តើ​កម្ពុជា​មាន​មនុស្ស​ចាស់​ចំនួន​ប៉ុន្មាន​លាន​នាក់មកដល់ពេលនេះ?

សមាគម​ទ្រទ្រង់​មនុស្ស​ចាស់ បាន​ផ្សព្វផ្សាយ​ថា បច្ចុប្បន្ន នៅ​កម្ពុជា​យើង មាន​មនុស្ស​ចាស់​ប្រមាណ​ជា ១,៨​លាន​នាក់។ មនុស្ស​ចាស់ គិត​ចាប់​ពី​អាយុ ៦០​ឆ្នាំ​ឡើង​ទៅ។ ចំណែក​ស្ថានភាព​មនុស្ស​ចាស់ នៅ​កម្ពុជា កំពុង​ជួប​ការ​លំបាក​ទាំង​ជីវភាព​ប្រចាំ​ថ្ងៃ ទាំង​បញ្ហា​សុខភាព ទាំង​ទីកន្លែង​ស្នាក់នៅ និង​ទាំង​ផ្លូវ​អារម្មណ៍។

លោក កែវ ចន្ថា ប្រធាន​សមាគម​ទ្រទ្រង់​មនុស្ស​ចាស់ បាន​លើកឡើង​ថា មនុស្ស​ចាស់​នៅ​កម្ពុជា កំពុង​ជួប​ការ​លំបាក​ច្រើន​ទាំង​ជីវភាព​ប្រចាំ​ថ្ងៃ ទាំង​បញ្ហា​សុខភាព ទាំង​ទីជម្រក​រស់នៅ និង​ទាំង​ផ្លូវ​អារម្មណ៍។ មនុស្ស​ចាស់​មួយ​ចំនួន ក៏​ប្រឈម​នឹង​បញ្ហា​ឥត​ទី​ពឹង ហើយ​មាន​មនុស្ស​ចាស់​ខ្លះ ក៏​កំពុង​រស់នៅ​ក្នុង​គ្រួសារ ដែល​មាន​អំពើ​ហិង្សា​ផង​ដែរ។

ការ​លើក​ឡើង​របស់​លោក កែវ ចន្ថា បាន​ធ្វើ​ឡើង​អំឡុង​ពេល​សមាគម​ទ្រទ្រង់​មនុស្ស​ចាស់ បាន​រៀបចំ​កម្មវិធី​នាំ​មនុស្ស​ចាស់ ប្រមាណ ៦០​នាក់ ទៅ​ទស្សនា​ព្រះបរមរាជវាំង សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង និង​រមណីយដ្ឋាន​ភ្នំ​តាម៉ៅ កាលពី​ព្រឹក​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ២០១៧។

សមាគម​លើកឡើង​ថា ដោយសារ​កត្តា​សេដ្ឋកិច្ច និង​សង្គម​ប្រែប្រួល តម្រូវ​ឲ្យ​យុវជន និង​មនុស្ស​វ័យ​កណ្តាល ចាកចេញ​ពី​គ្រួសារ ទុក​ឲ្យ​មនុស្ស​ចាស់​នៅ​ឯកោ ខ្វះ​ការ​ថែទាំ ហើយ​ជា​ញឹកញាប់ មនុស្ស​ចាស់ ត្រូវ​ទទួល​បន្ទុក​មើល​ថែ​កុមារ ដែល​ភាគ​ច្រើន ត្រូវ​ជា​ចៅ លើស​ពី​ម្នាក់ ឬ​ច្រើន​នាក់​ក៏​មាន។

ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​បង្ហាញ​ថា រហូត​ដល់​ឆ្នាំ២០១៧​នេះ ក្រសួង​បង្កើត​សមាគម​មនុស្ស​ចាស់ ១ ២៤២​សមាគម នៅ ១ ៦៤៦​ឃុំ-​សង្កាត់ ទូទាំង​ប្រទេស ដើម្បី​ដោះស្រាយ​បញ្ហា​មនុស្ស​ចាស់។

រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល បាន​ដាក់​ចេញ​នូវ​យន្តការ និង​សកម្មភាព​មួយ​ចំនួន ក្នុង​ការ​មើល​ថែទាំ​មនុស្ស​ចាស់ ដូចជា បង្កើត​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់ និង​សមាគម​មនុស្ស​ចាស់​ជាដើម។ មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់ នឹង​ចាប់ផ្តើម​ដំណើរការ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!