អស្ចារ្យណាស់! ថ្មីៗនេះកម្ពុជាទើបតែរកឃើញកំណប់ទ្រព្យដ៏មានតម្លៃ២កន្លែង
សម្បត្តិធម្មជាតិ និងសម្បត្តិវប្បធម៌២កន្លែង អាចចាត់ទុកជាកំណប់ទ្រព្យដ៏មានតម្លៃទើបតែរកឃើញថ្មីៗនៅកម្ពុជា ហើយសុទ្ធសឹងតែមានសក្ដានុពលទេសចរណ៍នឹងផ្ដល់ប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរនាថ្ងៃអនាគត។
១) ប្រាសាទបុរាណអាយុរាប់ពាន់ឆ្នាំចំនួន ២ នៅរតនគីរី
កាលពីថ្មីៗនេះក្រសួងបរិស្ថានបានរកឃើញប្រាសាទបុរាណចំនួន ២ កសាងក្នុងសម័យអង្គរ និងមុនអង្គរនៅខេត្តរតនៈគិរី ។ ក្នុងចំណោមប្រាសាទទាំងពីរនេះ មួយមានឈ្មោះ ប្រាសាទអូរព្រះ និងមួយទៀតមានឈ្មោះ ប្រាសាទយ៉ាកណាំង ដែលមានទីតាំងស្ថិតនៅឧទ្យានជាតិអូរយ៉ាដាវ និងដែនជម្រកសត្វព្រៃលំផាត់។
បើតាមលោក លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យព័ត៌មាន អប់រំ ផ្សព្វផ្សាយនៃក្រសួងបរិស្ថាន ដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ប្រាសាទអូរព្រះទំនងជាបានកសាងឡើងក្នុង សតវត្សទី ១០-១១ នៃគ.ស ហើយមានខឿនជាថ្មបាយក្រៀម និងបំណែកឥដ្ឋ ហើយបែរមុខទៅទិសខាងកើត ស្ថិតនៅខាងលិចទន្លេស្រែពក ប្រមាណ ៤០០ម៉ែត្រ។
ចំណែកឯប្រាសាទយ៉ាកណាំង វិញ គឺត្រូវបានកសាងឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត ហើយទំនងជាសាងសង់ក្នុងសម័យមុនអង្គរ ឬដើមសម័យអង្គរ។ ប្រាសាទនេះរងការបែកបាក់ ដោយបានបាក់បែកត្រឹមមេទ្វារ ខណៈផ្នែកខាងលិចបាក់ទាំងស្រុង ហើយផ្នែកកណ្ដាលមានការជីកគាស់កកាយ។
២) រកឃើញសម្បត្តិធម្មជាតិដ៏មហាសាល កណ្ដាលព្រៃព្រឹក្សានៅពោធិ៍សាត់
កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ភ្នំសំកុស ខេត្តពោធិ៍សាត់បានចុះធ្វើការស្រាវជ្រាវតំបន់ទឹកធ្លាក់អូរជាំស្លា ក៏បានប្រទះឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុត មិនទាន់មានមនុស្សធ្លាប់ទៅដល់ឡើយ។
បើតាមក្រសួងបរិស្ថានឱ្យដឹងថា តំបន់ដែលមាន សក្ដានុពលទេសចរណ៍ធម្មជាតិនោះ មានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៥៥។ ដោយសារមិនទាន់មានការអភិវឌ្ឍនៅឡើយ ដើម្បីទៅដល់ទឹកធ្លាក់សំងំលាក់ខ្លួនកណ្ដាលព្រៃនោះ អ្នកដំណើរត្រូវដើរដោយថ្មើរជើង ដោយចំណាយពេលប្រហែល៣០នាទី។ សម្បត្តិធម្មជាតិដ៏វិសេសវិសាលនោះ ស្ថិតនៅក្នុង ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ news.sabay