ស្វីស ប្រកាសផ្តល់ប្រាក់ ៧ម៉ឺនដុល្លារ ដល់អ្នកស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិ Albinen

ភូមិ Albinen ក្នុង​តំបន់ Valais ប្រទេស​ស្វីស​ បាន​ប្រ​កាស​ផ្ដល់​ប្រាក់​ចំនួន ៧​ម៉ឺន​ដុល្លារ​ ដល់​គ្រួសារ​ដែល​ស្ម័គ្រ​ចិត្ត​ទៅ​រស់​នៅ​ក្នុង​តំបន់​នោះ។ ភូមិ​នេះ គឺ​មាន​សភាព​ស្ងប់​ស្ងាត់ ​និង​មាន​សន្តិភាព​ជាមួយ​នឹង​ទេស​ភាព​ភ្នំ​ដ៏​អស្ចារ្យ។ ប៉ុន្តែ​យោង​តាម​លោក Beat Jost អភិបាល​ក្រុង​ បាន​និយាយ​ថា គ្រួសារ​ជា​ច្រើន ​និង​មនុស្ស​វ័យ​ក្មេង ​កំពុង​តែ​ចាក​ចេញ​ពី​ទីនោះ។

ចំនួន​ប្រជាជន​ក្នុង​ភូមិ​បាន​ថយ​ចុះ​មក​ត្រឹម ២៤០​នាក់​ប៉ុណ្ណោះ ហើយ​សាលារៀន​ក្នុង​ភូមិ​ត្រូវ​បាន​បិទ​ទ្វារ បង្ខំ​ឲ្យ​កុមារ ៧​នាក់​ដែល​នៅ​សល់​ក្នុង​ភូមិ​ ទៅ​បន្ត​ការ​សិក្សា​នៅ​ភូមិ​ផ្សេង​ជិត​ៗ​នោះ។ ដូច្នេះ​ហើយ​ភូមិ​ដែល​ស្ថិត​ក្នុង​ប្រទេស​អ្នក​មាន​មួយ​នេះ មាន​តែ​សម្រេច​ចិត្ត​ផ្ដល់​ប្រាក់​ដល់​អ្នក​ភូមិ​ថ្មី​ដើម្បី​មក​រស់​នៅ​ទី​នេះ។

គំនិត​ផ្ដួចផ្ដើម​នេះ​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញ​គ្រួសារ​ និង​មនុស្ស​ដែល​មាន​អាយុ​ក្រោម ៤៥ ឆ្នាំ​ដែល​កំពុង​ស្វែង​រក​ទិញ​ផ្ទះ​ឬ​សាង​សង់​ផ្ទះ​ថ្មី។ មនុស្ស​ពេញ​វ័យ​ម្នាក់​ៗ​នឹង​ត្រូវ​បាន​ផ្ដល់​ឱ្យ​ជាង ២,៥ម៉ឺន​ដុល្លារ​ ហើយ​សម្រាប់​ក្មេង​ម្នាក់ៗ​នឹង​ទទួល​បាន​ជាង ១ ម៉ឺន​ដុល្លារ។ នេះ​មាន​ន័យ​ថា​ប្រសិន​បើ​គ្រួសារ​មួយ​មាន​គ្នា ៤​នាក់ នោះ​ពួក​គេ​អាច​នឹង​ទទួល​បាន​ប្រាក់ ​យ៉ាង​ហោច​ណាស់ ៧ ម៉ឺន​ដុល្លារ៕

ខាង​ក្រោម​នេះ​គឺ​ជា​រូប​ភាព​មួយ​ចំនួន​នៃ​ភូមិ Albinen នោះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay