អបអរសាទរ! កម្ពុជា ឈ្នះ​មេដាយ​មាស៣ និងជាប់លេខ១ ក្នុង​ការ​ប្រកួត ICT អាស៊ាន ឆ្នាំ២០១៧

ការ​ប្រកួតប្រជែង​ដណ្តើម​ពាន​រ​ង្វាន់ ICT អាស៊ាន​ ​ឆ្នាំ ២០១៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្រុម​តំណាង​កម្ពុជា​ ៣ ក្រុម​បាន​ទទួល​បាន​មេដាយ​មាស។ ការ​ប្រកួត​យក​ពាន​រ​ង្វាន់​ឆ្នាំ​នេះ ត្រូវ​បាន​រៀបចំឡើង​នៅ​ខេត្ត​សៀមរាប ដោយ​មាន​វិទ្យា​សា្ថន​ជាតិ NIPTICT នា​ថ្ងៃ​ទី​២៩ ដល់ ៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។​

ជាល​ទ្ធ​ផល ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០​ ​ស្មើនឹង ១១៣ ក្រុមហ៊ុន/ស្ថាប័ន ដែល​បាន​ចូលរួម​ប្រកួត មាន​តែ​ប្រទេស​ចំនួន​៦​ប៉ុណ្ណោះ​ដែលបាន​ទទួល​មេដាយ​គឺ​៖​

​ទី​១) ប្រទេស​កម្ពុជា​ ​ទទួលបាន​មេដាយមាស ចំនួន​៣

​ទី​២) ប្រទេស​ថៃ​ ​ ​ទទួលបាន​មេដាយមាស ចំនួន​១, មេដាយ​ប្រាក់ ចំនួន​២, មេដាយ​សំរិទ្ធ ចំនួន​៤​

​ទី​៣) ប្រទេសសឹង្ហ​បុរី​ ​ទទួលបាន​មេដាយមាស ចំនួន​១, មេដាយ​ប្រាក់ ចំនួន​១​

​ទី​៤) ប្រទេស​ឥណ្ឌូនេស៊ី​ ​ទទួលបាន​មេដាយមាស ចំនួន​១​

​ទី​៥) ប្រទេសវៀតណាម​ ​ទទួលបាន​មេដាយ​ប្រាក់ ចំនួន​២, មេដាយ​សំរិទ្ធ ចំនួន​១​

​ទី​៦) ប្រទេស​ឡាវ​ ​ទទួលបាន​មេដាយ​ប្រាក់ ចំនួន​១, មេដាយ​សំរិទ្ធ ចំនួន​១​

​ក្រុម​កម្ពុជា​ដែល​ទទួល​បាន​មេដាយ​មាស ​រួមមាន​៖ ក្រុមហ៊ុន Camtasia Technology ដោយ​យក​សេវា​កក់​សំបុត្រ​ឡានក្រុង​តាម​ប្រ​ព័​ន្ធ​អ៊ីនធឺណិត “BookMeBus” មក​ប្រកួត​, អង្គការ Open Institute ជាមួយ​នឹង​សេវា រក​ការងារ​ធ្វើ​តាម​ប្រព័ន្ធ​ទូរ​សព្ទ “​បង​ភក្ត្រ​” និង ក្រុមហ៊ុន Codingate ជា​មួយ​នឹង​កម្មវិធី​ទូរ​ស័​ព្ទ​ឆ្លាត​វៃ​បម្រើ​សេវា​សុខភាព Sokhakrom​។

​ ​ 

គួរ​រំឭក​ថា កម្ពុជា​បាន​ចាប់ផ្តើម​ចូលរួម​ការ​ប្រកួត​នេះ​ជា​រៀង​រាល់​ឆ្នាំ​ និង​តែងតែ​ទទួល​បាន​មេដាយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ ដោយ​ទទួល​បាន​មេដាយ​មាស​១​គ្រឿង​ក្នុង​ឆ្នាំ​២០១៤ និង​១​គ្រឿង​ទៀត​ក្នុង​ឆ្នាំ​២០១៥​។ ដោយឡែក​នៅ​ឆ្នាំ​២០១៦ កម្ពុជា​ដណ្តើម​បាន​មេដាយ​ប្រាក់​១ គ្រឿង និង​មេដាយ​សំរឹទ្ធ​១​គ្រឿង​។

ការ​ប្រកួតប្រជែង​ដណ្តើម​ពាន​រ​ង្វាន់ ICT អាស៊ាន គឺជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន​ ក្នុង​គោល​បំណង​លើកកម្ពស់​ការ​អភិ​វ​ឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍​និង​និង​ព័ត៌មាន ព្រមទាំង​ជំរុញ​ការ​ច្នៃ​ប្រឌិតនិ​ង​នវានុវត្តន៍ តាម​រយៈ​ការ​ទទួលស្គាល់​នូវ​ស្នាដៃ​របស់​ក្រុមហ៊ុន ICT ដែល​ឆ្នើម​បំផុត​នៅ​ទូទាំង​តំបន់​អាស៊ាន​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay