អបអរសាទរ! នៅមុនឆ្នាំ២០២៣ កម្ពុជានឹងមានប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិហើយ

ក្រោយការស្នើសុំគម្រោងរថភ្លើងស្វ័យប្រវត្តិ (Automated guideway transit) ពីជប៉ុនបានជោគជ័យ ពេលនេះភាគីជប៉ុនបានកំណត់គោលដៅកាន់តែច្បាស់ថា កម្ពុជាគួរតែមានប្រព័ន្ធ AGT ដែលអាចដំណើរការបានមុនឆ្នាំ ២០២៣ នេះបើតាមការលើកឡើងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។

(រូបតំណាង)

ប្រព័ន្ធAGTនេះ គឺជារថភ្លើងធុនស្រាលមួយធ្វើចរាចរណ៍យ៉ាងស្ងាត់ដោយប្រើសំបកកង់កៅស៊ូ កាត់បន្ថយសំឡេងរំខាន និងរំញ័រដែលមានល្បឿនអតិបរមាចំនួន៦០គីឡូម៉ែត្រ កាត់បន្ថយការកក់ស្ទះចរាចរ​ ចំណេញពេលវេលាក្នុងការធ្វើដំណើរ និងអាចប្រែក្លាយក្រុងភ្នំពេញ ទៅជាទីក្រុងដ៏មានសោភ័ភាព ជាពិសេស វាជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាទៀតផង។

ចំណែកឯនៅជប៉ុនឯណោះវិញ មានអ្នកដំណើរប្រមាណជាង៥០.០០០នាក់កំពុងប្រើប្រាស់ប្រព័ន្ធរថភ្លើងAGTនេះរៀងរាល់ថ្ងៃ ដើម្បីធ្វើដំណើរជុំវិញទីក្រុង ហើយក្នុងពេលថ្មីៗនេះមានប្រតិបត្តិករ AGTចំនួនប្រាំបួន ដែលធ្វើប្រតិបត្តិការនៅប្រទេសក្នុងជប៉ុន។

(រូបតំណាង)

ក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន និង ឯកឧត្តមKeiichi ISHII រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ភាគីកម្ពុជាបានស្មើសុំឲ្យជប៉ុនបញ្ចប់ការសិក្សាប្រព័ន្ធAGT ក្នុងពេលឆាប់ៗនេះ ។

គួរបញ្ជាក់ថា អង្គការJICA បានបញ្ជូនក្រុមការងារមួយក្រុមដើម្បីធ្វើការសិក្សាលទ្ធភាពស្តីពីប្រព័ន្ធប្រតិបត្តិរថភ្លើងAGT ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

គោលបំណងក្នុងការពន្លឿនល្បឿនកសាងប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិនេះ ដើម្បីឲ្យកម្ពុជាបានត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ ២០២៣ ខាងមុខ ។

គួរបញ្ជាក់ថាម្តងទៀតថា គម្រោងនេះនឹងរត់ពីក្រុងភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ ដោយគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៨០០លានដុល្លារអាមេរិក ដែលមានការជួយជ្រោមជ្រែងពីជប៉ុនផ្ទាល់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia