កញ្ញាឯក មកពីសាកលវិទ្យាល័យ២០ផ្សេងគ្នា ត្រៀមខ្លួនប្រកួត World Miss University 2017

ការប្រកួត​កញ្ញាឯកសាកលវិទ្យា​ល័យពិភពលោកនៃព្រះរាជាណាចក្រកម្ពុជា​ បានចាប់ផ្តើមជាផ្លូវការ​នៅ​ម្សិលមិញ​ ជាមួយនឹង​ការប្រកាសនូវ​បេក្ខនារី​គួរឲ្យស្រលាញ់ចំនួន ២០រូប ​ដែលមកពី​សាកល​វិទ្យាល័យ​​​​​ផ្សេងៗ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។ ការប្រកួត​ក្នុងប្រទេស​ នឹងស្វែងរកម្ចាស់ជ័យលាភីតំណាង​ប្រទេសកម្ពុជាដើម្បីគ្រងមកុដកញ្ញាឯក​សាកល​វិទ្យា​ល័យពិភពលោកវគ្គផ្តាច់ព្រ័ត្រ ដែល​កម្ពុជាជាម្ចាស់ផ្ទះក្នុងការប្រារព្ធពីធីនៅថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៧។

ការប្រកួត​កញ្ញាឯកសាកលវិទ្យា​ល័យពិភពលោក គឺជា​ព្រឹត្តិការណ៍​ដើម្បី​ជ្រើសរើសបេក្ខភាពតំណាង​ World Miss University Peace Corps ជាមួយនឹង​តម្លៃស្នូល​នៃការលើក​កម្ពស់​សន្តិភាព​ពិភពលោក​ តាមរយៈ ចលនា​សន្តិភាព​សម្រាប់​ការរួបរួមគ្នារបស់ពិភពលោក ដូចពាក្យស្លោក “ក្នុង​ពិភពលោក​មួយ​ មនុស្សធម៌​ ប្រៀប​បាន​ដូច​ជា​​បងប្អូនប្រុសស្រី” “ចលនាបរិស្ថាននៃ​មនុស្សធម៌​ដើម្បីរស់នៅលើភពផែនដី”។

នេះ​គឺជា​លើកដំបូង​ដែលការប្រកួតនេះ​ត្រូវបានគេប្រារព្ធនៅក្នុងប្រទេសកម្ពុជា ​ដោយមានការ​អនុញ្ញាត​ពី​ក្រសួងទេសចរណ៍ និងគណៈកម្មការរៀបចំ​កម្មវិធីការប្រកួតកញ្ញាឯកសាកល​វិទ្យា​ល័យ​ពិភពលោក។ រាត្រីគ្រងមកុដនៃកម្មវិធីប្រកួត​កញ្ញាឯកសាកលវិទ្យា​ល័យពិភពលោកនៃព្រះរាជាណាចក្រកម្ពុជា ២០១៧ នឹង​​​​​​ប្រារព្ធនៅថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅសាល១ នៃសណ្ឋាគារ​ សូហ្វីតែល ភ្នំពេញ ភូគីត្រា នៅ​វេលា​ម៉ោង​ ៧:០០ ល្ងាច។ សូមអញ្ជើញទៅជួប​ជាមួយបេក្ខ​នារី​គួរឲ្យស្រលាញ់​​ទាំង ២០រូប​ ក្នុងការប្រកួតដើម្បី​គ្រងដំណែង កញ្ញាឯក​សាកលវិទ្យា​ល័យពិភពលោកនៃព្រះរាជាណាចក្រកម្ពុជា ២០១៧ ទាំងអស់គ្នា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ komsan.khmernotes