មិនធម្មតា! ក្រុមហ៊ុនកុំព្យូទ័រដ៏ល្បីម៉ាក Dell ចាប់ផ្តើមក្រុមហ៊ុនដំបូងដើមទុនតែ ១,០០០ ដុល្លារ ប៉ុណ្ណោះ

លោក Michael Saul Dell ស្ថាបនិកក្រុមហ៊ុន Dell Inc. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាផលិតកុំព្យូទ័រ និងឧបករណ៍ គ្រឿង បន្លាស់របស់កុំព្យូទ័រ ដ៏ល្បីល្បាញនៅលើពិភពលោក បានចាប់ផ្តើមដំណើរការក្រុមហ៊ុននេះដំបូង ដោយប្រើប្រាស់ដើមទុន ប្រមាណតែ​១,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។

ក្រុមហ៊ុន Dell Inc. ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៤ ខណៈពេលដែលលោក Michael Saul Dell មានអាយុទើបតែបាន ១៩ឆ្នាំ និងនៅជានិស្សិតកំពុងសិក្សាថ្នាក់មហាវិទ្យាល័យឆ្នាំទី១ នៅក្នុងទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក។

ឪពុកម្តាយ Michael Dell មានក្តីរំពឹងថា កូនរបស់ពួកគេនឹងក្លាយជាវេជ្ជបណ្ឌិតនៅពេលអនាគត ហើយនេះក៏ជាក្តីស្រមៃ និងជាមូលហេតុដែលពួកគាត់បញ្ចូន Michael Dell ឱ្យទៅសិក្សាថ្នាក់មហាវិទ្យាល័យដែរ ប៉ុន្តែអ្វីដែលពួកគាត់ប្រាថ្នាចង់ ឃើញគឺមិនដូចការគ្រោងទុកនោះទេ។​

Michael Dell មានការជាប់ចិត្តជាមួយនឹងបច្ចេកវិទ្យា ពិសេសកុំព្យូទ័រនេះតែម្តង។ នៅឆ្នាំ ១៩៨០ Michael Dell បានទិញ កុំព្យូទ័រជាលើកដំបូងប្រភេទ the Apple II នឹងបានធ្វើការដោះរើសចេញពីគ្នាជាផ្នែកៗ ហើយរូបគេបានកត់សម្គាល់ឃើញថា គេនឹងអាចរកចំណូលពីការលក់បំណែកនេះនាពេលខាងមុខ។

ដោយអោបជាប់គោលដៅដែលបានកំណត់តាំងពីអាយុ ១៨ឆ្នាំ នៅពេលឈានចូលដល់អាយុ ១៩ឆ្នាំ រូបគេសម្រេចខ្ចីលុយពី ឪពុកម្តាយចំនួន ១,០០០ដុល្លារអាមេរិក ដើម្បីដំណើរការអាជីវកម្មលក់គ្រឿងបង្គុំ និងគ្រឿងបន្លាស់កុំព្យូទ័រ ដែលក្រោយមក បានប្រែក្លាយជាក្រុមហ៊ុន Dell Inc.។

ក្រុមហ៊ុននេះចាប់ផ្តើមទទួលបានជោគជ័យជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស ២ទស្សវត្សរ៍ក្រោយមក ក្រុមហ៊ុននេះមានបុគ្គលិក បម្រើការងារប្រមាណ ៤,៧០០នាក់ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ ៤០ពាន់លានដុល្លារអាមេរិក។

មហាសេដ្ឋី Michael Dell បានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកប្រឹងប្រែងដើរឆ្ពោះទៅមុខ ដើម្បីសម្រេចក្តីស្រមៃដោយមិន ខ្លាចខ្មាស់គេ នោះអ្នកកំពុងឈានទៅរកជោគជ័យហើយ៕”

 

ដកស្រង់ដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *