ក្រុម​ឧទ្ទាម បានវាយប្រហារធ្វើឲ្យរបួសយោធាមួកខៀវកម្ពុជាម្នាក់នៅម៉ាលី

តាម​រយៈ​សារ​អេឡិចត្រូនិក បាន​បង្ហាញ​ពី​សមាសភាព​របស់​កង​យោធា​មួក​ខៀវ​កម្ពុជា​ម្នាក់ ដែល​រង​របួស​ដោយសារ​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម​នៅ​សាធារណរដ្ឋ​ម៉ាលី គឺ​លោក អនុសេនីយ៍ឯក មុំ រិទ្ធី (Mom Rithy)។ លោក​បាន​រង​របួស​ដោយ​អំបែង​គ្រាប់​តូចៗ នៅ​ដៃ និង​ជើង។

លោក អនុសេនីយ៍ឯក មុំ រិទ្ធី

ហេតុការណ៍​វាយប្រហារ​នេះ បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នា​ម៉ោង​៦ព្រឹក នៅ​ម៉ាលី ត្រូវ​នឹង​ម៉ោង ១២​ថ្ងៃ​ត្រង់​នៅ​កម្ពុជា។ កងកម្លាំង​យោធា​មួក​ខៀវ​ប្រចាំ​នៅ​តំបន់​បេសកកម្ម​ក្នុង​សាធារណរដ្ឋ​ម៉ាលី​ដែល​ហៅ​កាត់​ថា MINUSMA​ ដែល​បោះ​ជំរុំ​បណ្តោះអាសន្ន​នៅ​តំបន់ ​Indelimane ស្ថិត​ក្នុង​ចម្ងាយ​១១០​ គ​.​ម ពី​តំបន់ ​Asongo ​បាន​រង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម។

កងកម្លាំង​យោធា​មួក​ខៀវ​ប្រទេស​នីហ្សេរីយ៉ា​ចំនួន​ ២​រូប​បាន​ស្លាប់​នៅ​នឹង​កន្លែង ​និង​​កម្លាំងយោធា​មួក​ខៀវ​១៥​រូប​ផ្សេងទៀត​រង​របួស​។​ ដោយឡែក​កងកម្លាំង​ម៉ាលី ១​រូប​ស្លាប់​ និង​មួយ​រូប​ទៀត​រង​របួស​។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​សំណាក់​កងកម្លាំង​មួក​ខៀវ​កម្ពុជា ប្រចាំ​នៅ​តំបន់​បេសកកម្ម​សាធារណរដ្ឋ​ម៉ាលី។

ចំណែក​លោក​អនុសេនីយ៍ឯក មុំ រិទ្ធី ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​របស់​កងកម្លាំង​អាល្លឺម៉ង់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កម្រិត​២ របស់​កង​យោធា​មួក​ខៀវ​ចិន ប្រចាំ​នៅ​តំបន់ Gao ។

​ប្រវត្តិ​រូប​បាន​បញ្ជាក់​ថា ​លោក​អនុសេនីយ៍ឯក មុំ រិទ្ធី ជា​នាយទាហាន​ក្នុង​កង​ឯកភាព​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព កើត​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​១៩៨២ ។ ស្រុក​កំណើត​ផ្ទះ​ស្លា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។ ទី​លំនៅ​បច្ចុប្បន្ន នៅ​ផ្ទះ​ស្លា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់៕​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay