បុរសម្នាក់ឈ្នះឆ្នោតរង្វាន់ធំជាង១៦លានដុល្លារ ព្រោះតែចាយមិនគិតត្រូវជំពាក់គេ១លានដុល្លារវិញ

លោក William Post ជាបុគ្គលសំណាងម្នាក់ដែលបានឈ្នះរង្វាន់ធំ ”ជែកផត” យ៉ាងច្រើនមហាសាលរហូតដល់ទៅ ១៦.២លានដុល្លារអាមេរិក នៅទីក្រុងផេនស៊ីលវេនៀ ប៉ុន្តែបច្ចុប្បន្ន លោកធ្លាក់ខ្លួនក្ររហូតជំពាក់លុយគេ១លានដុល្លារអាមេរិក និងត្រូវរស់ដោយសារការឧបត្ថមពីរដ្ឋបន្តិចបន្តួចប៉ុណ្ណោះ។ តើដំណើរជីវិតមានឧបសគ្គបែបណា រហូតធ្វើឲ្យជីវិតគាត់ផ្លាស់ប្តូរខុសគ្នាដូចមេឃ និងដីបែបនេះ?

លោក William Post ជាបុគ្គលដែលឈ្នះរង្វាន់ធំ

លោក William Post ជាជនជាតិអាមេរិក រស់នៅរដ្ឋ ផេនស៊ីលវេនៀ សហរដ្ឋអាមេរិក គឺជាបុគ្គលម្នាក់ដែលមានសំណាងឈ្នះមហារង្វាន់ធំ Jackpot  ប្រចាំរដ្ឋដែលគាត់រស់នៅ រហូតដល់ ១៦.២លានដុល្លារអាមេរិក។ នៅថ្ងៃដែលលោក William ឈ្នះរង្វាន់ធំ ១៦.២លានដុល្លារ គាត់មានលុយសល់តែ ២.៤៦ដុល្លារ នៅជាប់ខ្លួនប៉ុណ្ណោះ។

បន្ទាប់ពីបើករង្វាន់ភ្លាម ត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះ លោកចំណាយអស់ ៣០០,០០០ដុល្លារ ដើម្បីទិញកាដូរសម្រាប់ញាតិមិត្ត មិត្តភ័ក្រ និងរៀបចំពិធីជប់លៀងអបអរការឈ្នះរង្វាន់ធំ។ មិនតែប៉ុណ្ណោះ លោក William បានទិញទីតាំងចំណតឯកជន យន្តហោះខ្នាតតូចផ្ទាល់ខ្លួន ដែលត្រឹមតែរយៈពេល ៣ខែប៉ុណ្ណោះ គាត់បានចាយលុយអស់ ៥០០,០០០ដុល្លារ និងឆ្នាំបន្ទាប់អស់ ៣៩៥,០០០ដុល្លារ។  លើសពីនេះទៅទៀត សាច់ញាតិ្តរបស់លោកបានបង្ខំគាត់ឲ្យធ្វើការវិនិយោគទៅលើ វិស័យរថយន្ត និងភោជណីដ្ឋានទាំងគាត់គ្មានចំណេះដឹង និងបទពិសោធន៍ផ្នែកនោះផង។

ក្រោយមកធុរកិច្ចទាំងពីរដែលលោក ត្រូវសាច់ញាត្តិបង្ខំឲ្យវិនិយោគនោះ ត្រូវខាតឡុងចុងយ៉ាងដុនដាប ហើយធ្វើឲ្យគាត់ខាតបង់ប្រាក់ស្ទើរតែទាំងអស់ ហើយថែមទាំងបំផ្លាញ់សម្ព័ន្ធភាពក្នុងក្រុមគ្រួសាររបស់គាត់ទៀតផង។

តាមពិតទៅ សន្លឹកឆ្នោតដែលលោក William ត្រូវរង្វាន់ធំនោះ គឺបានមកពីការបញ្ចំាចិញ្ចៀនមួយវងតម្លៃ៤០ដុល្លារ ដែលលោកបានខ្ចីពីស្រ្តីម្ចាស់ផ្ទះដែលគាត់ជួលស្នាក់នៅ ដែលក្រោយមក ស្រ្តីរូបនោះបានក្លាយជាមិត្តស្រីរបស់គាត់ ហើយក៏ជាអ្នកដែលដាក់ពាក់បណ្តឹងទៅតុលាការ ដើម្បីទារចំណែកមួយភាគនៃប្រាក់រង្វាន់ពីលោក ហើយស្រ្តីនោះក៏បានឈ្នះក្តី ផងដែរ។

លើសពីនេះទៅទៀត ប្អូនប្រុសនិងភរិយាទី៦របស់គាត់ បានព្យាយាមប៉ុនប៉ងរៀបគម្រោងសម្លាប់គាត់ដើម្បីទទួលបានកេរ្តិ៍មរតក ប៉ុន្តែជាសំណាងល្អ គម្រោងមិនបានសម្រេច ហើយពួកគេក៏ត្រូវបានចាប់ខ្លួន។

ជីវិតរបស់លោក William បានធ្លាក់ដុនដាបយ៉ាងខ្លាំង រហូតដល់ថ្នាក់ជាប់ពន្ធធនាគារពីបទប្រើប្រាស់អាវុធ បាញ់គំរាមបុគ្គលិកដែលមកទារបំណុល ថ្លៃជំពាក់ប្រាក់ខែរបស់ពួកគេទៀតផង។ ត្រឹមតែរយៈពេល ជាង១ឆ្នាំប៉ុណ្ណោះ គាត់ធ្លាក់ខ្លួនដុនដាបពីមនុស្សដែលមានប្រាក់ច្រើនមហាសាល ធ្លាក់មកជាប់បំណុលដល់ទៅ១លានដុល្លារទៅវិញ។

គាត់បានទទួលថា លោកជាមនុស្សទាំងល្ងង់ ទាំងធ្វេសប្រហែសដែលលង់ជឿមនុស្សនៅជុំវិញខ្លួនដោយមិនគិតពិចារណា។ បន្ទាប់ពីលោកធ្លាក់ខ្លួនដុនដាប អស់លុយពីខ្លួន លោករស់នៅដោយសារការឧបត្តម្ភពីរដ្ឋបន្តិចបន្តួចប៉ុណ្ណោះ។ លោក William បាននិយាយថា៖ លោកមានអារម្មណ៍ សប្បាយ និងស្ងប់សុខ ជាងពេលដែលលោកមានលុយច្រើន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

error: Content is protected !!