កក្រើកហើយ! កូន​ក្រពើ​ព្រៃ​ជិត​ផុត​ពូជ​លើ​ពិភពលោក បានញាស់​នៅ​ខេត្ត​កោះកុង​ច្រើនក្បាល (វីដេអូ)

អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​(WCS) និង​រដ្ឋបាល​ជលផល​ឲ្យដឹង​ថា​កូន​ក្រពើ​ត្រី​(ឬ​ក្រពើ​ព្រៃ) ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកល​លោក ចំនួន​០៩​ក្បាល​បាន​ញាស់​ដោយ​ជោគជ័យ​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស ប្រភេទ​សត្វ​ល្មូន ខេត្ត​កោះ​កុង។

ក្រពើ​ត្រី (ឬ​ក្រពើ​ព្រៃ) ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត នៅ​លើ​សាកល​លោក ខណៈ​ចំនួន​របស់ពួកវា​ នៅ​តែ​បន្ត​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។ ពួកវា​មាន​រស់​នៅ​តែ​ក្នុង ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ថៃ និង​វៀតណាម​តែ​ប៉ុណ្ណោះ។ ចំនួន​របស់​វា នៅ​លើ​សាកលលោក​មាន​ប្រមាណ​៤១០ក្បាល ក្នុង​នោះ​ដែរ​ចន្លោះ ១០០-៣០០ក្បាល កំពុង​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​អភិរក្ស​សត្វ ក្រពើ ត្រី​នេះ​កុំ​ឲ្យ​បាត់បង់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការសមាគម​អភិរក្ស​សត្វ​ព្រៃ​(WCS)។

គួរ​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ពង​ក្រពើ​ត្រី​មួយ​សំបុក​ដែល​មាន ចំនួន​១៩​គ្រាប់ ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល អង្គការសមាគម​អភិរក្ស​សត្វ​ព្រៃ(WCS) និង​ប្រជា​សហគមន៍ ប្រទះ​ឃើញ​នៅ ត្រពាំង​កៀន​តុ ស្ថិត​ក្នុង​ភូមិ​ព្រះអង្គ​កែវ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ខណៈ​ពួកគាត់​ ចុះ​ដើរ​ល្បាត​តាម​ត្រពាំង​បណ្ដោយ​ដង​ព្រែក​ស្រែ​អំបិល​។ ពង​ក្រពើ​ត្រី​ទាំង​អស់​នោះ ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​យក​ទៅ​រក្សា ទុក​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន​ ខេត្ត​កោះកុង​ ដើម្បី​ថែរក្សា រហូត​ដល់​ពួកវា​ញាស់ ដែល​មាន​រយៈ​ពេល​០៦​សប្ដាហ៍៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖​ news.sabay

error: Content is protected !!