ប្រវត្តិសង្ខេបកំពូលស្រ្តី ១២ រូប ដែលជាភរិយារបស់មេដឹកនាំប្រទេសមហាអំណាចនៅលើពិភពលោក

មានបុគ្គលជាច្រើនរូបណាស់ដែលកំពុងកាន់អំណាច ដែលមនុស្សនៅលើពិភពលោកកំពុងកោតសរសើរស្នាដៃដ៏មហិមារបស់បុគ្គលទាំងនោះ ដោយសារបុគ្គលទាំងនោះជាអ្នកគ្រប់គ្រងប្រទេស និងពិភពលោកទាំងមូល។ បុគ្គលទាំងនោះ គឺចង់សំដៅលើនាយករដ្ឋមន្រ្តី, ប្រធានាធិបតី និងមេដឹកនាំកំពូល ដែលកំពុងគ្រប់គ្រងស្ថានភាពមនុស្សនៅលើពិភពលោក ហើយជាពិសេសពួកគេជាបុគ្គលដែលមានអំណាច និងមានឥទ្ធិពលផងដែរ។ ទន្ទឹមនឹងការស្គាល់បុគ្គលទាំងនោះ តើអ្នកទាំងអស់គ្នាបានស្គាល់ភរិយារបស់បុគ្គលទាំងនោះដែរឬទេ? តើស្រ្តីទាំងនោះជានរណាមានកម្រិតវប្បធម៌យ៉ាងណាដែរ? ហើយពួកគេរៀបការនៅឆ្នាំណា? មានកូនប៉ុន្មាននាក់? ជនជាតិអ្វីដែរ? ដូចនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នាដូចខាងក្រោមនេះ៖

១) ភរិយារបស់លោកប្រធានាធិបតីអាមេរិក

លោក Donald Trump ប្រធានាធិបតីអាមេរិក និងលោកស្រី Melania Trump

លោកស្រី Melania Trump (ស្លូវេនី-អាមេរិក) ជាជំទាវទី១ក្នុងប្រទេសអាមេរិក កើតនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ១៩៧០ ក្នុងទីក្រុង Novo Mesto នៃប្រទេសយូហ្គោស្លាវី។ លោកស្រីបានរៀបការជាមួយលោក Donald Trump ដែលជាប្រធានាធិបតីអាមេរិកទី ៤៥ នៅឆ្នាំ២០០៥ ដោយទទួលបានកូនប្រុសម្នាក់ឈ្មោះ Barron Trump។ លោកស្រីបានចូលរៀនថ្នាក់អនុ​វិទ្យាល័យ និងវិទ្យាល័យក្នុងទីក្រុង Ljubljana ផ្នែកថតរូប និងការរចនា។ លោកស្រីបានចូលរៀននៅសាកលវិទ្យាល័យ Ljubljana ផ្នែកស្ថាបត្យកម្មនិងការរចនា ត្រឹមតែ១ឆ្នាំ រួចក៏ឈប់រៀន។ បន្ទាប់មកលោកស្រីបានធ្វើការជាអ្នកបង្ហាញម៉ូតនៅទីក្រុង Milan និង Paris ហើយក្រោយមកផ្លាស់ប្តូរទៅរស់នៅទីក្រុងញូយ៉កនៅឆ្នាំ១៩៩៦ រួចបានចូលជាពលរដ្ឋអាមេរិកនៅឆ្នាំ២០០៦។

២) ភរិយារបស់លោកប្រធានាធិបតីចិន

លោក Xi Jinping ជាប្រធានាធិបតីចិន និងលោកស្រី Peng Liyuan

លោកស្រី Peng Liyuan (ចិន) ជាជំទាវទី១របស់ប្រទេសចិន កើតនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ១៩៦២ ក្នុងទីក្រុង Linyi ប្រទេសចិន។ លោកស្រីបានរៀបការជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅឆ្នាំ១៩៨៧ ដោយទទួលបានកូនស្រីម្នាក់ឈ្មោះ Xi Mingze (១៩៩២)។ នៅថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ២០១៤ សាកលវិទ្យាល័យ Massey នៅប្រទេសនូវែលសេឡង់បានប្រគល់ពានរង្វាន់បណ្ឌិតកិត្តិយសដល់លោកស្រី Peng Liyuan ដែលទទួលស្គាល់ការរួមចំណែករបស់លោកស្រីចំពោះសិល្បៈសំដែង, សុខភាព និងការអប់រំ។ លោកស្រីបានធ្វើជាតារាចម្រៀង និងសម្តែង ជាពិសេសលោកស្រីជាប្រធាននៅមហាវិទ្យាល័យសិល្បៈសេរីភាពប្រជាជនតាំងពីខែឧសភា ឆ្នាំ២០១២មកម៉្លេះ។

៣) ភរិយារបស់លោកប្រធានាធិបតីបារាំង

លោកស្រី Brigitte Trogneux និងលោក Emmanuel Macron ជាប្រធានាធិបតីបារាំង

លោកស្រី Brigitte Trogneux (បារាំង) ជាជំទាវទី១នៃប្រទេសបារាំង កើតនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ១៩៥៣ នៃទីក្រុង Amiens ប្រទេសបារាំង។ លោកស្រីធ្លាប់រៀបការចំនួនពីរដង ដោយលើកទី​១ ជាមួយលោក André-Louis Auzière ដែលជាអ្នកធនាគារ ពីឆ្នាំ១៩៧៤ ហើយលែងលះគ្នានៅឆ្នាំ២០០៦ និងលើកទី២ ជាមួយលោក Emmanuel Macron ដែលជាប្រធានាធិបតីបារំាង នៅឆ្នាំ២០០៧​ សម្រាប់លោកស្រីមានកូនចំនួន៣នាក់។ លោកស្រីធ្លាប់បង្រៀនអក្សរសាស្រ្តនៅមហាវិទ្យាល័យ Lucie-Berger ក្នុងទីក្រុង Strasbourg នៅកំឡុងឆ្នាំ១៩៨០ ហើយលោកស្រីបានបង្រៀនភាសាបារាំង និងឡាទីន  នៅអនុវិទ្យាល័យ Lycée la Providence និងវិទ្យាល័យ Jesuit ក្នុងទីក្រុង Amiensនៅកំឡុងឆ្នាំ១៩៩០ នៅពេលនោះហើយដែលលោកស្រីបានជួបគ្នាជាមួយលោក Emmanuel Macron ហើយលោកស្រីក៏ធ្លាប់ធ្វើជាសាស្ត្រចារ្យអក្សរសិល្ប៍នៅមហាវិទ្យាល័យ Saint-Louis de Gonzague នៅទីក្រុងប៉ារីស។

៤) ស្វាមីរបស់លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស

លោក Philip May និងលោកស្រី Theresa May ជាប្រធានាធិបតីអង់គ្លេស

លោក Philip May (អង់គ្លេស) ជាស្វាមីរបស់លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស កើតនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ១៩៥៧ នៃទីក្រុង Norwich ក្នុងប្រទេសអង់គ្លេស។ លោកបានរៀបការជាមួយលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេស Theresa May នៅឆ្នាំ១៩៨០ ខណៈពេលដែលលោកបានស្គាល់គ្នាកាលនៅរៀនសាកលវិទ្យាល័យ Oxford។ លោកជាបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Lincoln នៃសាកលវិទ្យាល័យ Oxford ផ្នែកប្រវត្តិសាស្រ្ត ហើយលោកធ្លាប់ការជាប្រធានសហជីពសង្គម Oxford កាលពីឆ្នាំ១៩៧៩។ បន្ទាប់មកនៅឆ្នាំ២០១៦ លោកធ្វើជាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអាមេរិក។

៥) អតីតភរិយារបស់លោកប្រធានាធិបតីរុស្ស៊ី

លោកស្រី Lyudmila Putina និងលោក Vladimir Putin ជាប្រធានាធិបតីរុស្ស៊ី

លោកស្រី Lyudmila Putina ជាអតីតជំទាវទី១ របស់ប្រទេសរុស្ស៊ី កើតនៅថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៥៨ នៃមជ្ឈមណ្ឌល Kaliningrad នៃប្រទេសរុស្ស៊ី (អតីសូវៀត)។ លោកស្រីបានរៀបការចំនួនពីរលើក ដោយលើកទី១ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅឆ្នាំ១៩៨៣ រហូតដល់ឆ្នាំ២០១៤ (លែងលះគ្នា) និងលើកទី២ ជាមួយលោក Artur Ocheretny នៅឆ្នាំ២០១៥ ដោយលោកស្រីមានកូនចំនួន២នាក់។ នៅឆ្នាំ១៩៨៦ លោកស្រីបានបញ្ចប់ការសិក្សាពីភាសាអេស្ប៉ាញ និងនិរុត្តិវិទ្យា ផ្នែកនិរុត្តិវិទ្យា នៃសាកលវិទ្យាល័យ Leningrad។ ពីឆ្នាំ១៩៩០-១៩៩៤ លោកស្រីធ្លាប់ជាសាស្រ្តាចារ្យបង្រៀនភាសាអាល្លឺម៉ង់ នៅសាកលវិទ្យា Leningrad State ហើយលោកស្រីធ្លាប់ធ្វើជាតំណាងជាន់ខ្ពស់ឲ្យក្រុមហ៊ុនទូរគមនាគមន៍មួយចំនួន២-៣ឆ្នាំផងដែរ។

