ស្លុតចិត្ត! ទាហានកូរ៉េខាងជើង ដេញបាញ់ទាហានរត់ចោលជួរយ៉ាងសាហាវ (វីដេអូ)

អង្គការ​សហប្រជាជាតិ បាន​បញ្ចេញ​វីដេអូ​ឃ្លិប ដែល​បង្ហាញ​ឲ្យ​ឃើញ ទាហាន​កូរ៉េខាងជើង​ម្នាក់​រត់​ភៀសខ្លួន ចេញ​ពី​ប្រទេស​របស់​ខ្លួន ចូល​ទៅ​ប្រទេស​កូរ៉េខាងត្បូង តែ​ត្រូវ​ទាហាន​កូរ៉េខាងជើង​គ្នា​ឯង ប្រដេញ​បាញ់​យ៉ាង​សាហាវ។

វីដេអូ​នោះ​ត្រូវ​បាន​បែកចែក​ជា ៥ផ្នែក ចាប់ផ្ដើម​នៅ​វេលា​ម៉ោង ៣ និង ១១នាទីរសៀល (ម៉ោង​ក្នុង​តំបន់) ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ដោយ​ទាហាន​កូរ៉េខាងជើង​ភៀស​ខ្លួន​នោះ បាន​បើកបរ​រថយន្ត​យោធា​មួយ​គ្រឿង សំដៅ​ចូល​ទៅ​កាន់​ខ្សែ​បន្ទាត់ Military Demarcation Line (MDL) ដែល​បែងចែក​ប្រទេស​កូរ៉េ​ទាំង​២។

Bridge of No Return

នៅ​ពេល​មក​ដល់​ស្ពាន​មួយ​ខ្សែ មាន​រហស្សនាម​ថា «Bridge of No Return» ដែល​ឆ្លង​កាត់​ខ្សែ​បន្ទាត់ MDL ទាហាន​កូរ៉េខាងជើង ដែល​មាន​នាម​ត្រកូល Oh រូប​នេះ បាន​បើក​យ៉ាង​លឿន​ឆ្ពោះ​ទៅ​ព្រំដែន។ នៅ​វេលា​ម៉ោង ៣ និង ១៤នាទីរសៀល ក្រុម​ទាហាន​កូរ៉េខាងជើង Korean People’s Army (KPA) ដទៃ​ទៀត បាន​ដឹង​ថា ជន​រួម​ជាតិ​របស់​ពួកគេ កំពុង​ព្យាយាម​រត់​គេចខ្លួន ចូល​ទៅ​ប្រទេស​កូរ៉េខាងត្បូង។

រថយន្ត​របស់ Oh ជាប់​ផុង​នៅ​ក្នុង​ប្រឡាយ​

វីដេអូ​បន្ទាប់​បាន​បង្ហាញ​ឲ្យ​ឃើញ រថយន្ត​របស់ Oh ជាប់​ផុង​នៅ​ក្នុង​ប្រឡាយ​មួយ ប៉ុន្តែ Oh បាន​បន្ត​ការ​រត់គេច​ខ្លួន​ដោយ​ថ្មើរ​ជើង។ នៅ​ចំណុច​នេះ​ទាហាន KPA បាន​មក​ទាន់ ហើយ​ក៏​ចាប់ផ្ដើម​បើក​ការ​បាញ់​ប្រហារ​តែម្ដង។

ទាហាន KPA ម្នាក់ បាន​ជ្រុល​ជើង​ឆ្លង​កាត់​ខ្សែ​បន្ទាត់ MDL

បើ​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ទាហាន KPA បាន​បាញ់​ជាង ៤០គ្រាប់ ទៅលើ Oh តែ​ត្រូវ ៥គ្រាប់​ប៉ុណ្ណោះ។ ខណៈ​ពេល​កំពុង​បាញ់​ប្រហារ​នោះ ទាហាន KPA ម្នាក់ បាន​ជ្រុល​ជើង​ឆ្លង​កាត់​ខ្សែ​បន្ទាត់ MDL ដែល​ខណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំង២ ដោយ​ចៃដន្យ រួច​ក៏​បាន​ងាក​ត្រលប់​ក្រោយ​វិញ។

Oh បាន​ដេក​ដួល​នៅ​ក្នុង​គំនរ​ស្លឹកឈើ ចម្ងាយ​ប្រហែល ៤៥ម៉ែត្រ​ពី​ខ្សែ​បន្ទាត់ MDL ទាំង​រង​របួស​ធ្ងន់។

Oh បាន​ដេក​ដួល​នៅ​ក្នុង​គំនរ​ស្លឹកឈើ

ក្រោយមក ទាហាន KPA បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​បាន​កើតឡើង ស្រប​ពេល​ដែល​ពួកគេ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ឆ្នាំ១៩៥៣ ព្រោះ​បាន​ឆ្លង​កាត់ និង​បាញ់​ចូល​ប្រទេស​កូរ៉េខាងត្បូង។ មួយ​រំពេច​ក្រោយ​មក ទាហាន​កូរ៉េខាងត្បូង ៣នាក់ បាន​វារ​មក​កាន់ Oh រួច​អូស​រូបគេ​ចូល​ទៅ​កន្លែង​មាន​សុវត្ថិភាព​វិញ៕

សូម​ទស្សនា​វីដេអូ​នៅ​ពេល​កើតហេតុ​ទាំង​អស់​គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay