ភ្ញាក់ផ្អើល! ​ប្រាសាទ​១ អាយុកាល​៣ពាន់​ឆ្នាំត្រូវបានគេរកឃើញក្នុង​បឹង​

ប្រាសាទ​១ អាយុ​កាល​៣ពាន់​ឆ្នាំ ត្រូវ​បាន​រកឃើញ​នៅក្នុង​បឹង​មួយ​ឈ្មោះ​ថា Van ស្ថិត​ក្នុង​ប្រទេស​តួក​គី ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​បុរាណ​វិទ្យា​មកពី​សាកលវិទ្យាល័យ Van Yuzuncuyil និង​ក្រុម​អ្នក​មុជទឹក កាលពី​ពេលថ្មីៗ​នេះ។

ប្រាសា​ទ​បាក់បែក​នេះ ត្រូវបាន​ជឿជាក់​ថា កសាង​ដោយ​អរិយធម៌ Uratu (អាណាចក្រ Van) ដែលមាន​ការ​រីកចម្រើន​លូតលាស់​ក្នុង​ចន្លោះ​សត្សវត្សរ៍​ទី​៩ និង​ទី៦ មុន​គ្រិស្ត​សករាជ។ អាណាចក្រ​នេះ លាត​សន្ធឹង​លើ​ប្រទេស​ចំនួន​៣គឺ តួកគី អាមេនី និង​អ៊ីរ៉ង់។

ប្រធាន​ក្រុម​អ្នក​មុជទឹក លោក Tahsin Ceylan បាន​ឲ្យដឹង​ថា ក្រុម​របស់​លោក​បាន​រកឃើញ​១ផ្នែក​នៃ​ប្រាសាទ ដែល​តំបន់​នៃ​ប្រាសាទ​គឺ​លាត​សន្ធឹង​ជាង ១​គីឡូម៉ែត្រ។ បើទោះបី​ជា​ប្រាសាទ​នេះ នៅក្នុង​ទឹក​រាប់​សតវត្សរ៍​ទៅ​ហើយ​ក្តី ប៉ុន្តែ​ជញ្ជាំង​ប្រាសាទ នៅតែ​រក្សា​ទ្រង់ទ្រាយ​បាន​ខ្លះ ពោល​គឺ​នៅមាន​កម្ពស់​ដល់​ជិត ៤​ម៉ែត្រ។

លោក​អះអាង​ថា វា​គឺជា​អព្ភូតហេតុ​១ ដែល​អាច​រក​ឃើញ​ប្រាសាទ​នៅ​ក្រោម​ទឹកនេះ ហើយ​ក្រុម​បុរាណ​វិទូ នឹង​ទៅ​ទីនោះ​ដើម្បី​ពិនិត្យ​ប្រវត្តិសាស្រ្ត​របស់​ប្រាសាទ​នេះ និង​ផ្តល់​ព័ត៌មាន​បន្ថែម​ទៀត៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay