Alibaba គ្រោងលក់រថយន្ត Ford បើអតិថិជនសម្រេចចិត្តថាទិញ នឹងដឹកទៅដល់មុខផ្ទះភ្លាម

Ford Motor Company រំពឹងថានឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងនាម Alibaba ជាអ្នកលក់រាយទៅកាន់អតិថិជនផ្ទាល់។

Crystal Liu អ្នកនាំពាក្យ Alibaba ឲ្យដឹងថា គម្រោងនេះរំពឹងថា រថយន្តដែលលក់តាមអនឡាញនឹងដឹកឲ្យអ្នកប្រើប្រាស់ដោយសាខាលក់រាយរបស់ Ford ដែលនៅជិតៗនោះ ហើយពួកគេជាអ្នកថែទាំនិងផ្តល់សេវាកម្មជុសជុលដល់អតិថិជន។

ប្រភពដដែលឲ្យដឹងថា អតិថិជនគ្រាន់តែទាក់ទងទៅកាន់សាខាណាមួយដែលនៅជិតខ្លួន ដើម្បីបញ្ជាក់ការទិញឬចង់ទៅបើកបរសាកល្បងក៏បាន បើអតិថិជនសម្រេចចិត្តថាទិញតែម្តង រថយន្តនឹងដឹកទៅដល់មុខផ្ទះអតិថិជនភ្លាម។

ក្រុមហ៊ុន Ford (រូបតំណាង)

តែការទិញតាម Alibaba វាហាក់ខុសប្លែកពីរបៀបទិញតាមធម្មតានៅក្រុមហ៊ុន ដោយតម្រូវឲ្យអតិថិជនមានប្រវត្តិរូបល្អ និងបង់ប្រាក់ ១០% មុន បន្ទាប់មកអតិថិជនអាចបង់រំលោះប្រចាំខែតាមសេវាកម្ម Alipay របស់ក្រុមហ៊ុន Alibaba បើធៀបមកកម្ពុជាថ្វីត្បិតតែមានការបង់រំលោះតែមិនទាន់ងាយស្រួលដូចរបៀបខាងលើនៅឡើយ តាមរបៀបរបស់ Alibaba អតិថិជនមិនបាច់ចេញពីផ្ទះទៅមើលរថយន្តទេ ចង់បានម៉ូដអ្វី ក្រុមហ៊ុននឹងដឹកឲ្យដល់ផ្ទះ ចង់បង់រំលោះក៏មិនបាច់ឈឺក្បាលច្រើន គ្រប់យ៉ាងរៀបចំនៅលើអ៊ីនធឺណេត។

ដែលក្រុមហ៊ុន Ford សម្រេចចិត្តលក់នៅលើ Alibaba នេះ មិនមែនគ្រាន់តែលក់រថយន្តប៉ុណ្ណោះទេ តែអ្នកចែកចាយរថយន្ត Ford ទាំងអស់មានឱកាសពង្រីកការលក់សេវាកម្មថែទាំនិងជុសជុលរថយន្តកាន់តែច្រើននៅលើ Alibaba។

ថ្វីត្បិតតែបច្ចេកវិទ្យារីកចម្រើនមែន ប៉ុន្តែការលក់រថយន្តតាមអនឡាញនៅចិន មានកម្រិតនៅឡើយ ដោយសារអតិថិជនចង់ឃើញរថយន្តដោយផ្ទាល់ភ្នែក មិនខុសពីនៅកម្ពុជាដែលការទិញរថយន្តមួយទឹកតាមអនឡាញត្រូវការឲ្យអតិថិជនទៅមើលផ្ទាល់សិនទើបសម្រេចចិត្តតាមក្រោយ ប៉ុន្តែបើតាមរបៀបលក់របស់ Alibaba ប្រហែលនឹងកែប្រែទម្លាប់ចាស់គម្រិលទាំងអស់នេះ តាមរយៈការផ្តល់ទំនុកចិត្តផលិតផល ឬដោយសារបច្ចេកវិទ្យា VR៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia