ប្រវត្តិលោកតា វណ្ណ មូលីវណ្ណ

លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ (Vann Molyvann) គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ ប្រទេសកម្ពុជា។ លោកបានរួចចំនែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម នៅពេលដែលវប្បធម៌ខ្មែរមាន​ការរីកចំរើន​ក្រោមព្រះរាជកិច្ចដឹកនាំ​របស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។

លោកតាកើតនៅថ្ងៃទី ២៣ ខែ​វិច្ឆិកា ឆ្នាំ​១៩២៦ ទីកន្លែងកំនើតនៅ​ស្រុក​រាម​ (​ជំនាន់​នោះ​) ក្នុង​ខេត្ត​កំពត​ លោកតាមានកូនប្រុស​ ៣​ នាក់ និង​កូនស្រី ​៣ ​នាក់​ តែកូនប្រុស​ស្រី​ចំនួន​ ៥​ នាក់ កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​បារាំង ខណៈ​កូនស្រីពៅ កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយលោកបានទទួលមរណៈភាពនៅថ្ងៃទី ២៨​ ខែកញ្ញា ឆ្នាំ២០១៧។

ប្រវត្តិការសិក្សា

  • ១៩៤៤ បាន​ទទួល​សញ្ញាបត្រ​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ
  • ១៩៤៦​ បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​ផ្នែក​ច្បាប់​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បន្ទាប់ពី​សិក្សា​នៅ​ទីនោះ​ រយៈពេល​មួយ​ឆ្នាំ លោក​បាន​ប្ដូរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស​។ បន្ទាប់មកលោកតាបានបន្ត​សិក្សា​នៅ Arretche studio ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ជាមួយ​នឹង​ចំណេះដឹង និង​ទេពកោសល្យ​ដែល​មាន​ការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។

ការត្រឡប់មកកម្ពុជា និងការរត់ភៀសខ្លួន

  • នៅឆ្នាំ ១៩៥៥ និង ១៩៩១ ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​
  • នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណ និងគ្រួសារបានភៀសខ្លួនទៅរស់នៅ​ប្រទេសស្វីស

ប្រវត្តិការងារ

  • ១៩៥៦ ជា​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា​១៩៦៥-១៩៦៧ ជា​ព្រឹទ្ធបុរស​ទី​១​នៃ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ហើយនៅឆ្នាំ ១៩៩៣ ជាទីប្រឹក្សា​របស់​រាជរដ្ឋាភិបាល​។​ លោកធ្វើការអោយ UN Human Settlements Program រយៈពេល ១០ឆ្នាំ ហើយលោកតាបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និង សំនង់។ នៅឆ្នាំ ២០០២ ធ្វើជាប្រធាន​អាជ្ញាធរ​អប្សរា និងធ្វើជា​ឧត្តមទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សីហនុ។

ស្នាដៃដែលបានកសាង

  • ១៩៥០-១៩៦០ វិមានរដ្ឋចំការ​មន
  • ១៩៥៨ វិមានឯករាជ្យ
  • ១៩៦១ សាលតាំងពិពណ៌សង្គមរាស្រ្តនិយម
  • ១៩៦១ សាល​សន្និសីទចតុមុខ
  • ១៩៦៣ ផ្ទះល្វែងនៅអូឡាំពិក
  • ១៩៦៤ ពហុកីឡាដ្ឋានជាតិអូឡាំពិក
  • ១៩៦៥ សំណង់ “ផ្ទះ១០០”
  • ១៩៦៦ វិមានរដ្ឋ (ឥលូវជាវិមានព្រឹទ្ធសភា)
  • ១៩៦៨ សាល​មហោស្រព​ជាតិព្រះសុរាម្រឹត
  • ១៩៧២ មហាវិទ្យាល័យបណ្តុះបណ្តាលគ្រូ (ឥឡូវជាវិទ្យាស្ថាន​ភាសា​បរទេស​)
  • ១៩៦៨  ក្រុមហ៊ុនស្រាបៀរ SKD និងលំនៅដ្ឋានរបស់បុគ្គលិក ខេត្តព្រះសីហនុ
  • ១៩៦៨ ធនាគារជាតិកម្ពុជា និងលំនៅដ្ឋានរបស់បុគ្គលិក ខេត្តព្រះសីហនុ

រង្វាន់និងកិត្តិយស

  • ១៩៩៦ រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc. កម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់​ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ក្នុង៣វិស័យ៖ ការអភិវឌ្ឍន៍តំបន់, វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្ដន៍សង្គម, និងផ្នែក​វប្បធម៌
  • ២០១៣ លោកតាបានឈ្នះវង្វាន់នីក្កេអាស៊ី ខាងផ្នែកវប្បធម៌៕

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia, postkhmer

Leave a Reply

Your email address will not be published. Required fields are marked *