រូប​គំនូរ​ស្ត្រី​ទី​១​ អាមេរិក​+រូបថត៣ទៀត ​ដាក់​ដេញ​ថ្លៃ​យក​ថវិកា​ឲ្យ​ពេទ្យ​គន្ធបុប្ផា

រូប​គំនូរ​ស្ត្រី​ទី​១​ អាមេរិក​ លោក​ស្រី​ Jacqueline Kennedy ភរិយា​របស់​ប្រធានាធិបតី​ទី​៣៥​ សហរដ្ឋ​អាមេរិក លោក John F. Kennedy ​រួម​នឹង​​រូបថត Portrait​ ប្រាសាទ​បាយ័ន​ សម្លៀកបំពាក់​ និង​ការ​ស្នាក់​នៅ​វិឡា​លំដាប់​ផ្កាយ​៥ ​នឹង​ត្រូវ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ ដើម្បី​យក​ប្រាក់​ឲ្យ​ពេទ្យ​គន្ធបុប្ផា​ នៅ​ល្ងាច​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ Raffles Hotel Le Royal រាជធានី​ភ្នំពេញ​នេះ​។

លក្ខណៈ​ពិសេស នៃ​របស់​ដែល​ត្រូវ​ដាក់​ដេញ​ថ្លៃ​ទាំង​៤​នោះ​គឺ៖

១) រូប​គំនូរ​ Lithography ស្ត្រី​ទី​១​អាមេរិក​

រូប​គំនូរ​ស្រ្ដី​ទី​១​អាមេរិក Jacqueline Kennedy គូរដោយសិល្បករ Christian Develter

លោក​ស្រី​ Jacqueline Kennedy គឺ​ជា​រូប​គំនូរ​ដែល​គូរ​ដោយ​សិល្បករ​ល្បី​ឈ្មោះ​នៅ​លើ​ពិភពលោក​ ជនជាតិ​បែលហ្ស៊ិក​ លោក​ Christian Develter។ ស្នាដៃ​របស់​សិល្បករ​រូប​នេះ​ ធ្លាប់ត្រូវ​បាន​យក​ទៅ​ដាក់​តាំង​បង្ហាញ​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ​។​​

២) រូបថត​ Portrait​ ប្រាសាទ​បាយ័ន​១​សន្លឹក​

រូបថត​ Portrait ប្រាសាទ​បាយ័ន ថតដោយ John MCDermott

រូបថត​ Portrait​ ប្រាសាទ​បាយ័ន​១​សន្លឹក​ គឺ​ជា​រូប​ថត​ដែល​ថត​ដោយ​អ្នក​ថត​រូប​ល្បី​ជន​ជាតិ​អាមេរិក​លោក ​John McDermott។ ​រូប​ថត​ជា​ច្រើន​របស់​អ្នក​ថត​រូប​ល្បី​រូប​នេះ​ក៏​មាន​ដាក់​តាំង​ក្នុង​ ​Art Gallery John McDermott ដែល​មាន​ទី​តាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ខាង​លិច​ស្ទឹង​សៀមរាប​​។

៣) សម្លៀកបំពាក់​រចនា​ដោយ​អ្នក​ច្នៃ​ម៉ូដ​ល្បី​ជនជាតិ​បារាំង​លោក Eric Raisina។ សំលៀក​បំពាក់​របស់​អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​ធ្លាប់​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​ Fashion Show ធំ​ៗ​នៅ​លើ​ពិភពលោក​ ហើយ​មាន​ទីតាំង​លក់​៤​កន្លែង​ មាន​នៅ​ទីក្រុង​ប៉ារីស​ ១​កន្លែង​ នៅ​ខេត្ត​សៀមរាប​ ២​កន្លែង​ និង​នៅ​រាជធានី​ភ្នំពេញ​ ១កន្លែង។

៤) ការ​ស្នាក់​២​យប់​នៅ​វិឡា​លំដាប់​ផ្កាយ​៥

វីឡា​លំដាប់​ផ្កាយ​ ៥ Raffles Grand Hotel d’Angkor

ការ​ស្នាក់​២​យប់​នៅ​វិឡា​លំដាប់​ផ្កាយ​៥នៅសណ្ឋាគារ Raffles Grand Hotel d’Angkor ខេត្ត​សៀមរាប។ ​វិឡា​លំដាប់​ផ្កាយ​៥ ក៏​ជា​វិឡា​សម្រាប់​ស្នាក់​នៅ​របស់​​លោក​ស្រី​ Michelle Obama​ កាល​មក​ទស្សនៈកិច្ច​នៅ​ខេត្ត​សៀមរាប​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ផង​ដែរ​។

បើ​តាម​ប្រធាន​ផ្នែក​ទំនាក់​ទំនង​ទីផ្សារ​របស់​សណ្ឋាគារ Raffles Hotel Le Royal កញ្ញា សំអុល ស៊ីឡាក់ បាន​​ប្រាប់​ថា តម្លៃ​ក្នុង​ការ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ រូប​គំនូរ​ រូបថត សម្លៀកបំពាក និង​សំបុត្រ​ស្នាក់​នៅ​វិឡា​លំដាប់​ផ្កាយ​៥​ គឺ​មាន​តម្លៃ​ចាប់​ផ្ដើម​ពី​តម្លៃ​​៩៥០​ដុល្លារ​ឡើង​ទៅ ហើយថវិកា​ដែល​ទទួល​បាន​ពី​ការ​ដេញ​ថ្លៃ​នេះ​នឹង​​ផ្ដល់​ឲ្យ​ពេទ្យ​គន្ធបុប្ផា​ទាំងស្រុង៕​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay