សូមប្រយត្ន័! កម្ពុជានឹង​មាន​ភ្លៀងធ្លាក់​រយៈពេល​៣ថ្ងៃ​ជាប់គ្នាចំនួន ៩ ខេត្ត ក្រុង

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ឲ្យដឹង​នៅថ្ងៃ​ទី១៧​វិច្ឆិកា​នេះថា កម្ពុជា នឹងមាន​ភ្លៀងធ្លាក់​រយៈពេល ៣ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៩ ដល់ ២១​វិច្ឆិកា​ខាងមុខ​នេះ។ ការ​ធ្លាក់​ភ្លៀង​នេះ បណ្តាល​មកពី​សម្ពាធ​ទាប​សកម្ម​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង បាន​នឹង​កំពុង​ធ្វើដំណើរ​មក​ទិស​ខាងលិច។ សម្ពាធ​ទាប​នេះ នឹង​បន្ត​វិវត្ត​ទៅជា​វិសម្ពាធ ហើយ​និង​បន្ត​ដំណើរ​ដល់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ នាថ្ងៃ​ទី១៩ ខែ​វិច្ឆិកា។

តំបន់​ដែល​នឹង​រងការ​ធ្លាក់ភ្លៀង គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប និង​ខេត្ត​ព្រះសីហនុ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន។ ចំណែក​តំបន់​ឆ្នេរ និង​នៅលើ​ផ្ទៃ​សមុទ្រ នឹង​មាន​ភ្លៀងធ្លាក់​ច្រើន​លាយឡំ​ជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​មានរលក​សមុទ្រ​ខ្ពស់ៗ។

ក្រសួង​ធនធាន​ទឹក ក៏បាន​អំពាវនាវឲ្យ​ប្រជាពលរដ្ឋ ពិសេស​ប្រជានេសាទ និងអ្នក​ធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay