មហាសេដ្ឋី Jack Ma សម្រេចបរិច្ចាកប្រាក់រាប់ពាន់លានដុល្លារនៅចិន

នៅក្នុងសិក្ខាសាលាកាលពីថ្ងៃសុក្រសប្តាហ៍មុន មហាសេដ្ឋីមានបំផុតរបស់ចិនគឺ លោក Jack Ma ក្នុងនាមក្រុមហ៊ុន Alibaba បានសម្រេចបរិច្ចាកប្រាក់ចំនួន ១ពាន់៥រយលានដុល្លារអាមេរិក សម្រាប់ជាមូលនិធិជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសចិន សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

ការប្រកាសផ្តល់ការបរិច្ចាកប្រាក់ដ៏ច្រើនបំផុតលើកដំបូងនេះ មហាសេដ្ឋី Jack Ma បានមានប្រសាសន៍ថា ជាគោលនយោបាយរបស់ក្រុមហ៊ុនរយៈពេល៥ឆ្នាំ ក្នុងការចូលរួមចំនែកកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋាភិបាលចិនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ លោក​ Jack Ma បានមានប្រសាសន៍បន្តថា ក្រុមហ៊ុនរបស់លោកនិងលោកមានបានថ្ងៃនេះ ក៏ដោយសារកំណែទម្រង់ដ៏អស្ចារ្យរបស់អ្នកដឹកនាំជំនាន់មុន ជាពិសេសគឺ លោក តេង ស៊ាវពីង ដែលលោកគោរពបំផុត។ កំណែទម្រង់របស់លោកប្រធានាធិបតី តេង ស៊ាវពីង បានផ្តល់ឱកាសឲ្យលោកនិងក្រុមហ៊ុន មានឱកាសពង្រីកខ្លួនពីក្រុមហ៊ុនដ៏តូចមួយក្លាយជា ក្រុមហ៊ុនតម្លៃរាប់ពាន់លានដុល្លារដ៏ធំបំផុតលេខ១នៅចិន និងលេខ២នៅលើពិភពលោក ហេតុនេះហើយវាជាកាតព្វកិច្ចរបស់លោក ដែលដល់ពេលត្រូវតបស្នងទៅមាតុភូមិវិញម្តងហើយ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីរបបដឹកនាំរ​បសលោកប្រធានាធិបតី តេង ស៊ាវពីងមក រដ្ឋាភិបាលចិនបានជួយឲ្យប្រជាជនចិនជាង ៥០០លាននាក់អាចរួចផុតពីភាពក្រីក្រ។ លើសពីនេះទៀត នៅក្នុងរបបដឹកនាំរបស់ប្រធានាធិបតីបច្នុប្បន្នគឺលោក ស៊ី ជីនពីង បានចេញគោលនយោបាយថ្នាក់ជាតិត្រឹមឆ្នាំ២០២០ ធ្វើយ៉ាងណាឲ្យប្រជាជនចិនទាំងអស់លែងរស់នៅក្រោមបន្ទាត់ភាពក្រីក្រទៀតហើយ និងក្លាយជាប្រទេសអភិវឌ្ឍន៍ពេញលេញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia