អានគំនិតមហាសេដ្ឋីទាំង ៥ រូបនេះ ដើម្បីប្រកបអាជីវកម្មថ្មីថ្មោងទទួលបានជោគជ័យ

ថ្ងៃនេះ Buisnss Cambodia និងលើកយកទស្សនៈរកស៊ីជោគជ័យរបស់សហគ្រិនល្បីៗ ក្នុងស្រុក និងពិភពលោកមួយចំនួនមកបង្ហាញ សម្រាប់ឲ្យយុជនកម្ពុជាជំនាន់ក្រោយជាគតិក្នុងការឈានជើងចូលវិថីជំនួញប្រកបដោយភាពជឿជាក់។ ទស្សនៈអាជីវកម្មខាងក្រោមនេះ​ សុទ្ធតែជាទស្សនៈជោគជ័យដែលកើតចេញពីបទពិសោធន៍ជាក់ស្តែងផ្ទាល់ខ្លួន មានអ្នកខ្លះបរាជ័យរាប់រយដង ទើបរកផ្លូវជោគជ័យឃើញ។ មានចំណុចសំខាន់ៗច្រើនណាស់ ដែលសហគ្រិនជំនាន់មុនរកឃើញ ដូច្នេះសហគ្រិនជំនាន់ថ្មីអាចទាញយកចំណុចទំាងនេះបាន។

លោកឧកញ៉ាគួច ម៉េងលី

លោកឧកញ៉ាគួច ម៉េងលី មានទស្សនៈថា អាជីវកម្មដែលស៊ីមិនចេះអស់ម៉ូយ មិនចេះទ្រលាន់ អាជីវកម្មនេះមានច្រើនណាស់នៅប្រទេសកម្ពុជាគ្មានអ្នកធ្វើទេ តែប្រសិនបើអាជីវកម្មនឹងគេធ្វើហើយ យើងធ្វើឲ្យខុសពីគេទៅ ទំាងគុណភាព សេវាកម្មល្អ ទីតំាងហាងជាដើម វានឹងទៅជាអាជីវកម្មថ្មី។ លោកក៏ចង់បញ្ជាក់ទៅកាន់សហគ្រិនថ្មីថ្មើងបើចង់ជោគជ័យក្នុងអាជីវកម្ម ត្រូវពិចារណាជ្រើសយកអាជីវកម្មណាគេមិនទាន់ធ្វើ ហើយត្រូវរកស៊ីពីតូច ប៉ុន្តែធ្វើឲ្យខ្លឹម ហើយក៏កុំរំពឹងថានឹងចំណេញភ្លាមៗ ធ្វើមេ្តចឲ្យទូទាត់ស្មើសិន ព្រោះធ្វើអាជីវកម្មយ៉ាងហោចណាស់ក៏រយៈពេល៣ឆ្នាំដែរបានរកចំណេញឃើញ។

លោក Henry Sy

សេដ្ឋីលេខ១ហ្វីលីពីន លោក Henry Sy  ពេលសង្គ្រាមលោកលើកទី២បានមកដល់ប្រទេសហ្វីលីពីន អ្វីៗត្រូវបានបំផ្លាញចោលទំាងអស់ រួមទំាងអាជីវកម្មលក់ចាប់ហ៊ួយរបស់លោកផងដែរ។ ក្តីសម្រៃត្រូវបានបំផ្លាញចោលទៅតាមភ្លើងសង្គ្រាម អារម្មណ៍បាក់ទឹកចិត្តចាប់ផ្តើមឈានចូលមកដល់។ ម្យ៉ាងទៀត ត្រូវបង្ខំចិត្តទៅស្រុកកំណើតវិញ ដោយសារបញ្ហាសន្តិសុខ។ តែលោកបានសម្រេចចិត្តយ៉ាងមុតមំាថា នឹងមិនចាក់ចេញពីប្រទេសហ្វីលីពីនដាច់ខាត ដោយលោកបាននិយាយថា «ខ្ញុំមិនបោះបង់វាដោយងាយៗនោះទេ ខ្ញុំនឹងស្វែងរកដំណោះស្រាយដ៏ល្អមួយ ហើយខំធ្វើវាឲ្យជោគជ័យ»។ ចំណុចចាប់ផ្តើមនេះ ជាឬសគល់ធ្វើឲ្យលោកមានឱកាសចេញរកស៊ីបន្ត រហូតក្លាយជាអ្នកមានដល់សព្វថ្ងៃនេះ។

លោក Colonel Sander

ស្ថាបនិកKFC លោក Colonel Sander បានរកឃើញនូវរូបន្តភ្លៅមាន់បំពងដំបូងដោយខ្លួនឯង តែត្រូវភោជនីដ្ឋានគេបដិសេធមិនទទួលស្គាល់យ៉ាងធ្ងន់ធ្ងរ នូវស្នាដៃច្នៃប្រឌិតរបស់គាត់។ គាត់ត្រូវបានគេបដិសេធគាត់រហូតដល់ ១០០៩ដងឯណោះ តែដោយសារភាពអត់ធ្មត់ តស៊ូមិនលះបង់ក្តីសង្ឃឹម ទើបគេទទួលស្គាល់ស្នាដៃរបស់គាត់ រហូតទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។  បើគ្មានចិត្តតស៊ូ ស្គាល់ច្បាស់នូវផលិតផលរបស់ខ្លួននោះទេ ប្រហែលជា លោកបោះបង់ចោលនូវគំនិតថ្មីនេះបាត់ទៅហើយ​ តែលោកនៅតែជឿជាក់នូវទំនិញរបស់ខ្លួន តស៊ូរហូតទាល់តែគេទទួលយកនូវរូបមន្តថ្មីនេះ។ ដោយសារតែមិនបោះបង់នូវរឿងដែរខ្លួនឯងគិតថាអាចទៅរួច ឬក៏មានជំនឿលើខ្លួនឯង ទើបធ្វើឲ្យលក់មិនស្ទាក់ស្ទើរក្នុងការបន្តក្តីសុបិនខ្លួន។

លោក Dhanin Chearavanont

មហាសេដ្ឋីប្រទេសថៃ លោក Dhanin Chearavanont ធ្លាប់មានប្រវត្ថលាឈប់ពីក្រុមហ៊ុនCP ហើយទៅគ្រប់គ្រងនៃក្រុមហ៊ុន Saha Samakkee Trading Co. Ltd នៅឆ្នាំ១៩៦១ មិនយូរប៉ុន្មានរយៈពេល ២ឆ្នាំក្រោយមក ក្រុមហ៊ុន Saha Samakkee Trading Co. Ltd ក៏បានក្ស័យធនទៅ ពេលនោះលោក ទើបតែមានអាយុ ២៤ឆ្នាំប៉ុណ្ណោះ។ ក្រោយមកនៅឆ្នាំ១៩៦៤ ក៏បានចូលធ្វើការនៅក្រុមហ៊ុនCPម្តងទៀត ជាកន្លែងដែលលោក ធ្វើការតស៊ូជាមួយក្រុមហ៊ុនមួយនេះយ៉ាងខ្លាំងក្លា ដោយធ្វើការងារដាក់ទំាងបេះដូង ការតំាងចិត្ត និងភក្តីភាពចំពោះការងារទំាងអស់ ធ្វើឲ្យក្រុមហ៊ុនមានការរីកលូតលាស់យ៉ាងឆ្ងាប់រហ័ស។ នេះសបញ្ជាក់ឲ្យឃើញថា ការដាក់បេះដួង ការតំាងចិត្ត និងភក្តីភាពចំពោះការងារអ្វីមួយពិតជាសំខាន់ណាស់ ហើយអាចធ្វើឲ្យរឿងដែលយើងធ្វើនឹងទទួលបានជោគជ័យមិនអាចប្រកែកបាន។

លោក Lee Byung-chull

ស្ថាបនិក Samsung លោក Lee Byung-chull អាចនិយាយបានថា លោកជាបុគ្គលដ៏មានឥទ្ធិពលលំដាប់ពិភពលោកដ៏អស្ចារ្យរូប ក្នុងការផ្លាស់ប្តូរពិភពលោកឲ្យមានការរីកចម្រើនស្ទើរមិនគួរឲ្យជឿ។ លោកធ្លាប់មានប្រវត្ថបរាជ័យលើអាជីវកម្មដំបូងរបស់ខ្លួន យ៉ាងយ៉ាងធ្ងន់ធ្ងរ ក៏ព្រោះតែជាលើកដំបូង គ្មានបទពិសោធន៍ និងគ្មានយុទ្ធសាស្ត្រច្បាស់លាស់ ធ្វើឲ្យខាតបង់ដើមទុនជាច្រើន។ សម្រាប់អាជីវកម្មដំបូងនេះខាតច្រើនក៏ពិតមែន តែវាបានបង្រៀនលោកច្រើន ទាក់ទងនឹងដំណើរការគ្រប់គ្រងក្រុមហ៊ុន រៀបចំយុទ្ធសាស្ត្រ ការសិក្សាឱកាសឲ្យកាន់តែស៊ីជម្រៅជាងមុន។ លោកថាប្រឡូកលើកដំបូងមិនគួរបាក់ទឹកចិត្តលែងចង់ងើកនោះទេ ព្រោះអ្នកបានទទួលមេរៀនយ៉ាងល្អ ដែលបានបង្រៀនអ្នក ឲ្យអ្នកឈានជើងដើរទៅមុខបន្តទៀត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia