​អាស៊ី​ដូចជា​ក្រុង​ ប៉េកាំង តូក្យូ បាំងកក សិង្ហបុរី ​និង​ទីក្រុង​ញូដេលី​ប្រទេស​ឥណ្ឌា។ ដោយឡែក​នៅ​មជ្ឈិមបូព៌ា​ ទ្វីប​អាហ្វ្រិក​ និង​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប​ដូចជា​អេស្ប៉ាញ និង​អ៊ីតាលី​ព្រមទាំង​ទីក្រុង​ធំៗ​នៅ​អាមេរិក​ដូចជា​ក្រុង​ សាន់ ហ្រ្វាន់ស៊ីស្កូ, ញ៉ូវ យ៉ក និង​ក្រុង​ម៉ាយអេមី​ក៏​ស្ថិត​ក្នុង​តំបន់​ងាយ​រង​គ្រោះ​ក្នុង​ខ្សែ​រយៈទទឹង​ដែរ។

គួរ​បញ្ជាក់​ថា​ Tiangong-1 ​ដែល​មាន​ន័យ​ជា​ភាសា​ចិន​ថា​ “​ទី​ឋាន​សួគ៌​” មាន​ប្រវែង​បណ្ដោយ​ ១២ ​ម៉ែត្រ​អង្កត់​ផ្ចិត​ ៣,៣ ម៉ែត្រ​និង​ទម្ងន់​ ៨ ៥០៦ ​គីឡូក្រាម​ដែល​បច្ចុប្បន្ន​​មាន​ចម្ងាយ​ប្រមាណ​ ៣០០ ​គីឡូម៉ែត្រ​ក្នុង​គន្លង​គោចរ​។

វា​មិន​ត្រូវ​បាន​​គេ​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​ ២០១៣ ​និង​​បាន​ដាច់​ទំនាក់​ទំនង​​តាំង​ពី​ឆ្នាំ​ ២០១៦ ​មក​ម្ល៉េះ​តែ​យ៉ាង​ណា​ក៏​ដោយ​ ESA ​ថា​ ក្នុង​ប្រវត្តិសាស្ត្រ​លំហ​អាកាស​មិន​ដែល​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ពី​ចំនួន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​កម្ទេចកំទី​ពី​លំហ​អាកាស​នោះ​ទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!