បាញ់ទៀតហើយ! បាញ់ប្រហារ​មួយដោយស្លាប់មនុស្ស០៣នាក់ ភាគខាងត្បូង​សហរដ្ឋអាមេរិក

មនុស្ស ០៣នាក់ បានបាត់បង់ជីវិត នៅក្នុងករណីបាញ់ប្រហារ​មួយ ក្នុងទីក្រុងហួស្តុន នៃរដ្ឋតិចសាស់ ភាគខាងត្បូង​សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ​សប្តាហ៍នេះ (ពេលវេលា​នៅ​វ៉ាស៊ីនតោន) ខណៈប៉ូលិសកំពុង​ធ្វើការស៊ើបអង្កេត​នៅតំបន់កើតហេតុ និងតាមចាប់ជនសង្ស័យ ដែលជិះរថយន្តគេចខ្លួន។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។

ប៉ូលិសក្នុងសង្កាត់ Harris នៃទីក្រុងហួស្តុន​បានអះអាងថា ប្រជាជន ០៣នាក់ខាងលើនេះ បានស្លាប់នៅក្នុងការ​បាញ់ប្រហារ ដោយខ្មាន់កាំភ្លើងដែលជិះរថយន្តប្រភេទ Acura ពណ៌ក្រហម ជាស៊េរីចេញ​នៅឆ្នាំ១៩៩៨ និងបានគេចចេញពីកន្លែងកើតហេតុភ្លាមៗ ក្រោយបង្កការ​បាញ់ប្រហារបានសម្រេចផងដែរ។

គួរបញ្ជាក់ថា ករណីបាញ់ប្រហារនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ​បន្ទាប់ពី សិស្សសាលាពីរនាក់ និងខ្មាន់កាំភ្លើងម្នាក់ បានស្លាប់​នៅក្នុងហេតុការណ៍​​បាញ់ប្រហារ កាលពីម៉ោង ៨៖០០នាទីព្រឹក​ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯសាលា​ឈ្មោះ Aztec High School ក្នុងតំបន់ អាសតិច (Aztec​) ដែលស្ថិតនៅ​ចំងាយ ២៩០គីឡូម៉ែត្រ ពីភាគពាយ័ព្យរដ្ឋ New Mexico៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia

error: Content is protected !!