៦) ភរិយារបស់លោកនាយករដ្ឋមន្រ្តីកាណាដា

លោកស្រី Sophie Grégoire និងលោក Justin Trudeau ជានាយករដ្ឋមន្រ្តីកាណាដា

លោកស្រី Sophie Grégoire (កាណាដា) ជាជំទាវទី១របស់ប្រទេសកាណាដា កើតនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩៧៥ នៃទីក្រុង Montreal ខេត្ត Quebec ប្រទេសកាណាដា។ លោកស្រីបានរៀបការជាមួយលោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០០៥ ដោយមានកូនចំនួន៣នាក់។ លោកស្រីបានចូលរៀនវិទ្យាល័យឯកជនមួយ ក្នុងទីក្រុង Outremont បន្ទាប់មកលោកស្រីបានចូលរៀននៅមហាវិទ្យាល័យ Jean-de-Brébeuf ក្រោយមកលោកស្រីបានចូលរៀននៅសាកលវិទ្យាល័យ McGill ផ្នែកពាណិជ្ជកម្មរួចក៏ដូរសាលាទៅរៀននៅសាកលវិទ្យាល័យ de Montréal ផ្នែកទំនាក់ទំនងវិញ (បរិញ្ញាបត្រ) ហើយលោកស្រីក៏បានចូលរៀននៅសាលាផ្នែកវិទ្យុ និងទូរទស្សន៍ផងដែរ។ លោកស្រីធ្លាប់ធ្វើជាអ្នកទទួលភ្ញៀវ និងជំនួយការផ្សព្វផ្សាយភាពយន្ត បន្ទាប់មកក៏ឡើងដំណែងជាអ្នកគ្រប់គ្រងគណនេយ្យផ្នែកផ្សព្វផ្សាយ, ទំនាក់ទំនងសាធារណ​ និងលក់ ហើយបន្ទាប់មកលោកស្រីក៏ធ្លាប់ធ្វើជាពីធីការនី និងជាអ្នកកាសែតក្នុងកញ្ចក់ទូរទស្សន៍។

៧) អតីតភរិយារបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា

លោកស្រី Jashodaben និងលោក Narendra Modi ជានាយករដ្ឋមន្រ្តីឥណ្ឌា

លោកស្រី Jashodaben (ឥណ្ឌា) ជាអតីតជំទាវទី១នៃប្រទេសឥណ្ឌា កើតនៅឆ្នាំ១៩៥២ នៃរដ្ឋ Bombay State (សព្វថ្ងៃជារដ្ឋ Gujarat) ប្រទេសឥណ្ឌា។ លោកស្រីបានរៀបការជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ដោយសម្ងាត់បំផុត នៅឆ្នាំ១៩៦៨ តែត្រូវចែកផ្លូវគ្នាវិញ។ លោកស្រីធ្លាប់ជាគ្រូបង្រៀនថ្នាក់បឋមសិក្សាពីឆ្នាំ១៩៧៨-១៩៩០ នៅស្រុក Banaskantha ដោយទទួលបានប្រាក់ខែ ២២០ ដុល្លារអាមេរិក/ខែ ហើយក្រោយមកទៀតលោកស្រីបានបួសដោយក្រោកពីព្រឹកនៅម៉ោង ៥ ដើម្បីសូត្រធម៌ និងទៅព្រះវិហារ។

៨) ភរិយារបស់លោកមេដឹកនាំកូរ៉េខាងជើង

លោក Kim Jong-un ជាមេដឹកនាំកូរ៉េខាងជើង និងលោកស្រី Ri Sol-ju

លោកស្រី Ri Sol-ju (កូរ៉េខាងជើង) ជាជំទាវទី១របស់ប្រទេសកូរ៉េខាងជើង ប្រហែលកើតនៅឆ្នាំ១៩៨៥-១៩៨៩ នៃប្រទេសកូរ៉េខាងជើង។ លោកស្រីបានរៀបការជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១២ ដោយទទួលបានកូនចំនួន ០៣ នាក់ (ស្រី២នាក់)។ លោកស្រីបាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​ Geumsung 2 Middle School ក្នុង​ទីក្រុង​ Pyongyang និង​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន​ ផ្នែក​ចម្រៀង​ និង​តន្ត្រី​ ។ ក្រោយ​មក​លោកស្រី ក៏​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​ក្នុង​ក្រុម​តន្ត្រី​ដ៏​ល្បី​មួយ​ប្រចាំ​ប្រទេស​ឈ្មោះ​ថា​ “Pochonbo Electronic Ensemble”។ លោកស្រី​ធ្លាប់​បាន​រៀន​ច្រៀង​នៅ​ក្នុង​ប្រទេស​ចិន ហើយ​បាន​ទៅ​ប្រទេស​កូរ៉េខាងត្បូង នៅ​ឆ្នាំ​២០០៥ ក្នុង​នាម​ជា​សមាជិក​ក្រុម​អ្នក​លើក​ទឹកចិត្ត​របស់​កូរ៉េខាងជើង។ លោកស្រី Ri ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​ចូលចិត្ត​ម៉ូដ​ពី​បរទេស ហើយ​ធ្លាប់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ កាន់​កាបូប​ថ្លៃៗ​ដូច​ជា​ម៉ាក Dior និង Chanel ជាដើម។ លោកស្រីជា​តារា​ចម្រៀង​ ក្នុង​ក្រុម​តន្រ្តី​ Unhasu Orchestra ដែល​ធ្លាប់​បាន​ទៅ​សម្ដែង​នៅ​បរទេស​ជា​ច្រើន​ដង​។ ជាក់​ស្ដែង​កាល​ពី​ឆ្នាំ​ ២០០៥​ អតីតអ្នកចម្រៀងរូបនេះ ធ្លាប់​បាន​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប្រចាំ​តំបន់​អាស៊ី​ ក្នុង​នាម​ជា​​សមាជិក​ក្នុង​ក្រុម​អបអរ​ប្រចាំ​កូរ៉េ​ខាង​ជើង ហើយ​ក៏​បាន​ច្រៀង​នៅ​ឯ​ពហុកីឡដ្ឋាន​បាល់បោះ​ក្នុង​ទីក្រុង​ Incheon ផង​ដែរ​។ ក្រៅ​ពី​នេះលោកស្រី ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​តន្ត្រី​មួយ​ក្នុង​ខែ​តុលា ២០១០ ត្រូវ​នឹង​ខួប​ទី​៦៥​នៃ​ការ​បង្កើត​គណបក្ស​ពលករ និង​បន្ត​បន្ទាប់​ទៀត នាង​ក៏​បាន​ចូល​រួមច្រៀង​ក្នុង​កម្មវិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២០១១ កូរ៉េ​ខាង​ជើង​ទៀតផង​។

៩) ភរិយារបស់លោកនាយករដ្ឋមន្រ្តីជប៉ុន

លោក Shinzō Abe ជានាយករដ្ឋមន្រ្តីជប៉ុន និងលោកស្រី Akie Matsuzaki

លោកស្រី Akie Matsuzaki (ជប៉ុន) ជាជំទាវទី១នៃប្រទេសជប៉ុន កើតនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ១៩៦២ នៃទីក្រុងត្យូក្យូ នៃប្រទេសជប៉ុន។ លោកស្រីបានរៀបការជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzō Abe នៅឆ្នាំ១៩៨៧ ដោយពួកគេមិនមានកូននោះទេ។ លោកស្រីកើតក្នុងត្រកូលអភិជន ដែលឪពុករបស់លោកស្រីជាប្រធានក្រុមហ៊ុនស្ករគ្រាប់ និងដំណាប់ Morinaga & Co ហើយលោកស្រីបានចូលរៀននៅសាលាបឋម និងវិទ្យាល័យឯកជន Sacred Heart ក្នុងទីក្រុងតូក្យូ បន្ទាប់មកលោកស្រីបានបញ្ចប់ការសិក្សានៅមហាវិទ្យាជំនាញវិជ្ជាជីវ Sacred Heart។ លោកស្រីបានធ្វើការនៅឌីជេ (DJ) នៅក្នុងវិទ្យុ នៃទីក្រុង Shimonoseki។ 

