សញ្ញាទាំង១០នេះ បញ្ជាក់ថាអ្នកកំពុងពរពោះកូនភ្លោះហើយ

ការមានផ្ទៃពោះជារឿងដ៏សប្បាយរីករាយមួយរបស់គូស្វាមីភរិយាដែលអាចពាំនាំនូវសុភមង្គល និងភាពសប្បាយរីករាយនៃសមាជិកថ្មីដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែវារឹតតែជារឿងមួយដ៏គួរឱ្យរីករាយ និងកាន់តែភ្ញាក់ផ្អើលប្រសិនជាអ្នកកំពុងតែមានវត្តមានកូនភ្លោះ។ វាជារឿងកម្រមួយដែលមិនមែនអ្នកណាៗសុទ្ធតែអាចពរពោះកូនភ្លោះបាននោះទេ។

ដើម្បីជាចំណេះដឹងថ្ងៃនេះខ្មែរឡូតនឹងលើកយកសញ្ញាមួយចំនួនដែលអាចបញ្ជាក់ថាអ្នកកំពុងតែពពោះកូនភ្លោះដូចខាងក្រោមនេះ។ មកតាមដានទាំងអស់គ្នា៖

១) ទម្ងន់របស់អ្នកកើនឡើងខុសពីធម្មតា

អ្នកដែលពរពោះកូនភ្លោះអាចនឹងឡើងទម្ងន់ឆាប់ និងមានពោះធំខុសពីធម្មតាជាមធ្យមក្នុងអំឡុងត្រីមាសទី២ គឺកើនជាង ៧គីឡូទៅ ១២គីឡូ ដែលស្ត្រីពពោះធម្មតាកើនទម្ងន់ត្រឹមតែ ៥គីឡូ ទៅ ១០គីឡូប៉ុណ្ណោះ។

២) ស្បូនរីកធំ

ក្នុងពេលមានផ្ទៃពោះវេជ្ជបណ្ឌិតនឹងធ្វើការវាស់វែងទំហំ និងកម្ពស់ស្បូនរបស់អ្នកដើម្បីពិនិត្យពីទំហំទារក និងអាយុរបស់ទារកជាដើម។ នៅពេលដែលរកឃើញថាស្បូនរបស់រីកធំ ឬវែងខុសពីធម្មតាអាចបញ្ជាក់ថាអ្នកមានភាគរយខ្ពស់ណាស់ក្នុងការពរពោះកូនភ្លោះ។

៣) មាឌធំជាងមុន

នៅពេលដែលស្បូនរីកធំក្នុងការមានផ្ទៃពោះកូនភ្លោះ នោះក៏ជាហេតុដែលធ្វើឱ្យមាឌរបស់អ្នករីកធំខុសពីធម្មតាក្នុងរយៈពេលដែលទើបតែមានផ្ទៃពោះជាលើកដំបូងដែរ។ ប៉ុន្តែក្នុងករណីមាឌរបស់អ្នករីកធំខ្លាំងពេលដែលមានផ្ទៃពោះកូនទី២នោះវាមិនមែនជាសញ្ញាដែលបញ្ជាក់ថាអ្នកមានកូនភ្លោះនោះទេ។

៤) ចាញ់កូនខ្លាំង

ស្ត្រីមានផ្ទៃពោះតែងតែមានអាការចាញ់កូនជារឿងធម្មតា ប៉ុន្តែក្នុងករណីអ្នកមានផ្ទៃពោះកូនភ្លោះអាការចាញ់កូននឹងពិបាកជាងមុនធ្វើទុក្ខខ្លាំងជាងមុនទ្វេរដងឯណោះ។

៥) ទារកក្នុងផ្ទៃឆាប់បម្រះ

វេជ្ជបណ្ឌិត និងអ្នកជំនាញជាច្រើនមានការខ្វែងគំនិតគ្នាចំពោះរោគសញ្ញាមួយនេះ។ ប៉ុន្តែអ្នកដែលធ្លាប់មានប្រវត្តិ និងបទពិសោធន៍ក្នុងការពរពោះកូនភ្លោះភាគច្រើនបាននិយាយថា ក្នុងពេលដែលគេកំពុងតែពរពោះកូនភ្លោះកូនក្នុងផ្ទៃកម្រើកលឿនជាងការពរពោះកូនធម្មតា។

៦) ចង្វាក់បេះដូងលោត  ២ឬច្រើនក្នុងអំឡុងពេល ១០ ទៅ១២សប្តាហ៍

វេជ្ជបណ្ឌិតអាចស្តាប់ឮចង្វាក់បេះដូងលោតដល់ទៅ ២ ឬច្រើនជាងនេះនៅទីតាំងរបស់ទារកក្នុងផ្ទៃ។ តែក្នុងករណីខ្លះចង្វាក់បេះដូងទារកតែមួយអាចឮព្រមគ្នានៅកន្លែងផ្សេងៗនៃផ្ទៃពោះទាំងមូលផងដែរ។ អ្វីដែលអាចបញ្ជាក់ច្បាស់នោះគឺការឮសំឡេងបេះដូង២ ឬច្រើនកំពុងតែលោតក្នុងពេលជាមួយគ្នា តែស្ថិតក្នុងអត្រាចង្វាក់ផ្សេងគ្នា។

៧) លទ្ធផលពីការធ្វើតេស្តជាតិថ្លើម AFP ខ្ពស់

ស្ត្រីមានផ្ទៃពោះដែលពរពោះកូនភ្លោះអាចនឹងមានលទ្ធផលការធ្វើតេស្ត បរិមាណប្រូតេអ៊ីនក្នុងថ្លើមខ្ពស់ជាងស្ត្រីដែលពរពោះធម្មតា។ ប៉ុន្តែក្នុងករណីមួយចំនួនស្ត្រីដែលពរពោះទារកធម្មតាអាចនឹងមានលទ្ធផលតេស្តនេះខ្ពស់ដែរ ដូច្នេះមានតែគ្រូពេទ្យទេដែលអាចតាមដាន ឬពិនិត្យផ្ទៃពោះ (អេកូ) បន្ថែម ដើម្បីបញ្ជាក់ឱ្យច្បាស់ថាអ្នកកំពុងតែពរពោះកូនភ្លោះឬក៏អត់។

៨) អស់កម្លាំងខ្លាំង

ការមានផ្ទៃពោះធម្មតាពិបាកណាស់ទៅហើយ តែការមានផ្ទៃពោះកូនភ្លោះ រឹតតែធ្វើទុក្ខខ្លាំងណាស់ទៅទៀត វាមិនត្រឹមតែធ្វើឱ្យអ្នកចាញ់ខ្លាំងទេ តែថែមទាំងអាចធ្វើឱ្យអ្នកនឿយហត់ អស់កម្លាំងខ្លាំងចង់តែគេង ជាពិសេសមួរម៉ៅច្រើនខ្លាំងជាងអ្នកដែលពរពោះកូនធម្មតាទៅទៀត។

៩) ស្រេកទឹកខ្លាំង

នៅពេលដែលអ្នកពរពោះកូនភ្លោះទារកក្នុងផ្ទៃពិតជាត្រូវការជាតិទឹកមកចិញ្ចឹមរាងកាយ និងបង្កើនបរិមាណទឹកភ្លោះកាន់តែច្រើន។ ដូច្នេះរាងកាយរបស់អ្នកត្រូវការជាតិទឹកបន្ថែម ដែលនេះក៏ជាហេតុដែលធ្វើឱ្យអ្នកស្រេកទឹកខ្លាំងដែរក្នុងពេលដែលកំពុងតែពរពោះកូនភ្លោះ។

១០) គម្រោងមានផ្ទៃពោះកូនភ្លោះ

មានកត្តាមួយចំនួនដែលអាចធ្វើឱ្យអ្នកកូនភ្លោះបានដូចជា ប្រវត្តិសមាជិកគ្រួសារដែលមានកូនភ្លោះ, ការប្រើប្រាស់ថ្នាំ ឬវិធីផ្សេងៗដែលអាចធ្វើឱ្យអ្នកមានកូនភ្លោះជាដើម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload