ប្រវត្តិសម្តេច ជួន ណាត ដែលជាអ្នកបង្កើតវចនានុក្រុមខែ្មរ និងជាបណ្ឌិតអក្សរសាស្រ្តខ្មែរ

សម្តេចព្រះ​មហាសុមេធាធិបតី​ជួន ណាត ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​ រោច ខែ​ផល្គុន ពុទ្ធសករាជ ២៤២៧ គឺ​ថ្ងៃ​ទី​ ១១ ខែមីនា ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំ​រៀង សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ព្រះ​បិតា​នាម​ជួន ព្រះ​មាតា​នាម  យក់ ។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​គត់​គឺ​សម្តេច និង​ឧក​ញ៉ាសោ​ភ​ណ​មន្ត្រី​ ជួន នុ​ត ។ សម្តេច ជួត ណាត បានសុគត នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ដោយជរាពាធ។

ប្រវត្តិការសិក្សា៖

  • កាល​នៅ​​កុមារ​បាន​សិក្សា​អក្សរ និង​លេខ​ដរាប​ដល់​ជន្មាយុ​ ១៤​ ឆ្នាំ បាន​បួស​ជា​សាមណេរ នៅខែ ឧសភា ឆ្នាំ ១៨៩៧ បន្ទាប់មកបានបួសជាសាមណេរនៅវត្តពោធិព្រឹក្ស (​ហៅ​វត្ត​ពោល្យំ​) សង្កាត់​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ បួស​ជា​សាមណេរ​បាន​ពីរ​ឆ្នាំ សម្តេច​បាន​ចូល​សិក្សា​ព្រះ​បរិយត្តិ​ធម៌​នៅ​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ​ជន្មាយុ​គ្រប់​ ២១​ ឆ្នាំ បាន​ទៅ​សូម​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ខែមិថុនា ឆ្នាំ១៩០៤។ សម្តេចចេះភាសាបាលី ដោយ​​អាច​អានសំនៀង ​លង្កា ភូមា មន សៀម និង​លាវ ចំនែកឯអក្សរ និង​ភាសា សម្តេចចេះភាសាសៀម​-​លាវ យ៉ាង​ជាក់លាក់ និង​ភាសា​បារាំង​ល្មម​ប្រាស្រ័យ​ការ​បាន រួមជាមួយនឹងភាសា​អង់គ្លេស​ និង​ភាសា​វៀតណាម​។
  • ១៩១៣ បាន​ចូល​ប្រឡង​ដេញប្រយោគ​ក្នុង​ព្រះ​ឧបោសថរតនារាម (​វិហារ​ព្រះ​កែវ​មរកត​) ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ​បាន​ ៤​ ប្រយោគ ដែល​ជា​ប្រយោគ​ជាន់ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ
  • ១៩១៥ ​បាន​ប្រឡង​ជាប់​លេខ​ ២ បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់ខ្ពស់

ឪពុកម្តាយសម្តេច ជួន ណាត

ប្រវត្តិការងារ៖

  • ១៩១៩ សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ​កាន់​កិច្ចការ​ផ្ទាល់
  • ១៩២៥ សម្តេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សេចក្តី​ខុស​ត្រូវ​នៃ​សៀវភៅ​នានា​ដែល​សាលា​បាលី​ជាន់ខ្ពស់​បោះពុម្ពផ្សាយ
  • ១៩២៦ ជា​មេ​ប្រយោគ​ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនបត្រ​បឋម​សិក្សា​ខ្មែរ និង​សញ្ញាបត្រ​បឋម​សិក្សា​ជាន់ខ្ពស់​បារាំង​-​ខ្មែរ នៅ​ក្រុងភ្នំពេញ
  • ១៩២៧ ​ជា​សមាជិក​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​វចនានុក្រម​ខ្មែរ ហើយបាន​ទទួល​ធ្វើ​វចនា​នុ​ក្រុម​តែ​មួយ​ព្រះ​អង្គ​ឯង​ដរាប​ដល់​បាន​ចប់​សព្វគ្រប់ បាន​បោះពុម្ពផ្សាយ​ទាំង​ភាគ​ ១ និង​ភាគ ​២
  • ១៩២៧ ជា​សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្តាច់​ឆ្នាំ​សម្រាប់​ព្រះរាជ​បណ្ណាល័យ​កម្ពុជា
  • ១៩៣០ ជា​ចាងហ្វាង​រង​នៃ​សាលា​បាលី​ជាន់ខ្ពស់​ក្រុងភ្នំពេញ
  • ១៩៣០ ​ជា​សមាជិក​ជំនួយ​នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​
  • ១៩៣២ ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យពេចន៍​ក្នុង​ផ្ទៃ​នៃ​កវីនិពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំងនេះ​ទៅ​ក្នុង​វចនានុក្រម​ខ្មែរ
  • ​១៩៣៣ ​​ជា​សមាជិ​ក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សាធិការ​ជាតិ​បោះពុម្ពផ្សាយ
  • ១៩៣៤ ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ
  • ១៩៣៥ ​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសាបាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទីបំផុត​នៃ​មធ្យមសិក្សា​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្រុងភ្នំពេញ
  • ១៩៤២ ជា​ចាងហ្វាង​នៃ​សាលា​បាលី​ជាន់ខ្ពស់ ក្រុងភ្នំពេញ (​ពុទ្ធិកវិទ្យាល័យ ព្រះ​សុរា​ម្រឹត​)
  • ១៩៤៤ ​ជា​ចៅអធិការ​វត្ត​ឧណ្ណាលោម
  • ១៩៤៥ ​ជា​អធិបតី​នៃ​ថេរ​សភា​គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​ព្រះសង្ឃ
  • ១៩៤៧ ​ជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌ ផ្នែក​អក្សរ (​ក​) នៃ​គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា
  • ១៩៤៨ ​ជា​ប្រធាន​នៃ​គណៈកម្មការ​ធម្ម​វិន័យ ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្ម​វិន័យ ក្នុង​ព្រះរាជាណាចក្រ
  • ១៩៦១ រហូត​មក សម្តេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ ធ្វើ​ជា​ប្រធាន​នៃ​ការ​សម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​សំឡេង​វិទ្យុជាតិ​រាល់ថ្ងៃ​សុក្រ
  • ១៩៦៨ ទ្រង់​ទទួល​ព្រះ​ឋានៈ​ជា​ព្រះប្រធាន​នៃ​គណៈកម្មការ​ពិនិត្យ​ស្នាដៃ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ
  • ១៩៦៩ជា​ព្រះប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ 
  • ១៩៦៩ ​ជា​ព្រះប្រធានគណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ

កិច្ចការក្រៅប្រទេសពុទ្ធសាសនា៖

  • ១៩៣១ ​ដឹកនាំ​គណៈប្រតិភូ​នៃ​មន្ត្រី​សង្ឃ​ទៅ​កាន់​ក្រុង​វៀងចន្ទន៍ និង​ក្រុង​ហ្លួងព្រះបាង ដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ​ផង ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​ នៅ​ប្រទេស​លាវ​
  • ១៩៣៣ ​ដឹកនាំ​គណៈប្រតិភូ​ព្រះសង្ឃ​ខ្មែរ ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ក្នុង​ដែន​កូសាំងស៊ីន ប្រទេស​វៀតណាម​ខាងត្បូង
  • ​១៩៣៩ ​ដឹកនាំ​គណៈប្រតិភូ​មួយ​ ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ​នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​ ដើម្បី​ជួយ​រំលឹក​ដាស់តឿន​ប្រជាជាតិ​លាវ​នៅ​ក្នុង​ទីប្រជុំជន ក្នុង​ខេត្ត​នានា​ ​ឱ្យ​ខំប្រឹង​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រង់​តាម​គន្លង​ព្រះពុទ្ធ​សាសនា​ផង ប្រទេសលាវ
  • ១៩៤៣ ​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំងសែស​នៅ​ចុង​បូពា​ប្រទេស និង ឆ្នាំ​១៩៤៨ សម្តេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​រៀង​មក
  • ១៩៥០ ​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​ប្រជុំ​សន្និសីទ​អន្តរជាតិ ដើម្បី​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក នៅ​ក្រុង​កោ​ល​ម្បូ​លង្កាទ្វីប
  • ១៩៥៣ ​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​បំពេញបេសកកម្ម​សុច្ឆន្ទៈ ប្រឹក្សា​សម្រេច​រឿង​ធ្វើ​ឆ​ដ្ឋ​សង្គាយនា នៅ​ក្រុង​រ៉​ង់​ហ្គូ​ន សហភាព​ភូមា
  • ១៩៥៤ ​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​ចូលរួម​ប្រជុំ​ធ្វើ​ឆ​ដ្ឋ​សង្គាយនា​សម័យប្រជុំ​ដំបូង ក្រុង​រ៉​ង់​ហ្គូ​ន​ប្រទេស​ភូមា​
  • ១៩៥៥ ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ធ្វើ​ឆ​ដ្ឋ​សង្គាយនា ក្រុង​រ៉​ង់​ហ្គូ​ន​ប្រទេស​ភូមា​ ដើម្បី​ប្រជុំ ហើយ​បិទ​ពេល​ប្រជុំ​ប្រចាំឆ្នាំ
  • ១៩៥៩ ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ហ្សា​ការ​តា និង​ក្រុង​សឺ​ម៉ារុំាង កោះ​ជ្វា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​រួបរួម​ក្នុង​ពិធីបុណ្យ​វិសាខបូជា និង​ពិធី​បញ្ចុះ​ខណ្ឌសីមា

វត្តឧណ្ណាលោមដែលសម្តេច ជួន ណាត គង់នៅ

សមណសក្តិ៖

  • ១៩១០ ជា​ព្រះ​បាឡាត់​សាក្យ​បុ​ត្តឹ​យ៍ (​បាឡាត់​របស់​ព្រះ​សាក្យវង្ស នុ​ត វត្ត​ឧណ្ណាលោម​)
  • ១៩១២ ​ជា​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា (​ទី​ឋានានុក្រម​សម្រាប់​ឯក​របស់​សម្តេចព្រះ​មហាសង្ឃរាជ​ព្រះ​នាម​ទៀង​)​
  • ១៩៣១ ជា​ព្រះ​សាសន​សោភ័ណ (​រាជាគណៈ​កិត្តិយស​)
  • ១៩៤០ ជា​ព្រះ​ពុទ្ធឃោសាចារ្យ (​រាជាគណៈ​ថ្នាក់​ទោ​)
  • ១៩៤៤ សម្តេច​បាន​ឡើង​សមណសក្តិ​ជា​ព្រះ​ពោធិវ័ង្ស (​រាជាគណៈ​ថ្នាក់​ឯក​)
  • ១៩៤៨  ​បាន​ឡើង​សមណសក្តិ​ជាន់ខ្ពស់​បំផុត​ជា​ព្រះ​មហាសុមេធាធិបតី សង្ឃនាយក​គណៈមហានិកាយ
  • ១៩៥០ ព្រះករុណា​ជា​អម្ចាស់​ជីវិត ទ្រង់​បាន​ប្រោស​ព្រះ​រាជទាន ព្រះ​ឋានៈ​ជា សម្តេចព្រមហាសុមេធាធិបតី សង្ឃនាយក​គណៈមហានិកាយ
  • ១៩៥៤ រដ្ឋាភិបាល​នៃ​សហភាព​ភូមា បាន​ប្រគេន​ព្រះ​ឋានៈ​សម្តេច ជា​ព្រះ​អគ្គមហាបណ្ឌិត​នៃ​សហភាព​ភូមា
  • ១៩៥៧ រដ្ឋាភិបាល​នៃ​សហភាព​ភូមា​បាន​សុំ​ដំឡើង​ព្រះ​ឋានៈ​សម្តេច ជា​ព្រះ​អភិ​ធ​ជ​មា​រដ្ឋ​គរុ នៃ​សហភាព​ភូមា ដែល​ជា​សមណសក្តិ​ដ៏​ខ្ពង់ខ្ពស់​បំផុត​មាន​តែ​មួយ​អង្គ​១៩៦៤ អ្នកនិពន្ធ​ខ្មែរ​ទាំងអស់​បាន​ថ្វាយ​ឋានៈ​ព្រះ​អង្គជា​ព្រះ​អគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ និង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ផង
  • ១៩៦៣ សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​ប្រមុខរដ្ឋ​នៃ​ប្រទេស​កម្ពុជា ទ្រង់​បាន​ប្រោស​ព្រះ​រាជទាន​ប្រគេន​ព្រះ​ឋានៈ​សម្តេច ជា​សម្តេចព្រះសង្ឃរាជ​ថ្នាក់​ទី​១
  • ​២៨ ឧសភា ១៩៦៧ សម្តេចព្រះសង្ឃរាជ ជា​ម្ចាស់​ទ្រង់​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​អក្សរសាស្ត្រ​ពេញ​លក្ខណៈ​ពី​សម្តេចព្រះ​ប្រមុខរដ្ឋ ក្នុង​នាម​នៃ​មហា​វិទ្យា​ល័ យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ​នៃ​ភូមិន្ទ​សាកលវិទ្យាល័យ​

គ្រឿង​ឥស្សរិយយស

  • ១៩១៧ មេដាយ​អស្សរឹទ្ធិ​មុនី​សារា​ភរ​ណ៍
  • ១៩៣២ មេដាយ​អស្សរឹទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា
  • ១៩៣២ មេដាយ​អស្សរឹទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ​
  • ១៩៣៧ មេដាយ​សេនា​នៃ​បណ្ឌិត្យសភា សាធារណរដ្ឋ​បារាំង
  • ១៩៤២ មេដាយ​អស្សរឹទ្ធិ ដឺ​ឡា​ឡេ​ស្យុ​ង ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង
  • ១៩៤៤ មេដាយ​សេនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
  • ១៩៤៨ មេដាយ​សេនា​ដឺ​ឡា​ឡេ​ស្យុ​ង​ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង​
  • ១៩៤៨ មេដាយ​សេនា​ដឺ​ឡា​ឡេ​ស្យុ​ង​ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង
  • ១៩៦២ មេដាយ​មហា​សិរី​វឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា
  • ១៩៦៣ មេដាយ​មហា​សិរី​វឌ្ឍន៍​សុ​វត្ថា​រា
  • ១៩៦៩ មេដាយ​ជា​តូប​ការ​ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

ស្នា​ព្រះ​ហស្ត​នៃ​សម្តេច

  • ទិញទឹកដី​ជុំវិញ​វត្ត​ចំនួន​ជាង​៣​ហិ​កតា ពង្រីក​ទី​វត្ត​វត្ត​ពោធិព្រឹក្ស ឱ្យ​បាន​ធំ​ទូលាយ​ច្រើន​ជាងមុន
  • បាន​ជួយ​ឧបត្ថម្ភ​លើកថ្នល់​ភ្ជាប់​ពី​ថ្នល់ជាតិ​ចូល​វត្ត​សុរភី និង​វត្ត​ពោធិព្រឹក្ស រួម​ចម្ងាយ​៣​គីឡូម៉ែត្រ ព្រមទាំង​បាន​ឧបត្ថម្ភ​ឱ្យ​ថ្នល់​លំ​នេះ បាន​ចាក់​ក្រួស​បាយក្រៀម
  • បាន​ស្ថាបនា​វិហារ​ពី​បេតុងអារម៉េ ពុទ្ធិកបឋមសិក្សា និង​រៀបចំ​ទី​វត្ត​ទាំងមូល​ 
  • បាន​ស្ថាបនា​ស្ពាន​ធំ​១ តូច​១ សុទ្ធតែ​បេតុងអារម៉េ ឆ្លង​ស្ទឹងតូច រាំង​ព្រំប្រទល់​សង្កាត់​រកា​កោះ និង​សង្កាត់​រលាំង​កែន 
  • ១៩៤៨ បាន​ស្ថាបនា​សាលា​បឋម​សិក្សា​បំពេញវិជ្ជា (​សុរភី​ពោធិព្រឹក្ស​) ៣​ខ្នង ហើយ​ទ្រង់​បាន​ជួយ​ឧបត្ថម្ភ​សាលា​នេះ​រហូត​ដល់​ឡើង​ដល់​ថ្នាក់​ទី​៧​ទំនើប
  • បាន​ស្ថាបនា​ខ្លោងទ្វារ​បេតុងអារម៉េ​១ បាន​ស្ថាបនា​អាវ​ស​ថ​សាលា​ (​សាលាសំណាក់​) ១​ ខ្នង
  • បានឱ្យ​ជីក​ស្រះ​ទំហំ​ ១០០​ ម៉ែត្រ ​៤​ ជ្រុង និងបាន​  ជួ​យ​ឧបត្ថម្ភ​ឱ្យ​ជីក​អណ្តូងយោង​ ១៦​ កន្លែង អណ្តូង​បុក​ប្រើ​ស្នប់​៣​កន្លែង
  • បាន​ស្ថាបនា​គិលានដ្ឋាន​ ១​ ខ្នង ប្រសូត​គ្រឹះ (​មន្ទីរសម្ភព​) ១​ ខ្នង ដោយ​បេតុងអារម៉េ និង​កំពែង​បេតុងអារម៉េ​បណ្តោយ​ ១០០​ ម៉ែត្រ ទទឹង​ ៥២ ​ម៉ែត្រ ព័ទ្ធ​ជុំវិញ​មន្ទីរ​ទាំង ​២​ ខ្នង​នេះ
  • បាន​ស្ថាបនា​អគារ​គ​ព្ពិ​នី​សំណាក់​ក្នុង​កំពែង​
  • បាន​ស្ថាបនា​អគារ​បេតុងអារម៉េ ២ ​ខ្នង សម្រាប់​គិលាន​សមណៈ នៅ​ក្រៅ​កំពែង​
  • បាន​ជាវ​ទី​ដី​ចំនួន​ ៣​ ហិ​កតា​កន្លះ ហើយ​ទ្រង់​សព្វព្រះរាជហឫទ័យ​លះបង់​ទី​ដែល​បានជា​វហើយ​នេះ​ជូន​ទៅ​រាជរដ្ឋាភិបាល ឱ្យ​ស្ថាបនា​អគារ​មណ្ឌល​នីតិកម្ម  (​ប៉ុស្តិ៍​ប៉ូលិស​) និង​មន្ទីរ​រាជ​សហករណ៍
  • បាន​ចាត់ការ​ឱ្យ​លើក​ទំនប់​ទឹក​មួយ​កន្លែង មាន​បណ្តោយ ​៩០០​ ម៉ែត្រ ទទឹង​ ៨០០​ ម៉ែត្រ
  • បានឱ្យ​វេយ្យាវច្ចករ​ដាំ​ដំណាំ​នៅ​លើ​ដី​ជិត​អាស្រម​មនោ​រម្យ ដើម្បី​ជា​ប្រយោជន៍​ដល់​គិលានដ្ឋាន និង​ប្រសូត​គ្រឹះ​នៅ​ក្នុង​អនាគត

សញ្ញាបត្របណ្ឌិតដែលសម្តេច ជួន ណាត ទទួលបាន

ស្នា​ព្រះ​ហស្ត​ខាង​អក្សរសាស្ត្រ​រៀបរៀង​ធ្វើ​ជា​សៀវភៅ

  • ១៩២០ និង ឆ្នាំ ត​ៗ​រៀង​មក នូវវចនានុក្រម​ខ្មែរ​ភាគ​ ១​ និង​ភាគ​ ២ ​
  • ១៩២០ ក​ច្ចាយ​នូ​ប​ត្ថ​ម្តកៈ  (​វេយ្យាករណ៍​បាលី​) មាន ​២​ ភាគ
  • ១៩២៦ ​ហិប​ដិ​ប​ត្តិ
  • ១៩១៧ សាមណេរ​វិន័យ
  • ១៩២៨ បាតិមោក្ខ​សង្ខេប (​សម្រាយ​) កាព្យ​លោកធម៌ បោះពុម្ព​ដំបូង​ក្នុង​ពុទ្ធសករាជ​២៥០០
  • ១៩៥៧ បព្វ​ជ្ជូ​ប​សម្បទា
  • ១៩៣៣ នា​គោ​ប​មា​ទិ​កថា
  • ១៩៤១ សុភមង្គល​គាថា ប​ឋ្យា​វត្ត​៧​គាថា ជា​ភាសាបាលី និង​ប្រែ សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សិរី​សួស្តី ចំពោះ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ
  • អត្ថបទ ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ទស្សនាវដ្តី កម្ពុជសុរិយា របស់​ពុទ្ធ​សាសន​បណ្ឌិត្យ​តាំងពី​ក្នុង​ឆ្នាំ​១៩២៦
  • អត្ថបទ ផ្សេង​ៗ​ក្នុង​ទស្សនាវដ្តី​ពន្លឺ​ពុទ្ធចក្រ​របស់​ពុទ្ធិក​សមាគម មជ្ឈមណ្ឌល​កម្ពុជរដ្ឋ
  • ​ព្រះរាជ​និពន្ធ​បទ “​នគររាជ” សម្រាប់​ភ្លេងជាតិ​ខ្មែរ ព្រះរាជ​និពន្ធ​ពី​ថ្ងៃ​ទី​២០ កក្កដា ១៩៤១ និង​បទសរភញ្ញ ដែល​ទ្រង់​បាន​និពន្ធ​ក្នុង​ឱកាស​បុណ្យ​ពុទ្ធសករាជ​២៥០០៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kohsantepheapdaily

Leave a Reply

Your email address will not be published. Required fields are marked *