១០) ភរិយារបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង

លោក Moon Jae-in ជាប្រធានាធិបតីកូរ៉េខាងត្បូង និងលោកស្រី Kim Jung-sook

លោកស្រី Kim Jung-sook (កូរ៉េខាងត្បូង) ជាជំទាវទី១នៃប្រទេសកូរ៉េខាងត្បូង កើតនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ១៩៥៤ ក្នុងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង ហើយលោកស្រីបានរៀបការជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ដែលកំពុងកាន់ដំណែងសព្វថ្ងៃនេះ ដោយលោកស្រីបញ្ចប់ការសិក្សាផ្នែកសិល្បះបុរាណ នៅសាកលវិទ្យាល័យ Kyunghee។

១១) ភរិយារបស់លោកប្រធានាធិបតីប្រេស៊ីល

លោកស្រី Marcela Tedeschi និងលោក Michel Temer ជាប្រធានាធិបតីប្រេស៊ីល

លោកស្រី Marcela Tedeschi (ប្រេស៊ីល) ជាជំទាវទី១នៃប្រទេសប្រេស៊ីល កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ១៩៨៣ ក្នុងរដ្ឋ São Paulo នៃប្រទេសប្រេស៊ីល ហើយលោកស្រីបានរៀបការជាមួយប្រធានាធិបតីប្រេស៊ីលលោក Michel Temer នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០០៣។ លោកស្រីបានបញ្ចប់ការសិក្សានៅសាលា Escola Estadual Porphyrio da Paz លោកស្រីបានទៅធ្វើការជាអ្នកនាំភ្ញៀវរបស់កាសែត O Momento។ នៅឆ្នាំ២០០២ កាលលោកស្រីមានអាយុ១៩ឆ្នាំ លោកស្រីបានជាប់ជាបរកញ្ញានៅក្រុង Paulínia ប្រទេសប្រេស៊ីល ក្រោយមកលោកស្រីបានទៅរស់នៅនៅរដ្ឋ São Paulo។ នៅឆ្នាំ២០០៩ លោកស្រីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Fadisp ផ្នែកច្បាប់ នៅរដ្ឋ São Paulo។ 

១២) ភរិយារបស់លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី

លោក Malcolm Turnbull ជានាយករដ្ឋមន្រ្តីអូស្រ្តាលី និងលោកស្រី Lucy Hughes

លោកស្រី Lucy Hughes (អូស្រ្តាលី) ជាជំទាវទី១នៃប្រទេសអូស្រ្តាលី កើតនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៥៨ នៃរដ្ឋ New South Wales ប្រទេសអូស្រ្តាលី។ លោកស្រីបានរៀបការជាមួយនាយករដ្ឋមន្រ្តីប្រទេសអូស្រ្តាលីលោក Malcolm Turnbull នៅឆ្នាំ១៩៨០ ដោយទទួលបានកូនចំនួន២នាក់។ លោកស្រីបានចូលរៀននៅសាលាកាតូលិក Kincoppal ហើយបន្ទាប់មកបានចូលរៀននៅសាកលវិទ្យាល័យ Sydney ផ្នែកច្បាប់ នៅឆ្នាំ១៩៨២ បន្ទាប់មកលោកស្រីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ New South Wales ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ នៅឆ្នាំ១៩៩៩-២០០៣ លោកស្រីធ្លាប់ធ្វើជាអភិបាលរងក្រុង ក្រោយមកទៀតលោកស្រីធ្វើជាអភិបាលក្រុង Sydney (២០០៣-២០០៤)។ លោកស្រីក៏ជាប្រធានក្រុមហ៊ុនហិរញ្ញវត្ថុ និងវិនិយោគ Turnbull & Partners Pty Ltd ដែលជាក្រុមហ៊ុនឯកជនមួយក្នុងប្រទេសអូស្រ្តាលី ហើយលោកស្រីក៏ជាក្រុមប្រឹក្សាភិបាលឧទ្យានបច្ចេកវិទ្យាអូស្រ្តាលី និងជាមន្រ្តីគ្រប់គ្រងសណ្តាប់ធ្នាប់អូស្រ្តាលីមួយផងដែរ៕

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia