ព្រលាន​យន្តហោះ​ថ្មីនៅខេត្តកោះកុងចាប់ផ្តើមសាងសង់យ៉ាងសកម្មហើយ

ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​កោះកុង កំពុង​ត្រូវបាន​ក្រុមហ៊ុន​ចិន Tianjin Union Development Group ចាប់ផ្តើម​សាងសង់​យ៉ាង​សកម្ម​ហើយ។ ក្រុមហ៊ុន​នេះ គ្រោង​បោះទុន ៥ពាន់​លានដុល្លារ​ដើម្បី​សាងសង់​ព្រលាន​យន្តហោះ​នេះ លើ​ទំហំ​ផ្ទៃដី​ជាង ៥ម៉ឺន​ហិកតា​ក្នុង​ស្រុក​ថ្មបាំង និង​បទុមសាគរ ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រាជ​រដ្ឋាភិបាល។

​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា​ថា ​ភាគី​ក្រុមហ៊ុន​​សាងសង់​ព្រលាន​យន្តហោះ​នេះ​ បាន​មកជួប​មន្ត្រី​ជំនាញ ​និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ​ចំនួន​២លើក​មកហើយ ដើម្បី​បង្ហាញ​ពី​គម្រោង​របស់​ពួកគេ និង​សកម្មភាព​នៃ​ការ​ចាប់ផ្តើម​គម្រោង​នេះ​។​

(រូបតំណាង)

លោក​បន្តថា ​ព្រលាន​យន្តហោះ​នេះ​សាងសង់​លឿន ​ឬ​យឺត​​អាស្រ័យ​លើ​ល្បឿន​នៃ​ការអភិវឌ្ឍ​ន៍​រមណីយ​ដ្ឋា​ន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ពួកគេ​នៅក្នុង​ស្រុក​ទាំង២​ នៃ​ខេត្ត​កោះកុង។

​លោក​ ស៊ិន ចាន់​សិរី​វុត្ថា​ បាន​បន្តថា សកម្មភាព​ឈូសឆាយ​ទីតាំង​សាងសង់ ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នេះ​បានចាប់ផ្តើម​តាំងពីដើម​​ឆ្នាំនេះ ប៉ុន្តែ​សកម្ម​ភា​ហាក់​មាន​ភាពយឺតៗ ដោយសារ​រដូវភ្លៀង​ ប៉ុន្តែ​នៅពេល​បញ្ចប់​រដូវភ្លៀង​សកម្មភាព​នៃ​ការសាងសង់​នឹងត្រូវ​ព​ន្លឿ​ន​​ហើយ​។​

​តំណាង​ក្រុមហ៊ុន​ Tianjin Union Development Group​ លោកស្រី​ ប៊ែ​ល​ឡា ហ្សា​ង​ ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​ការធ្វើ​ផែ​ ការសាងសង់​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​នេះ បានបញ្ចប់​ហើយ និង​កំពុង​ត្រៀម​រៀបចំ​ផែនការ​ដើម្បី​ធ្វើការ​សាងសង់​។ ព្រលានយន្តហោះ​នេះ អាច​ទទួល​អ្នកដំណើរ​បាន​១០​លាន​នាក់​ក្នុង​មួយឆ្នាំ និង​អាច​​ទទួល​​យន្តហោះ​ខ្នាត​ធំ​​ ហើយ​ក្រុមហ៊ុន​បានធ្វើការ​សិក្សា​ពី​ភូមិសាស្ត្រ និង​កំណត់​ទីតាំង​សម្រាប់​ព្រលានយន្តហោះ​នេះ​រួចហើយ​។​ ​ ​ ​តាម​ព័ត៌មាន​របស់​ក្រុមហ៊ុន​ដដែល​នេះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​ដំណើរកា​រ​គំរោង​រមណីយដ្ឋាន​លំដាប់​ប្រណីត​​នៅ​ខេត្តកោះកុង​រួចហើយ ដែល​រួមមាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ ភោជនីយដ្ឋាន ទីលាន​វាយ​កូន​ហ្គោល​លំដាប់​អន្តរជាតិ​ជាដើម​៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព​៖ kleykley.sabay

error: Content is protected !!