ប្រវត្តិ ភិក្ខុសោម (ងួន សោម) ជាកវីនិពន្ធរឿងទុំទាវ

ភិក្ខុសោម​ មាន​នាម​ពី​កំណើត​មក​ថា ងួន​ សោម (១) កើត​នៅ​ឆ្នាំ​១៨៥២ ក្នុង​ឃុំកំព្រៅ​ ខេត្ត​ស៊ីធរ​កណ្តាល (សព្វថ្ងៃ​ គឺ​ស្រុក​ស៊ីធរកណ្តាល​ ក្នុងខេត្តព្រៃវែង)។ ឪពុក​លោក​នាម​ ងួន​ និង​ម្តាយ​នាម យិន ជា​កសិករ​ធុន​មធ្យម នៅ​ភូមិ​កំព្រៅ។ លោក​មាន​បង​ប្អូន​ប្រាំពីរ​នាក់​ សុទ្ធ​តែ​ប្រុស​ គឺ​ឈ្មោះ សរ នង កិម អុក ស្រី សោម និង​សម។​

កាលលោក ​ងួន​ សោម មាន​អាយុ​១៥ឆ្នាំ ឪពុក​លោក​បាន​បញ្ជូន​រូប​លោក​ឲ្យ​មករៀន​នៅ​វត្ត​​ឥន្ទកាលា ហៅ​​វត្ត​កំព្រៅ។ ពីរឆ្នាំ​ក្រោយ​មក លោក​ក៏​បួស​ជា​សាមណេរ​ក្នុង​វត្ត​ដដែល។ បួស​បាន​តែ​ពីរ​ឆ្នាំ​ ដោយ​ឃើញមាតាបិតា​កាន់​តែ​ចាស់​ សាម​ណេរ​សោម​ក៏​លា​ចាក​សិក្ខាបទ មក​ជួយ​ធ្វើការ​ និង​បម្រើ​អ្នក​មាន​គុណ​វិញ។​

ប៉ុន្តែ​ដោយ​លោក​តា​ងួន​ជា​មនុស្ស​ស្រឡាញ់​ចំណេះវិជ្ជា​ លោក​ក៏​បំបួស​ជីសោម(២) ជា​ភិក្ខុ ដោយ​មាន​ព្រះ​តេជគុណ​រស់ ហៅ​​គង់​ជា​ឧបជ្ឈាយ៍។ ក្នុង​ជន្មាយុ​២១ឆ្នាំ​ ភិក្ខុសោម​ក៏​មាននាម​បញ្ញត្តិ​ថា​ព្រះ​បទុមត្ថេរ​។ បន្ទាប់​មក​ ក្នុង​តួនាទី​ជា​ចៅ​អធិការ​វត្ត​កំព្រៅ​ លោក​ក៏​បាន​ទទួល​ឋានន្តរសក្តិ​ជា​ព្រះឧបជ្ឈាយ៍​ ងារ​ជា​ព្រះ​សង្ឃ​វង្សសោម។​

ព្រះ​ភិក្ខុសោម​ស្រឡាញ់​ព្រះ​ពុទ្ធ​សាសនា​ណាស់។ លោក​ខិត​ខំ​សិក្សា​ធម៌​វិន័យ​ឥត​ធ្វេស​ប្រហែស​។ ក្រៅ​ពីនេះ លោក​ចូល​ចិត្ត​អាន​សាស្ត្រា​ស្លឹក​រឹត​នានា។ កាលណា​លោក​ចង់​សរសេរ​កាព្យ​ឃ្លោង​ លោក​តែង​និមន្ត​ទៅ​គង់​នៅ​មាត់​ស្រះ​។ ក្រៅ​ពី​កិច្ចការ​និពន្ធ​ ភិក្ខុ​មាន​ចំណេះ​ខាង​ស្មិត​យ៉ាង​ស្ទាត់​ជំនាញ។​ លោក​កសាង​ព្រះ​បដិមា​ ឆ្លាក់​ខ្សៀរ​ជា​រូប​សេក​ ធ្វើ​ជើង​ពាន កាំបិត​ ពូថៅ – ល – ។

​ភិក្ខុសោម​មាន​សិស្ស​គណចូល​មក​រៀនវិជ្ជា​តែង​កាព្យ​​ជាច្រើន។ គេដំណាលថា​ កវី​នេះ​បាន​តែង​រឿង​ច្រើន​ ដូច​ជា​ផ្ការាំ​ទឹក​រាំ (១៩១១) សព្វសិទ្ធិ(៣) សុភមិត្រ – ល – ប៉ុន្តែ​គេ​ពុំ​បាន​ឃើញ​ស្នាដៃ​ទាំង​នេះ សល់​ទុក​មក​ទេ គេ​រក​ឃើញ​តែ​រឿង​ទុំទាវ​មួយ​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​ជូត​ ខែ​មាឃ ត្រូវ​នឹង​គ.ស.​ ១៩៣២ ព្រះ​ភិក្ខុ​ក៏​សុគត​ ដោយ​ជរាពាធ ក្នុង​ជន្មាយុ​៨០ឆ្នាំ៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ somkhann