Jack Ma: ត្រៀមយុទ្ធសាស្រ្តទាំង៥ចំនុចនេះមុនរកស៊ី អ្នកនឹងក្លាយជាសេដ្ឋីនៅពេលអនាគត

“អ្នកត្រូវត្រៀមខ្លួនលះបង់ បើចង់ក្លាយជាសហគ្រិន”  ជាសម្តីរបស់មហាសេដ្ឋីរាងតូចច្រឡឹង Jack Ma លើកឡើងក្នុងកម្មវិធី the grand final of the Jumpstarter 2017 នៅទីក្រុងហុងកុង។

ឆ្លងតាមបទពិសោធន៍ ១៨ ឆ្នាំក្នុងការធ្វើដំណើរលើវិថីសហគ្រិន និងបានធ្វើឲ្យ Alibaba ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយក្នុងពិភពលោក លោក Jack Ma បានចែករំលែកចិត្តសាស្ត្រ៥ចំណុចសម្រាប់សហគ្រិន។

១) សហគ្រិនពូកែតែងតែមានសុទិដ្ឋិនិយម

លោក Ma លើកឡើងថា បោះចោលគំនិតអវិជ្ជមានពីខ្លួនរបស់អ្នក ហើយជំនួសដោយសុទិដ្ឋិនិយមវិញ ។ សហគ្រិនពូកែ តែងតែគិតវិជ្ជមានចំពោះអនាគត អ្នកត្រូវសួរខ្លួនឯងថា តើអ្នកអាចដោះស្រាយបញ្ហាអ្វីខ្លះ តើអ្នកត្រូវដោះស្រាយបញ្ហាដោយរបៀបណា? លោក Ma បន្ថែមថា អ្នកត្រូវដឹងថា ហេតុអ្វីបានជាខ្លួនឯងអាចធ្វើបានល្អជាងអ្នកដទៃ ចំពោះរឿងដូចគ្នា។

២) គិតថាមនុស្សជុំវិញខ្លួនអ្នកអាចផ្លាស់ប្តូរគ្រប់យ៉ាង

គ្មានអ្នកណាម្នាក់អាចរស់នៅតែម្នាក់ឯងបានទេ ដូចច្នោះអ្នកត្រូវចូលរួមជាមួយអ្នកដទៃដើម្បីជំរុញក្តីសុបិនខ្លួនឯង ។ មហាសេដ្ឋី Ma ពន្យល់ថា “អ្នកត្រូវស្វែងរកក្រុមការងារ ពួកគេជាមនុស្សដែលមានចក្ខុវិស័យដូចគ្នា ពួកគេចូលរួមជាមួយអ្នកមិនមែនដើម្បីការងារទេ តែពួកគេជឿលើក្តីសុបិន ជឿលើបេសកកម្ម ជឿលើចក្ខុវិស័យ” ។ លោក បន្ថែមថា “អ្នកមិនចាំបាច់រកមនុស្សពូកែបំផុតទេ ក្រុមការងារអ្នកជាមនុស្សដែលល្អបំផុតហើយ អ្នកត្រូវបង្វឹកក្រុមការងារ ធ្វើការជាមួយពួកគេ ពួកគេនឹងបង្រៀនអ្នកវិញ”។

៣) ត្រៀមខ្លួនលះបង់

ជោគជ័យមិនមែនកើតឡើងងាយៗទេ មហសេដ្ឋីរូបនេះដាស់តឿនថា “កុំសួរខ្លួនឯងថា អ្នកនឹងទទួលបានអ្វី តែអ្នកត្រូវសួរខ្លួនឯងថា អ្នកនឹងអាចលះបង់អ្វីខ្លះ តើអ្នកអាចឈ្នះនៅ៣ឆ្នាំឬ ១០ ឆ្នាំក្រោយឬទេ? គ្មានអ្វីដែលជោគជ័យលឿនទេ លោក Ma សង្កត់ធ្ងន់ថា “កុំនិយាយថា អ្នកចង់ឈ្នះនៅខែក្រោយ ឬចង់ជោគជ័យនៅឆ្នាំក្រោយ បំភ្លេចចោលទៅ បើអ្នកចង់ជោគជ័យនៅ ៣ ឆ្នាំក្រោយអ្នកត្រូវរៀបចំផែនការសម្រាប់ ៥ ឆ្នាំខាងមុខ”។

៤) កុំផ្តោតលើរឿងដែលកំពុងឆាបឆួល

សហគ្រិនរូបនេះឲ្យដឹងថា ហេតុផលដែល Alibaba ជោគជ័យគឺ អ៊ីធឺណេតមិនទាន់រីកចម្រើនគ្រប់ទីកន្លែង ។ លោក បន្តថា “ពេលនោះគ្មានអ្នកណាជឿលើ E-commerce ទេ ប៉ុន្តែខ្ញុំមិនខ្វល់ពីសម្តីអ្នកដទៃទេ យើងគិតថាវានឹងកើតឡើងនៅថ្ងៃអនាគត យើងគិតថាវាអាចជួយមនុស្ស ដូចច្នោះយើងសម្រេចចិត្តចាប់ផ្តើមវា” ។

លោក បញ្ជាក់ថា “ពេលអ្នកដទៃនិយាយថាអ្នកអាចធ្វើបាន អ្នកនឹងបាត់បង់ឱកាសហើយ ធ្វើអ្វីដែលជារបស់ផ្ទាល់ខ្លួន ត្រូវដឹងថាហេតុអ្វីអ្នកអាចធ្វើខុសពីគេបាន ហេតុអ្វីអ្នកអាចឈរបាន១០ឆ្នាំ ពេលដែលអ្នកដទៃឈរបានតែ១ ឆ្នាំ”។

៥) កុំចាំដល់មានគ្រប់យ៉ាងចាំធ្វើ

លោក Ma ផ្តល់យោបល់ថា “អ្នកគួរចាប់ផ្តើមឲ្យបានលឿន កុំចាំមានគ្រប់យ៉ាងចាំធ្វើ” ។ លោកបញ្ជាក់ថា “កុំចាំមើលបរិយាកាសសង្គម កុំចាំមើលគោលនយោបាយរដ្ឋ ព្រោះពេលអ្នកមានគ្រប់យ៉ាងអ្នកនឹងបាត់បង់ឱកាស”។ លោក Jack Ma បានលើកឧទាហរណ៍ថា បើរដ្ឋាភិបាលនិយាយថា គ្រប់យ៉ាងគឺល្អប្រសើរសម្រាប់អ្នករកស៊ី អ្នកគួរតែប្តូរទៅកន្លែងផ្សេងទៅ ព្រោះអ្នកបានបាត់បង់ឱកាសបាត់ទៅហើយ។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia