ផោមស្អុយមែនទេ? ចង់ដឹងអត់ធ្វើយ៉ាងម៉េច កុំឲ្យផោមស្អុយ?

អ្នកណាដែលថាមិនធ្លាប់ផោម គ្រាន់តែអ្នកខ្លះឧស្សាហ៍ផោម ហើយអ្នកខ្លះទៀតផោមម្តងម្កាលតែប៉ុណ្ណោះ ប៉ុន្តែឲ្យតែផោមគឺសុទ្ធតែមានក្លិនមិនល្អទាំងអស់ហ្នឹង។ អ្នកខ្លះផោមស្អុយ ខ្លះមិនសូវទេ ហើយអ្នកខ្លះផោមស្អុយហើយឮសម្លេងខ្លាំងៗទៀត ពិតជាខ្មាសគេខ្លាំងណាស់។

តើ “ផោម” ជាអ្វី ហើយវាកើតឡើងដោយរបៀបណា? “ផោម” ជាមុខងារធម្មជាតិមួយ របស់រាងកាយ ដែលកើតឡើង នៅពេលអាហារឆ្លងកាត់ប្រពន្ធ័រំលាយអាហារ។ “ផោម” កើតចេញពីបាក់តេរី នៅក្នុងពោះវៀន បំបែកសារធាតុចិញ្ចឹម ដែលសេសសល់ ដូចជា ជាតិសរសៃ និង កាបូអ៊ីដ្រាត ដែលមិនអាចស្រូបចូលរាងកាយបាន ហើយបង្កើតជាឧស្ម័នស្ពាន់ធ័រ ដែលបង្កើតក្លិន និង ឧស្ម័នយ៉ាងច្រើន។

នៅពេលដែលអ្នកផោម នៅក្នុងចំណោមមនុស្សជាច្រើន វាពិតជាធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រណុកក្នុងខ្លួននោះទេ ហើយក៏ធ្វើឲ្យអ្នកខ្មាស់គេមិនស្ទើនោះដែរ។ ដូច្នេះ ថ្ងៃនេះ ខ្មែរឡូត នឹងលើយកប្រធានបទមួយស្តីពីវិធី “ធ្វើយ៉ាងណាកុំឲ្យផោមមានក្លឹនមិនល្អ និងកាត់បន្ថយការផោម” មកជម្រាបជូនមិនអ្នកអានទាំងអស់គ្នា។

ដើម្បីកាត់បន្ថយការផោមរបស់អ្នកមិនឲ្យមានក្លឹនមិនល្អ អ្នកត្រូវបរិភោគអាហារ និងភេសជ្ជៈមួយចំនួនឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាអាហារ និងភេសជ្ជៈដែលអ្នកគួរ និងមិនគួរបរិភោគ៖

អាហារដែលត្រូវញ៉ាំ

១) ញ៉ាំយ៉ាអួ

យ៉ាអួ អាចទប់ស្កាត់ការរីកលូតលាស់របស់បាក់តេរីអាក្រក់ នៅក្នុងផ្លូវរំលាយអាហារ។ ការញ៉ាំយ៉ាអួ ក្នុងមួយថ្ងៃឲ្យបាន ៣០០ក្រាម គឺអាចជួយកាត់បន្ថយឧស្ម័នដែលមាននៅក្នុងពោះវៀនធំបាន។

២) ញ៉ាំដំឡូងផ្អែមឲ្យបានច្រើន

អាហារដែលមានជាតិសសៃច្រើន ភាគច្រើនមាននៅក្នុងបន្លែ ជាពិសេសគឺដំឡូងផ្អែម វាអាចជួយសម្រួលដល់ដំណើរការរបស់ពោះវៀនធំ ហើយត្រូវចងចាំថា ការទល់លាមក ក៏ជាកត្តាចម្បងដែលបណ្តាលឲ្យផោមមានក្លឹនមិនល្អដែរ។ ជាមួយនឹងការទទួលទានអាហារដែលមានជាតិសសៃក្នុង១ថ្ងៃ ១០០ក្រាម គឺអាចជួយសម្រួលដល់ការរំលាយអាហារដែលពិបាលរំលាយ នៅក្នុងពោះវៀនធំ។

៣) ទទួលទានតែបៃតង

មនុស្សមួយចំនួនមិនចូលចិត្តញ៉ាំយ៉ាអួនោះទេ ដូច្នេះប្រសិនបើអ្នកមិនចូលយ៉ាអួ នោះទេ យើងណែនាំអ្នកឲ្យញ៉ាំតែបៃតង ជំនួសវិញ។ តែបៃតង មានផ្ទុកទៅដោយសារធាតុ Catechin ដែលអាចសម្លាប់បាក់តេរីអាក្រក់ ដោយមិនបង្កផលប៉ះពាល់ដល់បាក់តេរីដែលល្អ នៅក្នុងបំពង់រំលាយអាហារនោះឡើយ។

៤) ទទួលទានទឹក ឬភេសជ្ជៈមុនពេលញ៉ាំអាហារ

ប្រសិនបើអ្នកផឹកទឹក ឬភេសជ្ជៈណាមួយមុនពេលទទួលទានអាហារ វាជួយកាត់បន្ថយអាស៊ីតក្រពះ និងជួយសម្រួលដល់អាហារដែលពិបាករំលាយផងដែរ។ យល់ល្អអ្នកគួរព្យាយាមផឹកទឹក ឲ្យបាន ៣០នាទីមុនពេលទទួលទានអាហារ ដើម្បីជួយក្រពះរបស់អ្នកឲ្យរំលាយអាហារឲ្យបានល្អប្រសើរ។

 

អាហារដែលមិនត្រូវញ៉ាំ

១) ចៀសវាងការញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់

អាហារដែលមានជាតិខ្លាញ់ខ្ពស់ នឹងបង្កើតជាកាបូនឌីអុកស៊ីត(CO2) ក្នុងចំនួនយ៉ាងច្រើន នៅក្នុងរាងកាយ ហើយវាត្រូវបញ្ចេញមកខាងក្រៅក្នុងទម្រង់ជាផោម។

២) កាត់បន្ថយចំនួនខ្យល់ដែលអ្នកបានលេបចូលក្នុងពោះ

ចៀសវាងការនិយាយ និងសើច ខណៈពេលដែលកំពុងញ៉ាំអាហារ ដែលជាលទ្ធផលនៅក្នុងការលេបនេះខ្យល់ចូលក្នុងពោះ។ ញ៉ាំ និងផឹកយឺតៗ ហើយទំពារអាហាររបស់អ្នកផងដែរ។

៣) កុំញ៉ាំស្ករកៅស៊ូ ឬជក់បារី

ការញ៉ាំស្ករកៅស៊ូ ឬជក់បារី អាចបណ្តាលឲ្យអ្នកលេបខ្យល់ចូលទៅក្នុងពោះជាច្រើន ហើយវាក៏ជាហេតុដែលបណ្តាលឲ្យមានជំងឺហើមពោះ ឬមានសម្ពាធខ្យល់កើនឡើងបានផងដែរ។

៤) ចៀសវាងការញ៉ាំអាហារដែលមានរសជាតិហិរ

អាហារដែលមានរសជាតិហិរ អាចបង្កឲ្យអាស៊ីក្រពះមានការកើនឡើង ដែលបណ្តាលក្តៅក្រហាយ ឬរលាកដល់ពោះវៀន និងបង្កជាក្លិនមិនល្អ។

៥) ចៀសវាងការទទួលទានភេសជ្ជៈដែលមានអាស៊ីតខ្ពស់

ភេសជ្ជៈដែលមានអាស៊ីតខ្ពស់ មានដូចជា តែ កាហ្វេ គ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិហ្គាស។

៦) មិនគួរញ៉ាំប្រភេទបន្លែមួយចំនួនខាងក្រោម ក្នុងចំនួនច្រើន

ការញ៉ាំ សណ្តែកសៀង, ផ្កាខាត់ណា, ស្ពៃក្តោប, ខាត់ណាបៃតង, គ្រាប់ធញ្ញជាតិក្រៀម, និងចេក ក្នុងចំនួនច្រើន អាចបង្កឲ្យមានឧស្ម័នច្រើននៅក្នុងពោះវៀន។

៧) មិនគួរញ៉ាំអាហារ ៣ដងក្នុងមួយថ្ងៃ

អ្នកមិនគួរមានទម្លាប់ញ៉ាំអាហារមួយថ្ងៃ៣ដង ក្នុងចំនួនច្រើននោះទេ (ជាទូទៅ គឺព្រឹក ថ្ងៃ ល្ងាចឬយប់) ប៉ុន្តែអ្នកគួរតែបែងចែកពេលវេលាញ៉ាំអាហារឲ្យបាន៥ដង ក្នុងមួយថ្ងៃ ក្នុងចំនួនអាហារតិចតួច ព្រោះវាអាចជួយដល់ក្រពះ ក្នុងការំលាយអាហារបានល្អ។

៨) កុំនៅស្ងៀមមួយកន្លែង បន្ទាប់ពីញ៉ាំអាហារហើយ

បន្ទាប់ពីញ៉ាំអាហាររួចហើយ អ្នកគូរតែដើរបន្តិចបន្តួច ឬក៏ឡើងកាំជណ្តើរយឺតៗ ព្រោះវាអាចជួយសម្រួលដល់ការរំលាយអាហារ ជាជាងនៅស្ងៀមមួយកន្លែងទុកឲ្យក្រពះកិនអាហារទាំងអស់ដែលមាននៅក្នុងពោះរបស់អ្នក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload